- ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៣:៣៦ នាទី រសៀល

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបន្តបង្កើនសម្ពាធលើប្រធានធនាគារកណ្តាលអាម៉េរិកលោក Jerome Powell ឲ្យទម្លាក់អត្រាការប្រាក់ភ្លាម ដោយសារបារម្ភពីគោលនយោបាយដាក់ពន្ធលើប្រទេសផ្សេងៗរបស់ខ្លួន បណ្តាលឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។ បច្ចុប្បន្ន អត្រាការប្រាក់យោងនៅអាម៉េរិកស្ថិតនៅចន្លោះពី ៤,២៥ភាគរយទៅ ៤,៥ភាគរយ។
នៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី២១ ខែមេសា លោក ដូណាល់ ត្រាំ បានហៅលោក Jerome Powell ថាជា«អ្នកចាញ់ដ៏ធំ» ហើយបានព្រមានថា សេដ្ឋកិច្ចអាម៉េរិកនឹងធ្លាក់ចុះ ប្រសិនបើអត្រាការប្រាក់មិនត្រូវបានកាត់បន្ថយភ្លាមៗ។ លោកបានសរសេរថា «អឺរ៉ុបបានកាត់បន្ថយអត្រាការប្រាក់ ៧ដងរួចហើយ។ លោក Powell តែងតែយឺតពេល»។
ប្រធានាធិបតីអាម៉េរិករូបនេះបន្តថា មនុស្សជាច្រើនកំពុងអំពាវនាវឱ្យមានការកាត់បន្ថយអត្រាការប្រាក់ដោយការប្រុងប្រយ័ត្ន។ លោក ត្រាំ អះអាងថា បច្ចុប្បន្នប្រទេសនេះស្ទើរតែគ្មានអតិផរណា ហើយតម្លៃថាមពល និងផលិតផលផ្សេងទៀតភាគច្រើនកំពុងធ្លាក់ចុះ។
អ្នកវិភាគនិយាយថា លោក ត្រាំ ចង់បញ្ចុះអត្រាការប្រាក់ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃកំណើនសេដ្ឋកិច្ចយឺត។ គោលនយោបាយពន្ធនាំចូលរបស់លោក ត្រូវបានគេរំពឹងថានឹងធ្វើឱ្យតម្លៃទំនិញកើនឡើង និងធ្វើឱ្យពាណិជ្ជកម្មពិភពលោកធ្លាក់ចុះ។
ទោះជាយ៉ាងណា លោក Powell មានការស្ទាក់ស្ទើរក្នុងការកាត់បន្ថយអត្រាការប្រាក់ឆាប់ពេក ដោយខ្លាចមានការកើនឡើងនៃអតិផរណា។ ធនាគារកណ្តាលអាម៉េរិក (Fed) នៅតែតាមដានយ៉ាងយកចិត្តទុកដាក់លើទិន្នន័យសេដ្ឋកិច្ច ដើម្បីវាយតម្លៃពីផលប៉ះពាល់នៃគោលនយោបាយដែលមិនធ្លាប់មានពីមុនមករបស់លោក ត្រាំ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លោក ត្រាំ មានការមិនពេញចិត្តជាមួយប្រធាន Fed គឺលោក Powell ម្តងហើយម្តងទៀត ជាពិសេសបន្ទាប់ពីធនាគារកណ្តាលអឺរ៉ុប (ECB) បានទម្លាក់អត្រាការប្រាក់កាលពីថ្ងៃទី១៧ ខែមេសា។ លោក ត្រាំ បានត្អូញត្អែរថា Fed មិនបានទម្លាក់អត្រាការប្រាក់ដូចដែលលោកចង់បាននោះទេ។ កាលពីឆ្នាំមុន ធនាគារកណ្តាលបានកាត់បន្ថយអត្រាការប្រាក់ចំនួន ៣ដង ហើយបានបញ្ឈប់នៅដើមឆ្នាំនេះ ដើម្បីតាមដានស្ថានភាពអតិផរណាបន្ថែមទៀត។
ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក Kevin Hassett បាននិយាយនៅថ្ងៃទី១៩ ខែមេសា ថា លោកប្រធានាធិបតី ត្រាំ និងជំនួយការរបស់លោក កំពុងសិក្សាថាតើពួកគេអាចបណ្តេញប្រធាន Fed លោក Jerome Powell ដែរឬទេ។ មុននេះ លោក ត្រាំ បានលើកឡើងនៅលើបណ្តាញសង្គម Truth Social ថា ការបញ្ចប់អាណត្តិរបស់លោក Powell មិនអាចកើតឡើងលឿនពេកនោះទេ។
ទោះបីជាអ្នកជំនាញជាច្រើនយល់ថា ប្រធានាធិបតីអាម៉េរិកមិនមានសិទ្ធិបណ្តេញ ប្រធាន Fed ដោយហេតុផលភាពខុសគ្នានៃគោលនយោបាយ ក៏លោក ត្រាំ បានបង្ហាញឆន្ទៈជាយូរមកហើយដើម្បីធ្វើរឿងនេះ។ អាណត្តិរបស់លោក Powell នឹងបញ្ចប់នៅខែឧសភា ឆ្នាំ ២០២៦ ហើយរហូតមកដល់ពេលនេះ ប្រធាន Fed បានបញ្ជាក់ថា លោកនឹងមិនលាលែងពីតំណែងដូចដែលប្រធានាធិបតីចង់បាននោះទេ។
លោក Powell ត្រូវបានតែងតាំងជាប្រធាន Fed ដោយលោកប្រធានាធិបតី ត្រាំ ក្នុងអាណត្តិដំបូងរបស់លោក ហើយបានកាន់តំណែងនេះតាំងពីឆ្នាំ ២០១៨។ ទោះជាយ៉ាងណា ក្រោយមកលោក ត្រាំ មានការមិនពេញចិត្តចំពោះ លោក Powell ដោយសារតែ Fed បន្តដំឡើងអត្រាការប្រាក់។ សារព័ត៌មាន Bloomberg បានលើកឡើងអំឡុងពេល ២០១៨-២០១៩ ថា ប្រធានាធិបតីអាម៉េរិកបានរិះគន់ Fed ជាសាធារណៈជាញឹកញាប់ហើយធ្លាប់ចង់បណ្តេញលោក Powell ផងដែរ។
ថ្មីៗនេះ លោក ត្រាំ សរសេរសារបង្ហោះជារឿយៗអំពី Fed។ ពេលខ្លះលោកបានអំពាវនាវឱ្យមានបន្ទាបអត្រាការប្រាក់ ប៉ុន្តែពេលខ្លះទៀតលោកប្រកាសថានឹងមិនជ្រៀតជ្រែកក្នុងប្រតិបត្តិការរបស់ទីភ្នាក់ងារនោះទេ។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ លោក ត្រាំ ក៏បានជំរុញម្តងហើយម្តងទៀតឱ្យ Fed បន្ថយអត្រាការប្រាក់។ នេះបានបង្កើនការព្រួយបារម្ភអំពីឯករាជ្យភាពរបស់ទីភ្នាក់ងារនេះ ដែលធ្វើឱ្យប្រាក់ដុល្លារបន្តបាត់បង់តម្លៃ។ សន្ទស្សន៍ប្រាក់ដុល្លារអាម៉េរិកធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗនាបច្ចុប្បន្ន បានធ្លាក់ចុះជិត ១ភាគរយ។ នេះជាកម្រិតទាបបំផុតក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
