សិល្បករ​​៧នាក់ កំពុងដាក់តាំង​រូបថតជាង៧០ផ្ទាំង​ដែលនិយាយពី​​បញ្ហាសង្គម ​បរិស្ថាន និងគ្រួសារ
  • ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
សិល្បករ​​៧នាក់ កំពុងដាក់តាំង​រូបថតជាង៧០ផ្ទាំង​ដែលនិយាយពី​​បញ្ហាសង្គម ​បរិស្ថាន និងគ្រួសារ
ការពីព័រណ៍រូបថតសិល្បៈ របស់សិល្បករ៧រូប ពីសាលាបណ្ដុះបណ្ដាល ទីលាននិម្មិត។ ពិព័រណ៍ដាក់បង្ហាញនៅសណ្ឋាគារ Treeline Urban Resort ក្រុងសៀមរាប រហូតដល់ថ្ងៃទី០៩ ឧសភា ឆ្នាំ២០២៥៕

សៀមរាប៖ ​រូបថតសិល្បៈប្រមាណ៧០ផ្ទាំង របស់សិល្បករ​៧រូប ដែលជាសិស្សមកពីសាលាបណ្ដុះបណ្ដាលសិល្បៈថតរូប «ទីលាននិម្មិត» ត្រូវបានបង្ហាញជាលើកដំបូង​ ក្នុង«និម្មិត៖ ស្នាដៃដំបូងរបស់សិល្បករទាំង៧ របស់ទីលាននិម្មិត» នៅវិចិត្រសាល Treeline Urban Resort ក្នុងក្រុងសៀមរាប។ ពិព័រណ៍នេះ ​នឹងបន្តរហូតដល់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៥​។ កម្រងស្នាដៃរបស់ សិល្បករទាំង៧ គឺជាការបង្ហាញនូវទស្សនៈទីទៃពីគ្នា មានដូចជា ការរំឭពីការចងចាំ ការអប់រំ បញ្ហាបរិស្ថាន ការលើកទឹក សុខភាព បញ្ហាគ្រួសារ ការកសាងសន្តិភាពដែលពិភពលោក​កំពុងជួបប្រទះ។

TTN-Free-Banner-In-Article-PC

«និម្មិត៖ ស្នាដៃដំបូងរបស់សិល្បករទាំង៧ របស់ទីលាននិម្មិត» ជាពិព័រណ៍រូបថតជាក្រុម លើក​ដំបូងបំផុត ពីសាលាបណ្ដុះបណ្ដាលសិល្បៈថតរូប «ទីលាននិម្មិត» ដែលសាលានេះ ត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០២៣។ កម្រងស្នាដៃសិល្បៈទាំងនោះ បាននាំយកស្នាដៃ​របស់ពួកគេមកបង្ហាញនៅខេត្តសៀមរាប បន្ទាប់ពីបញ្ចប់ការបណ្ដុះបណ្ដាលថ្នាក់មធ្យមសិល្បៈនៃការថតរូបរួចមក។ 

លោក ម៉ក់ រ៉េមីស្សា ស្ថាបនិកទីលាននិម្មិត នាថ្ងៃបើកពិព័រណ៍ «និម្មិត៖ ស្នាដៃដំបូងរបស់សិល្បករទាំង៧របស់ទីលាននិម្មិត» កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។រូបភាព៖ ទីលាននិម្មិត

បទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃបើកសម្ពោធពិព័រណ៍ លោក ម៉ក់ រ៉េមីស្សា ស្ថាបនិកទីលាននិម្មិត លើកឡើងថា ពិព័រណ៍រូបថតជាក្រុមនេះ គឺជាឱកាសសម្រាប់បង្ហាញស្នាដៃរបស់សិល្បករ ដែលចំណាយពេលប្រមាណមួយឆ្នាំចូលរួមវគ្គបណ្ដុះបណ្ដាល នៅទីលាននិម្មិត។ 

លោក ម៉ក់ រ៉េមីស្សា សង្កត់ធ្ងន់ដូច្នេះ៖ «លើកទីមួយហើយពួកគាត់(សិល្បករ) បង្ហាញស្នាដៃសិល្បៈរបស់ខ្លួន ដែលជាលទ្ធផលកើតឡើងពីការរៀនសូត្ររបស់គាត់ នៅក្នុងទីលាននិម្មិតនេះ»។ 

ក្នុងនាមជាអ្នកបណ្តុះបណ្តាល លោក ម៉ក់ រ៉េមីស្សា បានបង្ហាញនូវមោទកភាព នៅពេលដែលបានឃើញអំពីស្នាដៃរបស់សិស្សខ្លួនម្នាក់ៗ ដែលលោកអះអាងថា  ប្រកបដោយសិល្បៈ គួបផ្សំនឹងបច្ចេកទេស និងទស្សនៈផ្ទាល់​ខ្លួន ប្លែកៗពីគ្នា។

ឆ្លងកាត់បទពិសោធថតរូប និងអាជីពជាអ្នកថតសារព័ត៌មានប្រមាណ៣០ឆ្នាំ លោក រ៉េមីស្សា ​ក៏កត់សម្គាល់ដែរថា ការថតរូបក្នុងចំណោមក្រុមយុវជនកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែកង្វះសាលាបណ្ដុះបណ្ដាលជំនាញច្បាស់លាស់​។ ការណ៍នេះ ជាមូលហេតុមួយដែលលោក និងសហការី រួមគ្នា បង្កើត «ទីលាននិម្មិត»ឡើង។ 

លោក រ៉េមីស្សា ​ក៏សង្ឃឹមដែរថា ​ក្រោយពិព័រណ៍រូបថតនេះបញ្ចប់ទៅ សិល្បករទាំងនោះ នឹងបន្តអភិវឌ្ឍន៍ស្នាដៃ ​និងចេញពិព័រណ៍ជាបន្តបន្ទាប់ ហើយលោក ក៏ចង់ឃើញសិល្បករជំនាន់ក្រោយកាន់តែច្រើន បង្ហាញខ្លួន និងមានស្នាដៃកាន់តែល្អជាបន្តបន្ទាប់ទៀត នាពេលអនាគត។ 

ស្នាដៃចំនួន៧ ដែលបានយកមកបង្ហាញរួមមាន រនោចទៅលេងអង្គរ របស់សិល្បករ​ លី សុវណ្ណា, កុំបោះបង់ខ្លួនឯង របស់សិល្បករ​ ផន វាសនា, គ្រួសារទូរស័ព្ទ ស្នាដៃរបស់ កែវ កញ្ញា, ការភាន់ច្រឡំ ស្នាដៃរបស់ លោក កឹម សុវណ្ណា, , អាហារផ្សែង ស្នាដៃ លោក ឆូយ ប៊ុនសុខហេង, រៃ និងស្រមោច ស្នាដៃរបស់ លោក សឿន សាយ័ន្តសន្យា និងទឹកស្លាប់ របស់លោក យូ ប៊ុនចាន់។ 

រនោចទៅលេងអង្គរ ជាកម្រងស្នាដៃដំបូងបំផុតរបស់លោក លី សុវណ្ណា។ 

រនោចទៅលេងអង្គរ (Ranoch Visited Angkor)

រនោចទៅលេងអង្គរ ជាកម្រងស្នាដៃដំបូងបំផុតរបស់លោក លី សុវណ្ណា។ កម្រងស្នាដៃទាំងអស់ជាពណ៌ស-ខ្មៅ ហាក់បីដូចសិល្បករចង់បង្ហាញពីអារម្មណ៍សោកសៅ ឬពេលវេលាដែលងងឹត ឬការបាត់បង់អ្វីមួយមានតម្លៃលើសអ្វីៗទាំងពួងក្នុងពិភពលោកនេះដូច្នោះដែរ។ 

ក្នុងស្នាដៃនេះ លោកបានដាក់បញ្ចូលគ្នានូវរូបថតរបស់ម្ដាយលោក ជាមួយនឹងប្រាសាទខ្លះៗ ក្នុងរមណីយដ្ឋានអង្គរ។ នៅលើផ្ទាំងព័ត៌មានជិតស្នាដៃនោះ លោកបានសរសេររំឭកអ្នកទស្សនាពីការបាត់បង់វត្តមានម្ដាយរបស់ខ្លួន ស្របពេលដែលម្ដាយខ្លួនមិនទាន់សម្រេចក្ដីបំណងប្រាថ្នាទៅលេងរមណីយដ្ឋានអង្គរ។ 

សម្រង់សម្ដីមួយឃ្លារបស់ម្ដាយលោក សុវណ្ណា ធ្វើឱ្យរំជើបរំជួលពន់ពេកដល់អ្នកអាន។

លោករំឭកសម្ដីម្ដាយខ្លួនមុខទទួលមរណភាពក្នុងឆ្នាំ១៩៩២ដូច្នេះ៖ «ខ្ញុំនៅចាំម៉ែធ្លាប់និយាយថា [អង្គរវត្តស្អាតណាស់ មានចម្លាក់ជាច្រើនធ្វើពីថ្មសុទ្ធ មានចម្លាក់ទេពអប្សរាស្អាតៗជាច្រើនផងដែរ។ មួយជីវិតយើងនេះ បើបានទៅមើលអង្គរម្ដងនោះជាបុណ្យខ្ពស់ណាស់]»។ 

 ការចងចាំទាំងនេះ បានជំរុញសិល្បករឱ្យបង្កើតស្នាដៃនេះឡើងជាការសម្រេចបំណងអ្នកមានគុណតែមួយរបស់ខ្លួន។ លោកបានពឹងសហការីកន្លែងការងារខ្លួនលោកម្នាក់ ជួយធ្វើជាតួគំរូក្នុងថ្លង់ថតនីមួយៗ នៅតាមបណ្ដាប្រាសាទនានាដែលលោកចូលចិត្ត និងចង់នាំម្ដាយទៅកាន់ទីតាំងទាំងនោះតាមរយៈកម្រងរូបថត។

កុំបោះបង់ខ្លួនឯង ជាកម្រងស្នាដៃរបស់សិល្បករលោក ផន វាសនា។ 
 

កុំបោះបង់ខ្លួនឯង (Don’t give up)

កុំបោះបង់ខ្លួនឯង ជាកម្រងស្នាដៃរបស់សិល្បករលោក ផន វាសនា។ លើកបង្កើតស្នាដៃដំបូងនេះឡើងដោយបានរំឭកពីបញ្ហាផ្លូវចិត្តដែលលោកបានជួបប្រទះកាលពីអតីតកាល បញ្ហាផ្លូវចិត្តបានជំរុញឱ្យលើទៅប្រព្រឹត្តិរឿងរ៉ាវដែលប៉ះពាល់ដល់ខ្លួនឯងដូចជាការសេពគ្រឿងស្រវឹង, ជក់បារី និងការផ្ដាច់ទំនាក់ទំនងជាមួយនឹងអ្នកដទៃ។

នៅលើផ្ទាំងព័ត៌មានអំពីស្នាដៃសិល្បៈខ្លួន លោកបានរំឭកថា កត្តាសេដ្ឋកិច្ចគ្រួសារ បន្ទុកការងារច្រើន និងការសិក្សាមិនទៅមុខ ជាដើមចមនាំឱ្យសុខភាពផ្លូវចិត្តលោកចុះទ្រុឌទ្រោម។ លោកសរសេរទៀតថា ស្នាដៃនេះ បានបង្ហាញពីឧបសគ្គ ភាពស្មុគស្មាញកកក្នុងជីវិត ហើយក៏ចាប់ផ្ដើមបន្ទោសខ្លួនឯង រួចដាក់បន្ទុកលើអ្នកដទៃ ដោយពុំព្រមចាកចេញពីភាពអាត្មានិយម ហើយចាប់ផ្ដើមបោះបង់ឆន្ទៈ និងក្ដីស្រមៃខ្លួន។ 

ត្រឡប់មកវិញ លោកចង់ឱ្យស្នាដៃរបស់ក្លាយជាកម្លាំងចលករក្នុងការលើកទឹកចិត្តមនុស្សកុំឱ្យបោះបង់ ផ្ទុយមកវិញត្រូវប្រឈមមុខ ស្វែងរកអ្នកប្រឹក្សាយោបល់ ដើម្បីរកដំណោះស្រាយ បើទោះជួបការលំបាក ឬដួលច្រើនលើកច្រើនសារក៏ដោយ។ 

រៃ និងស្រមោច ជាស្នាដៃរូបថតរបស់លោក សឿន សាយ័ន្តសន្យា។ 


រៃ និងស្រមោច (Cicadas and Ants) 

រៃ និងស្រមោច ជាស្នាដៃរូបថតរបស់លោក សឿន សាយ័ន្តសន្យា។ ស្នាដៃនេះ បានលើក​យកតួអង្គពីរសំខាន់គឺសត្វរៃ និងស្រមោច ចេញពីរឿងនិទានបែបអប់រំ រៀបរាប់ពីដំណើរ​សាច់​រឿង និងចរិតលក្ខណៈខុសដាច់គ្នា ហើយប្រៀបធៀបនឹងទម្លាប់នៃការរស់នៅប្រចាំថ្ងៃ​របស់មនុស្ស។ ដូចដែលយើងធ្លាបដឹង សិល្បករបានបង្ហាញតួអង្គនៅលើផ្ទាំងរូបថត​​របស់ខ្លួន បង្ហាញពីតួអង្គស្រមោចដែលជាសត្វឧស្សាហ៍ព្យាយាម រកស្បៀងអាហារ​ ដើម្បីបម្រុង​​ទុក។

តែខុសដាច់ស្រឡះពីស្រមោច សត្វរៃជាតួអង្គមិនខ្វល់ពីការប្រឹងប្រែងរកស្បៀងអ្វីឡើយ មួយថ្ងៃៗគឺគិតតែពីសប្បាយ រាំ ច្រៀង ផឹកស៊ី។ 

សិល្បករលើកយករឿងរ៉ាវនៃសត្វទាំងពីរនេះឡើង ចង់បង្ហាញពីតម្លៃនៃការតស៊ូ ឧស្សាហ៍ព្យាយាម ការទីពឹងខ្លួនឯង ការប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍ ធ្វើរឿងមានប្រយោជន៍ដល់សង្គមទាំងមូល ដែលជាគំរូសម្រាប់អ្នកជំនាន់ក្រោយ។ 

ទឹកស្លាប់ ជាកម្រងផ្ទាំងរូបថតរបស់សិល្បករ លោក យូ ប៊ុនចាន់។


ទឹកស្លាប់ (The Dead Water) 

ទឹកស្លាប់ ជាកម្រងផ្ទាំងរូបថតរបស់សិល្បករ លោក យូ ប៊ុនចាន់ ហើយវាជាស្នាដៃដំបូងបំផុតរបស់សិល្បកររូបនេះ។ កម្រងរូបថតទាំងនោះរបស់លោក ប៊ុនចាន់  ចង់បង្ហាញពីផលប៉ះពាល់អវិជ្ជមាននៃការបំពុលទឹក ដោយសកម្មភាពរបស់មនុស្ស ដូចជាការបង្ហូរទឹកកង្វក់ ឬសារធាតុគីមី និងការចោលសំរាមប្លាស្ទិក ចូលទៅក្នុងប្រភពទឹក។

តាមរយៈស្នាដៃនេះ សិល្បករចង់ឱ្យមហាជនងាកមកខ្វក់ខ្វាយពីផលប៉ះពាល់ នៃការបំពុល​បរិស្ថាន ព្រោះទឹកមានសារៈសំខាន់សម្រាប់ជីវិត មនុស្ស សត្វ និងរុក្ខជាតិលើពីភពលោក ហើយអ្នកដែលរងគ្រោះពិតប្រាកដនៅពេលអនាគតគឺមនុស្សជំនាន់ក្រោយ។ 

ការភាន់ច្រឡំ ជាកម្រងស្នាដៃរូបថតសិល្បៈពិព័រណ៍ដំបូងបំផុត ពីលោក កឹម សុវណ្ណា។


ការភាន់ច្រឡំ (Misunderstanding) 

ការភានច្រឡំ ជាកម្រងស្នាដៃរូបថតសិល្បៈពិព័រណ៍ដំបូងបំផុត ពីលោក កឹម សុវណ្ណា។ កម្រង​ស្នាដៃ បានដកយកឈុតឆាក ក្នុងរឿងទេវកថា «រាមកេរ្តិ៍» ដែលមានប្រវត្តិយូរលង់ មានចារឹកលើសិលាប្រាសាទខ្មែរ។ សិល្បករបានដកស្រង់រឿង ត្រង់ការធ្វើសង្គ្រាម​រវាង បងប្អូនឯងនៃតួអង្គស្វាពាលី ដែលជាស្ដេចស្វា និងព្រះអនុជស្វា​ សុគ្រីព ដែលកើតឡើងពី ការយល់ច្រឡំ។ 

ចេតនារបស់សិល្បករ គឺមានគោលបំណងចង់រំឭកស្មារតីមនុស្សគ្រប់រូប ត្រូវចេះរៀនស្ដាប់​ហេតុផលឱ្យបានច្បាស់លាស់ សួរសំណួរដើម្បីទទួលបានការបំភ្លឺ និងហាត់រៀនឈ្វេង យល់ ការពិចារណាអំពីទស្សនៈ វប្បធម៌ផ្សេងគ្នា ការប្រាស្រ័យទាក់ទងគ្នាដោយបើកចំហ និងប្រកបដោយតម្លាភាព។ 

អាហារផ្សេង ស្នាដៃរូវថតសិល្បៈ របស់សិល្បករលោក ឆូយ ប៊ុនសុខហេង។ 

អាហារផ្សែង (The Smoke)

តាមរយៈស្នាដៃរូបថត អាហារផ្សេង សិល្បករលោក ឆូយ ប៊ុនសុខហេង បានយកដើមបារី​ប្រើប្រាស់ជាតួអង្គជំនួសមនុស្ស ដោយបង្ហាញពីសកម្មភាព និងជីវិតរបស់បុគ្គលមួយចំនួន ដែលសិល្បករបានជួបផ្ទាល់។ 

ក្នុងសំណេរពន្យល់ពីសិល្បៈរបស់ខ្លួន លោកបានសរសេរថា៖ «ការជក់បារីប្រៀបបីដូចអ្នក​បានធ្វើអត្តឃាតខ្លួនឯងដោយមិនដឹងខ្លួន»។ លោកបានសរសេរពញ្ញាក់សាធារណជន ថា អ្នកជក់មិនស្លាប់ភ្លាមៗនោះទេ តែបន្តិចម្ដងៗ ជំងឺនានានឹងមរកពួកគេ ទោះបីពួកគេ មាន ប្រាក់ ដើម្បីព្យាបាល ក៏មិនអាចទិញសុខភាពល្អនោះមកវិញបានដែរ។ តាមរយៈស្នាដៃនេះ សិល្បករចង់ឱ្យអ្នកជក់ដើរត្រឡប់ក្រោយ ពោលគឺបញ្ឈប់ការជក់បារី ឬផ្ដាច់បារី ដើម្បី​សុខភាពខ្លួនឯង ជាពិសេសអ្នកនៅជុំវិញខ្លួនពួកគេ​​ ដែលទទួលឥទ្ធិពលអាក្រក់ដោយ ប្រយោលនោះ។ 


គ្រួសារទូរស័ព្ទ ជាស្នាដៃរបស់កញ្ញា កែវ កញ្ញា។ 

គ្រួសារទូរស័ព្ទ (Phone Family)

គ្រួសារទូរស័ព្ទ ជាស្នាដៃរបស់កញ្ញា កែវ កញ្ញា ដែលមានតួអង្គតុក្កតាដីឥដ្ឋ។ កម្រងរូបថត សិល្បៈទាំងនោះ កើតឡើងពីការឃើញដោយផ្ទាល់របស់កញ្ញា កែវ កញ្ញា ដែលកំពុងតែកើតមានឡើងក្នុងសង្គមខ្មែរបច្ចុប្បន្នគឺ ការប្រើប្រាស់ទូរស័ព្ទ ក្នុងសម័យឌីជីថល នៃគ្រួសារនីមួយៗ។ 

 កញ្ញាបានប្រៀបធៀបការប្រើប្រាស់ទូរស័ព្ទ ជាវត្ថុពិសេស ប្រៀបដូចជាថ្នាំញៀនម្យ៉ាងដែលរដ្ឋសភា មិនអាចកំណត់ច្បាប់ប្រ់ប្រាស់បាន។ កញ្ញាបានលើកឡើងពីករណីក្មួយកញ្ញាផ្ទាល់ ដែលចូលចិត្តសុំអង្វរ ឬធ្វើកិច្ចការណាមួយដើម្បីជាថ្នូរនឹងការមើលទូរស័ព្ទ ហើយពេលពួកគេបានប្រើប្រាស់ទូរស័ព្ទ ក្លាយជាដុំថ្ម ដែលគាស់មិនចេញ។ 

តាមរយៈកម្រងស្នាដៃទាំងនោះ កញ្ញា ចង់បង្ហាញសាធារណជនឱ្យមើលឃើញថា ពេលវេលារបស់មនុស្សដែលអាចនៅជុំគ្នាមិនច្រើននោះទេ ដូច្នេះត្រូវប្រើប្រាស់វាដោយមានអត្ថន័យ នឹងខ្លឹមសារ ដោយគ្មានវិប្បដិសារីក្នុងជីវិត ជាជាងចំណាយលើរឿងឥតប្រយោជន៍មួយចំនួន។

គួរជម្រាបផងដែរថា «ទីលាននិម្មិត» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ក្នុងគោលបំណងផ្ដល់ការអប់រំផ្នែកសិល្បៈថតរូប ដល់យុវជនជំនាន់ក្រោយ ជាពិសេសយុវជនដែលមិនសូវមាន​ឱកាស និងអ្នកដែលចាប់អារម្មណ៍ក្នុងការកសាងអាជីពថតរូបសិល្បៈនេះ។ សិល្បករទាំង៧រូបនេះ ជាសិស្សដំបូងបំផុត ដែលបានចូលវគ្គបណ្ដុះបណ្ដាល របស់ «ទីលាននិម្មិត»នេះ៕ 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី