នាយករដ្ឋមន្ត្រី ឱ្យរួមគ្នាទប់ស្កាត់ការទន្ទ្រានដីអនាធិបតេយ្យនៅតំបន់ពាយ័ព្យ
  • ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៣:០៤ នាទី រសៀល
នាយករដ្ឋមន្ត្រី ឱ្យរួមគ្នាទប់ស្កាត់ការទន្ទ្រានដីអនាធិបតេយ្យនៅតំបន់ពាយ័ព្យ
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចូលរូម សម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA CAMBODIA នៅខេត្តពោធិ៍សាត់ ថ្ងៃទី២២មេសា ឆ្នាំ២០២៥។ រូបពី STPM

ភ្នំពេញ៖ សម្ដេច ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រី អំពាវនវាវ ឱ្យរួមគ្នាការពារធនធានធម្មជាតិ ពិសេស គឺការទប់ស្កាត់ការទន្ទ្រានដីខុសច្បាប់​ ពិសេសតំបន់ពាយ័ព្យ ខណៈធនធានទាំងនោះជា សម្បត្តិរួម។

TTN-Free-Banner-In-Article-PC

ថ្លែងនៅក្នុងពិធីសម្ពោធ​ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ​ដំឡើង​គ្រឿង​បង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២មេសា ប្រមុខរដ្ឋាភិបាល លើកឡើងពីការទន្ទ្រានដីធម្មជាតិ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន មានកាន់តែច្រើន ពិសេស ក្នុងខេត្តពោធិ៍សាត់។ ដើម្បីគ្រប់គ្រងបញ្ហានេះ សម្ដេចនាយករដ្ឋមន្ត្រី ចង្អុលបង្ហាញឱ្យ ចុះបញ្ជីកម្មសិទ្ធិដីធ្លីឱ្យច្បាស់ និងបានឆាប់ ព្រមទាំងដោះស្រាយវិវាទដីធ្លីឱ្យបានលឿន។ 

សម្ដេច ហ៊ុន ម៉ាណែត ពន្យល់ពីផលវិបាននៃការមិនអើពើបញ្ហានេះ យ៉ាងដូច្នេះ៖ «ព្រោះកម្មសិទ្ធិដីធ្លី តែអត់ច្បាស់លាស់ គ្មាននរណាទៅវិនិយោគទេ! សម្រាប់តែដាក់ទុនហើយ ទៅដល់ឈឺលក្បាលរឿងហ្នឹង(បញ្ហាដីធ្លី) គឺអត់ទេ! ត្រូវតែគ្រប់គ្រងឱ្យជាប់»។ 

នាយករដ្ឋមន្ត្រី ក៏បញ្ជាឱ្យស្នងការខេត្ត ប្រធានកងរាជអាវុធហត្ថ និងយោធា​ ដែលកំពុងមានវត្តមាននៅចំពោះមុខសម្ដេច ឱ្យយកចិត្តទុកដាក់លើរឿងឧក្រិដ្ឋកម្មផ្សេង ខណៈតំបន់ប៉ែកខាងពាយ័ត្យ និងបស្ចិម ជាតំបន់មានសក្តានុពល ដ៏សម្បូរបែប។ 

សម្ដេច ហ៊ុន ម៉ាណែត មានបំណងកែប្រែតំបន់ពាយ័ព្យ ទៅជាខេត្តមានសក្តានុពលខាងវិស័យឧស្សាហកម្ម កម្មន្តសាល និងទេសចរណ៍។ សម្ដេចបានលើកទឹកចិត្តដល់មន្ត្រីក្នុងខេត្តបែបនេះ៖ «យើងធ្វើយ៉ាងណា ដើម្បីធានាខេត្តរបស់យើង គឺជាខេត្តមួយដែលល្អ គឺខេត្តមួយធ្លាប់ជាអតីតសង្គ្រាម ទៅជាខេត្តមានសក្តានុពលទាំងឧស្សាហកម្ម ទាំងកម្មន្នសាល ទាំងទេសចរណ៍ គ្រប់សក្តានុពល ដើម្បីយើងអភិវឌ្ឍប្រទេសយើង ពិសេសអភិវឌ្ឍខេត្តយើង»។ 

ពាក់ព័ន្ធនឹង ការអភិវឌ្ឍ និងផលប៉ះពាល់ សម្ដេច ទទួលស្គាល់ថា ការអភិវឌ្ឍតែងរងផលប៉ះតិចឬច្រើនតាមទំហំនៃការអភិវឌ្ឍ។ ប៉ុន្តែ ការប៉ះពាល់នេះ ធ្វើឡើងដោយការគ្រប់គ្រងច្បាស់លាស់ ដើម្បីប្រយោជន៍រួមរបស់ពលរដ្ឋ និងសង្គមជាតិ។ សម្ដេចអះអាងបែបនេះ ហើយថា រដ្ឋត្រូវអភិវឌ្ឍ ដោយមានការទទួលខុសត្រូវ គិតគូរពីផលប៉ះពាល់បរិស្ថាន។ 

សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «នេះហើយដែលខ្ញុំថា ការប្រើប្រាស់ធនធានធម្មជាតិ និងការគិតគូរ ដើម្បីកែប្រែធនធានធម្មជាតិដែលដូនតាបន្សល់ឱ្យ ដោយការទទួលខុសត្រូវ ដើម្បីផលប្រយោជន៍កូនដៅជំនាន់ក្រោយ និងទៅអនាគត់ ដើម្បីប្រទេសយើងបានរីកចម្រើនជឿនលឿន ដោយការទទួលខុសត្រូវ។ នេះ គឺការខិតខំប្រឹងប្រែងរបស់យើង។ យើងត្រូវខិតខំទប់ស្កាត់ការបំផ្លាញ ការទន្ទ្រានធនធានធម្មជាតិដោយខុសច្បាប់»។ 

ជាមួយគ្នាដែរ សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងអគុណកម្លាំងប្រដាប់អាវុធក្នុងខេត្ត ដែលកន្លងមកបានបង្ក្រាប និងទប់ស្កាត់ការទន្ទ្រានដីខុសច្បាប់។ សម្តេចនាយករដ្ឋមន្ត្រី ក៏ណែនាំឱ្យពលរដ្ឋ ដែលគ្មានដីពិតប្រាកដ ទៅដាក់ពាក្យស្នើសុំដី តាមគោលការណ៍ ដែលរដ្ឋបានរៀបចំ​ ជៀសវាងទៅទន្ទ្រានដីអនាធិបតេយ្យ៕ 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី