- ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៤:០៩ នាទី រសៀល

ដោយឃើញប្រទេសឧស្សាហកម្មធំៗ ចាប់ផ្តើមដង្ហែគ្នាទៅចរចា សុំការអនុគ្រោះពន្ធពីរដ្ឋបាលលោកដូណាល់ ត្រាំ ប្រទេសចិន តាមរយៈអ្នកនាំពាក្យរបស់ក្រសួងការបរទេសកាលពីថ្ងៃចន្ទ បានចេញសេចក្តីព្រមាន ដាស់តឿនកុំឲ្យប្រទេសទាំងនោះប្រមាថ សុខចិត្តកាត់បន្ថយទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន ដើម្បីបានទទួលការអនុគ្រោះពន្ធពីរដ្ឋបាលអាមេរិក។ ពាក្យព្រមានរបស់ចិន ធ្វើឡើងនៅខណៈពេល កូរ៉េខាងត្បូងបញ្ជូនរដ្ឋមន្រ្តីពាណិជ្ជកម្មទៅចរចាជាមួយភាគីអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន ចំណែក អនុប្រធានាធិបតីអាមេរិកកំពុងធ្វើដំណើរទស្សនកិច្ចនៅទីក្រុងញូវដេលីនៅថ្ងៃនេះ ដោយផ្តោតលើការចរចាពាណិជ្ជកម្មជាមួយប្រទេសយក្សអាស៊ីមួយនេះ។
បន្ទាប់ពីរដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនធ្វើដំណើរទៅវ៉ាស៊ីនតោនដើម្បីចរចាស្នើសុំឲ្យរដ្ឋបាលអាមេរិកផ្លាស់ប្តូរជំហរ នៅក្នុងរឿងដាក់ពន្ធធ្ងន់ លើទំនិញនាំចូលទៅអាមេរិក ដល់វេនកូរ៉េខាងត្បូងដែលត្រូវបញ្ជូនរដ្ឋមន្រ្តីសំខាន់ពីររូបទៅជួបចរចាទ្វេភាគីជាមួយរដ្ឋបាលលោកដូណាល់ ត្រាំ។ យោងតាមការប្រកាសរបស់ប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូង ហាន ដុកសូ នៅថ្ងៃចន្ទទី២១មេសា រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្ម ឧស្សាហកម្មនឹងធ្វើដំណើរទៅរដ្ឋធានីវ៉ាស៊ីនតោននៅសប្តាហ៍នេះ ដើម្បីបើកចរចា ព្រោះថា ការដំឡើងពន្ធ២៥%របស់រដ្ឋបាលលោកដូណាល់ ត្រាំនឹងប៉ះពាល់ខ្លាំងដល់ឧស្សាហកម្មផលិតរថយន្ត និងសឺមីកុងឌុចទ័រ ដែលកូរ៉េខាងត្បូង ត្រូវនាំចូលទៅទឹកដីអាមេរិក។
បើតាមប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូង ការពិភាក្សារវាងភាគីទាំងពីរនឹងផ្តោតលើជញ្ជីងពាណិជ្ជកម្ម ការសាងសង់កប៉ាល់ និងឧស្ម័នធម្មជាតិរាវ។ នៅខែមីនាមុន ពោលគឺនៅបន្ទាប់ពីប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីគ្រប់ប្រទេស ដោយមិនលើកលែង សូម្បីប្រទេសសម្ព័ន្ធមិត្ត លោកដូណាល់ ត្រាំដែលចង់ប្រើវិធានការដំឡើងពន្ធដើម្បីទាក់ទាញក្រុមហ៊ុនបរទេសឲ្យត្រលប់មកបោះទុនវិនិយោគ និងបង្កើតទីតាំងរោងចក្រនៅទឹកដីអាមេរិក ធ្លាប់បានអះអាងថា ជប៉ុន ហើយនិងកូរ៉េខាងត្បូង បានយល់ព្រមវិនិយោគលើអាជីវកម្មបូមឧស្ម័ននៅរដ្ឋអាឡាស្កា ដែលជាគម្រោងដ៏ធំមហិមា។
ក្រៅជប៉ុន កូរ៉េខាងត្បូង រដ្ឋបាលលោកដូណាល់ ត្រាំបានអួតថា នៅមានប្រទេសជាច្រើនដែលបានបន្តកន្ទុយគ្នាទាក់ទង សុំចរចា ដើម្បីអាចជៀសផុតពីការដំឡើងពន្ធធ្ងន់ ក របស់អាមេរិក។ នៅសប្តាហ៍មុននេះ លោកដូណាល់ ត្រាំបានទទួលនាយករដ្ឋមន្រ្តីអ៊ីតាលី នៅសេតវិមាន។
កាលពីថ្ងៃចន្ទ លោកអនុប្រធានាធិបតីអាមេរិក JD Vance ផ្តើមទស្សនកិច្ចរយៈពេល៤ថ្ងៃនៅប្រទេសឥណ្ឌា ដោយផ្តោតលើទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ គួរដឹងថា អាមេរិកជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ឥណ្ឌា ជាមួយការដោះដូរពាណិជ្ជកម្មក្នុងទំហំទឹកប្រាក់ ១២៩ពាន់លានដុល្លារ នៅឆ្នាំ ២០២៤។ ប៉ុន្តែ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលអាមេរិក អាមេរិកមានអតិរេកពាណិជ្ជកម្មជាមួយឥណ្ឌាដល់ទៅជាង ៤៥ពាន់លានដុល្លារ។ ញូវដេលីសង្ឃឹមយកពេល៩០ថ្ងៃដែលលោកដូណាល់ ត្រាំផ្អាក ព្យួរមិនទាន់អនុវត្តអត្រាពន្ធក្នុងកម្រិតមួយដ៏ខ្ពស់មិនធ្លាប់មាន ដើម្បីបើកការចរចាស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយអាមេរិក នៅក្នុងគោលដៅគេចផុតពីរនាំងពន្ធធ្ងន់របស់អាមេរិក។
ចិនវិញ ដែលប្រកាសធ្វើសង្រ្គាមពាណិជ្ជកម្មរហូត ដល់ទីបញ្ចប់ជាមួយអាមេរិក ជាមួយការដំឡើងពន្ធសងសឹកគ្នាទៅវិញទៅមក ក្នុងកម្រិត ១២៥% បានបរិហាររិះគន់បណ្តាប្រទេសដែលចុះញ៉ម យល់ព្រមតាមការដាក់លក្ខខណ្ឌរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ជាថ្នូរនឹងការបន្ធូរបន្ថយពន្ធរបស់អាមេរិក។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃចន្ទដដែល អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនបានព្រមានពីផលវិបាក ប្រសិនបើប្រទេសទាំងឡាយណា បើកការចរចាជាមួយអាមេរិក រហូតធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន។ ប៉េកាំង បានចោទរដ្ឋបាលអាមេរិកថា ប្រើនយោបាយចរចាទ្វេភាគី ដើម្បីដាក់សម្ពាធឲ្យគេ កាត់បន្ថយការធ្វើជំនួញជាមួយប្រទេសចិន៕
ដោយ៖ ឈាង បុប្ផា (RFI ខេមរភាសា)
