- ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:២៩ នាទី យប់

ក្លិប Bayer Leverkusen និងអ្នកចាត់ការទូទៅលោក Xabi Alonso មានកិច្ចព្រមព្រៀងគ្នាដ៏សមរម្យមួយ ដែលអាចអនុញ្ញាតឱ្យបុរសសញ្ជាតិអេស្ប៉ាញ ចាកចេញបានដោយគ្មានឧបសគ្គ ប្រសិនបើក្លិបមួយដែលរូបគេធ្លាប់ប្រកបអាជីពកីឡាករ បានកោះហៅចង់ឱ្យទៅដឹកនាំក្រុមពេលអនាគត។ នេះបើតាមការលើកឡើងរបស់ លោក Fernando Carro នាយកប្រតិបត្តិក្លិប Leverkusen។
«យើងមានកិច្ចព្រមព្រៀងដ៏សមរម្យមួយ ដែលថាប្រសិនបើមានក្រុមណាមួយ ដែលលោក Alonso ធ្លាប់លេង ចង់បានគេទៅដឹកនាំ។ យើងនឹងអាចអង្គុយជជែងគ្នាពីរឿងនោះ ហើយយើងមិនរារាំងផ្លូវ ឬបង្កឧបសគ្គអ្វីឡើយ។ កាលពីឆ្នាំមុខ Xabi ធ្លាប់បានទទួលសំណើ ពីក្លិបសំខាន់ៗមួយចំនួន ប៉ុន្តែ គេជ្រើសយកយើង ដែលគេអាចបន្តស្នាក់នៅជាមួយយើង ខណៈយើងនៅសល់ពេល ១រដូវកាល ជាមួយគ្នាបន្តទៀត។»។ នេះបើតាមសម្តីរបស់លោក Carro នាយកក្លិប Leverkusen។
នាយកក្លិប Leverkusen ដដែល ថែមទាំងបានលើកឡើងពីឈ្មោះក្លិប Real Madrid ថាជា ទីតាំងដ៏ស័ក្តិសមបំផុតមួយ សម្រាប់លោក Alonso មានវ័យ ៤៣ឆ្នាំ បន្តអាជីពដឹកនាំក្រុម។
ការជជែកអំពីអនាគតលោក Xabi Alonso ជាថ្មីជាមួយនឹងក្លិប Leverkusen ស្របពេលអ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវមនុស្សជាច្រើន លើកយកមកនិយាយអំពីអនាគត នឹងអាចជំនួសតំណែង លោក Carlo Ancelotti កំពុងប្រឈមមុខរបូតតំណែងនៅ Real Madrid។
អ្នកចាត់ការវ័យ ៤៣ឆ្នាំ ធ្លាប់ជាអតីតខ្សែបម្រើនៅក្លិប Real Madrid ហើយលោកធ្លាប់ឆ្លងកាត់អាជីពដ៏អស្ចារ្យនៅក្លិបធំៗជាច្រើន រួមមាន Liverpool, Bayern Munich និងក្លិប Real Sociedad ជាដើម។ កាលពីពេលថ្មីនេះ លោក Alonso ត្រូវបានមនុស្សជាច្រើនលើកយកមកនិយាយ ជាបេក្ខភាពជំនួសតំណែង លោក Calo Ancelotti នៅក្លិប Real Madrid រដូវកាលក្រោយ។
រដូវកាល ២០២៤-២៥ ក្លិប Real Madrid ស្ថិតក្រោមការដឹកនាំរបស់លោក Ancelotti អ្នកចាត់ការសញ្ជាតិអ៊ីតាលី វ័យ ៦៥ឆ្នាំ ជួបប្រទះបញ្ហាធ្លាក់ទម្រង់លេង ដោយតាមពីក្រោយ Barcelona ក្នុងការប្រជែង La Liga ហើយពេលថ្មីៗ ពួកគេក៏បានធ្លាក់ចេញពី UEFA Champions League ត្រឹមវគ្គ ៨ក្រុមចុងក្រោយ។
គិតមកដល់ពេលនេះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានចុះផ្សាយទាក់ទងអនាគតរបស់លោក Ancelotti ចំពោះការចុះចេញពីតំណែងអ្នកចាត់ការ Real Madrid នៅចុងបញ្ចប់រដូវកាល បន្ទាប់ពីដឹកនាំក្លិបយក្សអធិរាជស ធ្វើមិនបានល្អ។ ក្រុមជម្រើសជាតិប្រេស៊ីល បង្ហាញការចាប់អារម្មណ៍ចង់បានលោក Ancelotti ទៅដឹកនាំក្រុម ខណៈ Alonso ក្លាយជាបេក្ខភាពនាំមុខ ទៅជំនួសតំណែងនៅក្លិបអេស្ប៉ាញ។
យ៉ាងណា លោក Alonso នៅមានកិច្ចសន្យាជាមួយ Leverkusen រហូតដល់ខែមិថុនា ឆ្នាំ ២០១៦ ខណៈបច្ចុប្បន្នបុរសអេស្ប៉ាញ ក៏ធ្វើបានល្អខ្លាំងជាមួយនឹងក្លិបនៅប្រទេសអាល្លឺម៉ង់ បើទោះជាទើបចាប់ផ្តើមអាជីពពេលខ្លីក៏ដោយ។ កាលពីរដូវកាលមុន អតីតកីឡាករ Real Madrid, Liverpool ដឹកនាំក្រុម Leverkusen ឈ្នះពាន Bundesliga, German Cup និង DFB Super Cup ជាហេតុនាំឱ្យលោកបន្តកិច្ចសន្យាដឹកនាំក្រុមបន្តដល់ឆ្នាំ ២០២៦៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា
