៣ខែ ព្រឹទ្ធសភាទទួលបាន៣១បណ្ដឹងពីពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី
- ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី យប់

សម័យប្រជុំលើកទី៣ ក្រោមការដឹកនាំរបស់ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៧រូប នាថ្ងៃទី២២មេសា ឆ្នាំ២០២៥។ ប្រភពរូបភាព៖ ហ្វេសប៊ុកព្រឹទ្ធសភា
ភ្នំពេញ៖ រយៈពេលបីខែ ចាប់ពីថ្ងៃទី៦មករា ដល់ថ្ងៃទី៦មេសា ព្រឹទ្ធសភា ទទួលបានពាក្យបណ្ដឹងពីពលរដ្ឋចំនួន៣១បណ្ដឹង ដែលក្នុងនោះភាគច្រើនជាបណ្ដឹងវិវាទដីធ្លី។

សម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី២២មេសា បានដំណើរការឡើង ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភាចូលរួម៥៧រូប។ អង្គប្រជុំនេះ ដំណើរការឡើងដោយមានរបៀបវារៈតែមួយប៉ុណ្ណោះ គឺស្ដាប់របាយការណ៍ សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្ដីពីលទ្ធផលនិងសកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៥។
សេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា បង្ហាញពីលទ្ធផលប្រជុំថា រយៈពេល៣ខែនេះ ព្រឹទ្ធសភាទទួលបណ្ដឹងចំនួន៣១ករណី។ ជាមួយគ្នាដែរ ព្រឹទ្ធសភា បានពិនិត្យនិងបញ្ជូនពាក្យបណ្ដឹងចំនួន១៩បណ្ដឹង ទៅក្រសួង ស្ថាប័ន ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេច ហ៊ុន សែន និងអាជ្ញាធរខេត្ត។ ចំណែក បណ្ដឹងកំពុងពិនិត្យមានចំនួន១២បណ្ដឹង, តម្កល់ទុកមិនចាត់ការចំនួន៧បណ្ដឹង, បានផ្ដល់ព័ត៌មានទៅម្ចាស់បណ្ដឹងចំនួន២៥បណ្ដឹង និងទទួលបានលិខិតឆ្លើយតបពីការដោះស្រាយបណ្ដឹងរបស់ស្ថាប័នពាក់ព័ន្ធចំនួន៥បណ្ដឹង។
ជុំវិញបណ្ដឹងខាងលើ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗតាមប្រព័ន្ធតេឡេក្រាមបន្ថែម បណ្ដឹងភាគច្រើនរបស់ពលរដ្ឋ ដែលដាក់ទៅព្រឹទ្ធសភា ជាបណ្ដឹងដីធ្លី និងបណ្ដឹងរឿងរ៉ាវផ្ទាល់ខ្លួនឬវិវាទបុគ្គល។
លោកពន្យល់យ៉ាងដូច្នេះ៖ «ដោយសារយើងជាស្ថាប័ននីតិបញ្ញត្តិ គឺគ្រាន់តែទទួលពាក្យបណ្ដឹងប៉ុណ្ណោះ មិនអាចដោះស្រាយបានឡើយ យើងបានត្រឹមទទួលការបណ្ដឹងរបស់បងប្អូនប្រជាពលរដ្ឋ ហើយយើងបញ្ជូនបន្តទៅជំនាញ ដែលជាស្ថាប័នពាក់ព័ន្ធ ដោះស្រាយតាមនីតិវិធី»។
ចំពោះកិច្ចការងាររបស់សមាជិកព្រឹទ្ធសភា បានព្យាយាមចុះទៅមូលដ្ឋាន ដើម្បីធ្វើការឱ្យកាន់តែជិតជាមួយពលរដ្ឋ ពិសេសក្រុមប្រឹក្សាឃុំសង្កាត់។ រីឯ ការដឹកនាំរបស់ប្រធានព្រឹទ្ធសភាវិញ មានបំណងចង់ឱ្យមានគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភា និងក្រុមប្រឹក្សាឃុំសង្កាត់ នៅទូទាំងប្រទេស។ លើសពីនេះ ដើម្បីឈ្វេងយល់ពីបញ្ហាប្រឈមរបស់ ពលរដ្ឋ និងក្រុមប្រឹក្សាឃុំសង្កាត់ ហើយដោះស្រាយ។ នេះជាការបញ្ជាក់បន្ថែមរបស់ អ្នកនាំពាក្យព្រឹទ្ធសភា៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: