រដ្ឋបាលស្រុកពួក ជំរុញឱ្យ​នគរបាល រកយុត្តិធម៌ដល់ស្ត្រីដែលរងហិង្សានៅផ្ទះអភិបាលរងស្រុក
  • ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៥០ នាទី រសៀល
រដ្ឋបាលស្រុកពួក ជំរុញឱ្យ​នគរបាល រកយុត្តិធម៌ដល់ស្ត្រីដែលរងហិង្សានៅផ្ទះអភិបាលរងស្រុក

ភ្នំពេញ៖ រដ្ឋបាលស្រុកពួក អះអាងថា ករណីហិង្សាលើស្ត្រីម្នាក់ នៅគេហដ្ឋានអភិបាលរងស្រុកពួក អំឡុងពេលកម្មវិធីខួបកំណើត មិនជាប់ពាក់ព័ន្ធជាមួយអភិបាលរងស្រុកពួកឡើយ ហើយស្នើឱ្យមន្ត្រីនគរបាលចាត់វិធានការច្បាប់លើសំណុំរឿងនេះ ឱ្យបានឆាប់។

TTN-Free-Banner-In-Article-PC

យោងតាមសេចក្ដីបំភ្លឺ របស់រដ្ឋបាលស្រុក ចេញថ្ងៃទី២១មេសា ករណីហិង្សាខាងលើ ផ្ដើមចេញពី ទំនាស់ពាក្យសម្ដីរឿងបាត់ស្រា រវាងមន្ត្រីយោធា និងស្ត្រីរងគ្រោះ។ មន្ត្រីយោធានោះ បានចោទស្ត្រី​រងគ្រោះ ថាបានលួចស្រា ហើយក៏ឈានដល់ការប្រើប្រាស់ហិង្សា នៅផ្ទះអភិបាលរងស្រុកពួក អំឡុងពេលកម្មវិធីខួបកំណើតកូន។

ហេតុនេះ រដ្ឋបាលស្រុកពួក ចាត់ទុករឿងនេះ ជាវិវាទបុគ្គល ខណៈពេលកើតហេតុ អភិបាលរងស្រុកក៏មិននៅផ្ទះ។ ចំណែក ស្ត្រីរងគ្រោះ ក៏បានដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នាត។ 

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលស្រុកពួកបានណែនាំបែបនេះ៖ «ជំរុញឱ្យអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នាត បន្តនីតិវិធីករណីនេះ ឱ្យបានលឿនបំផុត»។ 

ជុំវិញករណីស្រាដប ដែលជាដើមចមនៃជម្លោះនោះ រដ្ឋបាលស្រុកពួក បញ្ជាក់ពីតម្លៃ​ប្រមាណ១០ដុល្លារប៉ុណ្ណោះ មិនមែនតម្លៃរាប់ពាន់ដុល្លារនោះទេ៕ 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី