- ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៦:២៩ នាទី ល្ងាច

កាលពីថ្ងៃចន្ទទី២១មេសា លោកម៉ាក្រុង ប្រធានាធិបតីបារាំង បានធ្វើដំណើរទៅកោះម៉ាយ៉ុត ដែនដីបារាំងដែលស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា។ កម្មវត្ថុនៃទស្សនកិច្ចនេះ គឺដើម្បីពន្លឿនការកសាងឡើងវិញនូវផ្ទះសម្បែង ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធរបស់កោះនេះ ដែលបានរងការខូចខាតយ៉ាងដំណំ ដោយសារតែខ្យល់ព្យុះសង្ឃរាឈីដូ កាលពីខែធ្នូកន្លងទៅ។ សូមបញ្ជាក់ថា កោះម៉ៃយ៉ុតគឺជាដែនដីមួយរបស់បារាំង មានក្រីក្របំផុត។
៤ខែបន្ទាប់ពីកោះម៉ាយ៉ុត បានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារខ្យល់ព្យុះសង្ឃរាឈីដូ លោកម៉ាក្រុងបានធ្វើដំណើរទៅដល់នៅព្រឹកថ្ងៃចន្ទ ទី២១មេសា ដើម្បីពិនិត្យមើលដំណើរការនៃការសងសង់ឡើងវិញ នូវផ្ទះសម្បែងប្រជាជន សាលារៀន មន្ទីរពេទ្យ បណ្តាញទឹកស្អាត ចរន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធរដ្ឋនានានៅលើកោះនេះ។
អមដំណើរដោយភរិយាលោក និងរដ្ឋមន្ត្រីពាក់ព័ន្ធជាច្រើនរូប លោកម៉ាក្រុងបានចុះទៅជួបប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំកោះម៉ាយ៉ុតជាច្រើនទីតាំង។
ក្រៅពីមានបំណងពន្លឿនការសាងសង់ឡើងវិញ លោកម៉ាក្រុងបានឆ្លៀតឱកាសទស្សនកិច្ចនេះ ដើម្បីដាក់បង្ហាញនូវគម្រោងច្បាប់ពិសេសមួយ ដើម្បីរៀបចំពង្រឹងគ្រិះកោះម៉ាយ៉ុតឡើងវិញ។ ជាគម្រោងការដែលរដ្ឋបារាំង នឹងចាត់វិធានការចាំបាច់មួយចំនួន ដូចជាការប្រយុទ្ធប្រឆាំងនឹងអន្តោប្រវេសន៍ខុសច្បាប់ ទប់ស្កាត់សំណង់អាណាធិបតេយ្យដែលមិនឆ្លើយតបទៅនឹងលក្ខខណ្ឌសុវត្ថិភាព ដោះស្រាយបញ្ហាអសន្តិសុខ ព្រមទាំងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន។
អត្ថបទគម្រោងច្បាប់នេះ នឹងត្រូវលោកម៉ាក្រុងយកទៅបង្ហាញក្រុមប្រឹក្សាតំណាងរាស្ត្រនៃតំបន់កោះម៉ាយ៉ុត មុននឹងយលមកពិនិត្យលម្អិតនៅក្នុងគណរដ្ឋមន្ត្រីបារាំង។
សូមបញ្ជាក់ថា ព្យុះសង្ឃរាឈីដូ បានផ្តាច់ជីវិតមនុស្សចំនួនជាង៤០នាក់នៅកោះម៉ាយ៉ុត កាលពីខែធ្នូឆ្នាំ២០២៤។ ព្យុះដ៏កំណាចនេះ បានបំផ្លាញផ្ទះសំបែង សំណង់អគារ ដំណាំភោគផល និងបណ្តាញសេវាសាធារណៈ គិតជាទឹកប្រាក់សរុប ប្រមាណ៣៥០០លានអឺរ៉ូ។ ស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា កោះម៉ាយ៉ុត គឺជាដែនដីរបស់បារាំង តែគឺជាតំបន់ដែលក្រីក្របំផុត។ មិនត្រឹមប៉ុណ្ណោះទេ ប៉ុន្មានឆ្នាំមកនេះ កោះម៉ាយ៉ុតបានរងនូវជំនន់យ៉ាងគំហុក នៃជនអន្តោប្រវេសន៍ខុសច្បាប់ មកពីប្រជុំកោះកូម៉រ និងមួយផ្នែកខ្លះមកពីទ្វីបអាហ្វ្រិក។ មុននឹងរងគ្រោះដោយព្យុះសង្ឃរា អត្រាអ្នកអត់ការងារធ្វើនៅកោះម៉ាយ៉ុត មានដល់ទៅ៣៧% ចំណែកកម្រិតជីវភាពវិញគឺក្រីក្រខ្លាំងជាងតំបន់ផ្សេងៗទៀតរបស់បារាំងចំនួន៧ដង។
ស្ថានភាពសេដ្ឋកិច្ចដ៏លំបាកលំបិន បូកបន្ថែមនិងកត្តាសន្តិសុខសុវត្ថិភាពកាន់តែចុះអន់ថយ បានធ្វើឲ្យកោះម៉ាយ៉ុតធ្លាក់ចូលទៅក្នុងវិបត្តិ ដែលរដ្ឋបារាំងពិបាកដោះស្រាយរួចទៅហើយ។ ក្រោយព្យុះឈីដូបោកសង្គ្រុប ប្រជាជនកោះម៉ាយ៉ុត បានរិះគន់យ៉ាងខ្លាំងចំពោះភាពយឺតយ៉ាវ នៃអន្តរាគមន៍ជួយរបស់អាជ្ញាធររដ្ឋបារាំង។ បញ្ហាខ្វះថវិកា ខ្វះទំនាក់ទំនងឲ្យមានប្រសិទ្ធភាព ព្រមទាំងលក្ខខណ្ឌភូមិសាស្រ្តនៅឆ្ងាយក្នុងមហាសមុទ្រឥណ្ឌា បានធ្វើឲ្យការសាងសង់ឡើងវិញជួបការយឺតយ៉ាង ខណៈប្រជាជនក្រីក្រជាច្រើនសែននាក់ រួមទាំងអន្តោប្រវេសន៍ខុសច្បាប់ផង ត្រូវបន្តរស់នៅក្រោមដំបូលតង់ជាច្រើនខែមកហើយ៕
ដោយ៖ ម៉ម ពិសី (RFI ខេមរភាសា)
