- ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ល្ងាច

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការ ៨ចំណុច ដើម្បីទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ ដោយរំពឹងធានាបានសុវត្ថិភាព និងសុខុមាលភាពពលរដ្ឋ ព្រមទាំងកែលម្អសោភ័ណភាពទីក្រុង។
សេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា បានណែនាំឱ្យគ្រប់ស្ថាប័នរដ្ឋ ឯកជន និងសាធារណជនរស់នៅក្នុងរាជធានីភ្នំពេញ ចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងការដុតវាលស្មៅ ការដុតគល់ជញ្ជាំង ការដុតសំរាម ការដុត សំណល់រឹងនៅតាមទីវាល ទីលានចាក់សំណល់ និងការដ្ឋានសំណង់នៅក្នុងមូលដ្ឋានរបស់ខ្លួន។
មន្ទីរពាក់ព័ន្ធ ត្រូវចុះអប់រំម្ចាស់សំណង់ អ្នកទទួលការសាងសង់សំណង់ ម្ចាស់អាជីវកម្មបេតុងលាយស្រេច អាជីវកម្មថ្មសំណង់ ខ្សាច់ ក្រួស ឬបរិក្ខារសំណង់ផ្សេងៗ និងម្ចាស់អាជីវកម្មដឹកដី អំពីវិធានការទប់ស្កាត់ការហុយធូលី ឬភាគល្អិតនិចលទៅក្នុងខ្យល់ និងការបង្ហូរ សំណល់ផ្សេងៗ ចេញពីទីតាំងប្រភពបំពុលដែលមានជាអាទិ៍ ការដ្ឋានសំណង់ ទីតាំងដឹកជញ្ជូនស៊ីម៉ងត៍ ខ្សាច់ ក្រួស ដី ទីតាំងផលិតបេតុងលាយស្រេច ការដ្ឋានកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធូលីហុយ នៅតាមដងផ្លូវ។
អាជ្ញាធរក្រុង ក៏បានណែនាំឱ្យម្ចាស់អាជីវកម្មរថយន្តដឹកដី ខ្សាច់ ក្រួស ថ្មសំណង់ រៀបចំគ្របឱ្យបានត្រឹមត្រូវ ចៀសវាងកំពប់ ឬជ្រុះធ្លាក់តាមដងផ្លូវពេលដឹកជញ្ជូន។ ករណី ម្ចាស់អាជីវកម្ម ម្ចាស់សំណង់ និងអ្នកទទួលការសាងសង់សំណង់ដែលបានទុកដាក់សម្ភារៈ ឬបរិក្ខារផ្សេងៗ ដែលជាប្រភពបំពុលខ្យល់ ដូចជា ខ្សាច់ ក្រួស ថ្ម កម្ទេចអគារ មិនត្រឹមត្រូវបង្កឱ្យហុយធូលីនៅតាមដងផ្លូវ និងទីសាធារណៈ នឹងត្រូវរងពិន័យ។
ចំពោះ រដ្ឋបាលខណ្ឌ ត្រូវដាក់វិធានការលើម្ចាស់អាជីវកម្ម ដឹកដី ខ្សាច់ ក្រួស ថ្ម សំណង់ ស៊ីម៉ងត៍ ឬបរិក្ខារសំណង់ផ្សេងៗ ឱ្យសម្អាតកម្ទេចដែលកំពប់ ឬជ្រុះធ្លាក់តាមដងផ្លូវ និងលាងសម្អាតផ្លូវដែលខ្លួនបានដឹកជញ្ជូនឱ្យបានស្អាត។ ករណី ម្ចាស់អាជីវកម្មមិនអនុវត្តទៅតាមវិធានការខាងលើ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យផ្អាកអាជីវកម្មបណ្ដោះអាសន្ន។
ជាមួយគ្នានេះ គ្រប់ស្ថាប័នរដ្ឋ ត្រូវបន្តជំរុញការចុះអប់រំពលរដ្ឋ សិស្សានុសិស្សឱ្យចូលរួមទប់ស្កាត់ការដុតវាលស្មៅ ការដុតគល់ ជញ្ជាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាមទីវាល ទីលានចាក់សំណល់ និងការដ្ឋានសំណង់ ផ្សេងៗ ដោយធ្វើការសម្អាតជាប្រចាំនៅតាមបរិវេណជុំវិញផ្ទះ សាលារៀន និងដងផ្លូវសាធារណៈជាដើម។
ចំណែក មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ត្រូវពង្រឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ត ដោយផ្អែកតាមស្តង់ដានៃការបញ្ចេញសារធាតុបំពុលខ្យល់ របស់រដ្ឋាភិបាល។ រីឯ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រាជធានីភ្នំពេញ ត្រូវចុះត្រួតពិនិត្យនូវកម្រិត កំណត់ស្តង់ដាស្ពាន់ធ័រដែលមានផ្ទុកក្នុងប្រេងឥន្ធនៈ តាមការកំណត់របស់ក្រសួងនៅតាមទីតាំង ស្ថានីយប្រេងឥន្ធនៈនានាក្នុងក្រុងភ្នំពេញ។
មន្ទីរបរិស្ថានរាជធានីភ្នំពេញ នឹងជាសេនាធិការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការតាមដាន និងត្រួតពិនិត្យស្ថានភាពខ្យល់ និងកំហាប់ភាគល្អិតកើតឡើងក្នុងបរិយាកាស ដែលអាចបង្កជាហានិភ័យដល់សុខភាពសាធារណៈ និងគុណភាពបរិស្ថាន ដើម្បីអន្តរាគមន៍ទប់ស្កាត់ ឱ្យបានទាន់ពេលវេលា។ នេះបើតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ៕
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។
