Vardy បន្ទោសខ្លួនឯង នាំឱ្យ Leicester ធ្លាក់ចេញពី Premier League
  • ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៥:៣៩ នាទី ល្ងាច
Vardy បន្ទោសខ្លួនឯង នាំឱ្យ Leicester ធ្លាក់ចេញពី Premier League

ខ្សែប្រយុទ្ធ Jamie Vardy បន្ទោសខ្លួនឯង និងកីឡាករនៅក្នុងក្រុម Leicester City ទាំងអស់ ក្រោយពីក្រុមធ្លាក់ចេញពីការប្រកួតប្រជែងក្របខណ្ឌ Premier League រដូវកាលក្រោយ។ កីឡាករអង់គ្លេស ថាទម្រង់លេងគេធ្លាក់ខ្លាំង និងជារឿងដ៏អាម៉ាស់មិនអាចជួយក្រុមឱ្យបន្តប្រកួតនៅលីគកំពូល។

TTN-Free-Banner-In-Article-PC

ចាញ់ក្នុងលទ្ធផល ១-០ ក្រោមថ្វីជើង Liverpool កាលពីសប្តាហ៍មុន បានធ្វើឱ្យ Leicester City ជាក្រុមទី២ បន្ទាប់ពី Southampton ត្រូវកាត់ចេញពីក្របខណ្ឌ Premier League ក្រោយពីពួកគេទើបវិលត្រឡប់មកប្រកួតប្រជែងបានត្រឹមតែ ១រដូវកាល។

Leicester City ដែលធ្លាប់ឈ្នះពានលីគកំពូលអង់គ្លេស ឆ្នាំ ២០១៦ នៅការប្រកួត ៩លើកចុងក្រោយ ក្នុងទឹកដី ពួកគេរងបរាជ័យជាប់ៗគ្នា ក្រោមការដឹកនាំរបស់លោក Ruud Van Nistelrooy ហើយថែមទាំងគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីដៃគូប្រកួត។

ចំណែក Vardy អតីតកីឡាករជម្រើសជាតិអង់គ្លេស កាលពីឆ្នាំ ២០១៦ ឆ្នាំនៃការឈ្នះពាន រូបគេធ្លាប់ជាកីឡាករខ្លាំងម្នាក់ស៊ុតបាល់បញ្ចូលទីជាច្រើនគ្រាប់ ហើយនៅរដូវកាល ២០១៩-២០ រូបគេក៏ជាកីឡាករឈ្នះស្បែកជើងមាសថែមទៀតផង។ រដូវកាល ២០២៤-២៥ កីឡាករវ័យ ៣៨ឆ្នាំ ធ្លាក់ទម្រង់លេងខ្លាំង ដោយរកគ្រាប់បានត្រឹមតែ ៧គ្រាប់ ប៉ុណ្ណោះ ពីការបង្ហាញខ្លួន ៣១លើក។

ការធ្លាក់ចេញជាថ្មី ក្រោយទើបលេងបានតែមួយរដូវកាលប៉ុណ្ណោះ នៅ Premier League បានធ្វើឱ្យខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ ខឹងសម្បារ និងស្តីបន្ទោសខ្លួនឯង និងមិត្តរួមក្រុមទាំងអស់ដូច្នេះថា៖«នៅចំណុចនេះ​ ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីទៀតឡើយ។ គ្មានពាក្យអ្វីត្រូវនិយាយ ខ្ញុំបានត្រឹមតែបង្ហាញពីអារម្មណ៍សោកស្តាយជាមួយអ្វីដែលយើងបានធ្វើក្នុងរដូវកាលនេះ។ គ្មានលេសនោះទេ ក្នុងនាមជាកីឡាករ និងជាក្លិបមួយ យើងបរាជ័យ រឿងនេះគ្មានអ្វីត្រូវលាក់បាំងឡើយ​។»។

Leicester City ឈរនៅចំណាត់ថ្នាក់លេខ ១៩ ដោយរកបានត្រឹមតែ ១៨ពិន្ទុ ប៉ុណ្ណោះ ពីការប្រកួតចំនួន ៣៣លើក ហើយការប្រកួតបន្ទាប់របស់ពួកគេនោះគឺ ការប៉ះក្រុម Wolverhampton Wanderers ដែលទើបបានយកឈ្នះលើ Man Utd លទ្ធផល ១-០៕


អ្នកសរសេរអត្ថបទ

 អ្នក​យកព័ត៌មាន​កីឡា

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង