- ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ព្រឹក

តើចង្កេះរបស់អ្នក តែងតែឈឺគ្រប់ពេលមែនដែរទេ? តើអ្នកយល់ថា វាពិតជាពិបាកសម្រាប់អ្នក ក្នុងការអង្គុយក្នុងមួយកន្លែង ក្នុងរយៈពេលយូរដែរឬទេ? តើអ្នកមានអារម្មណ៍ថា ឈឺចាប់ខ្លាំង នៅត្រង់ចង្កេះទេ?
ដូចនេះ អ្នកនឹងឆ្លងកាត់នូវភាពឈឺចាប់ត្រង់ចង្កេះ ដែលពេលខ្លះ វាធ្វើឱ្យអ្នកស្ទើរតែមិនអាចទ្រាំបាន។ ខាងក្រោមនេះ គឺជាមូលហេតុទូទៅ ដែលតែងតែធ្វើឱ្យស្ត្រីឈឺចង្កេះបាន៖
១. បញ្ហាចុករោយ
មូលហេតុជាទូទៅបំផុត ដែលធ្វើឱ្យស្ត្រីឈឺចង្កេះនោះគឺ បញ្ហានៃការចុករោយ។ មិនថា ប្រភេទសកម្មភាពដែលត្រូវទាញសន្ធឹង ឬសម្ពាធណាមួយ ដែលមាននៅលើ សាច់ដុំ, សរសៃពួរ និងសរសៃចំណង ដែលស្ថិតនៅខាងក្រោយខួរឆ្នឹងខ្នង អាចទទួលរងនូវឥទ្ធិពលមិនល្អ ចំពោះសុខុមាលភាព របស់ចង្កេះអ្នក។
២. ការរងរបួស
ការរងរបួសចំពោះឆ្អឹង ដោយសារតែគ្រោះថ្នាក់, ការវះកាត់ ឬការប៉ះទង្គិច ក៏អាចប៉ះពាល់ដល់ស្ថានភាពចង្កេះរបស់អ្នកបានដែរ។ កត្តាធម្មតាមួយចំនួនដូចជា ការលើករបស់អ្វីមួយធ្ងន់ក្នុងស្ថានភាពមិនត្រឹមត្រូវ គឺអាចបណ្តាលឱ្យមានការរងរបួស ឬក៏ការបុកទង្គិចនឹងរបស់រឹងអ្វីមួយ ក៏អាចនឹងធ្វើឱ្យចង្កេះអ្នកឈឺចាប់ដែរ។
៣. ស្ថានភាពផ្នែកវេជ្ជសាស្ត្រ
ស្ថានភាពផ្នែកវេជ្ជសាស្ត្រមួយចំនួន ដូចជា ជំងឺរលាកសន្លាក់ និងជំងឺឈឺគន្លាក់ឆ្អឹង គឺអាចធ្វើអឱ្យអ្នកឈឺចង្កេះបាន។
៤. ដុំសាច់
ដុំសាច់ដែលមានដុះឡើង នៅជិតតំបន់ឆ្អឹងអាងត្រគាក ឬនៅក្នុងឆ្អឹងនៃខួរឆ្អឹងខ្នង គឺអាចធ្វើឱ្យ អ្នកឈឺចាប់ចង្កេះបាន។ ដុំសាច់ប្រភេទមហារីក ក៏អាចរួមចំណែកនៅក្នុងការឈឺចាប់ចង្កេះនេះបានដែរ។
៥. បញ្ហារបស់អូវែ
ដុំសាច់ដែលដុះនៅលើអូវែ គឺជាបញ្ហាចំពោះសុខភាព និងសុខុមាលភាពជាទូទៅរបស់អ្នក ក៏អាចធ្វើឱ្យអ្នក ឈឺចាប់ចង្កេះជាខ្លាំងបានដែរ។ ពេលខ្លះ ដុំសាច់ដែលដុះនៅលើអូវែនេះ គឺមិនត្រូវបានគេដឹងនោះទេ ដោយសារតែមានមនុស្សស្រីមួយចំនួន មិនបានយល់ពីទំនាក់ទំនង រវាងការឈឺចាប់ចង្កេះ និងការទៅឱ្យគ្រូពេទ្យជំនាញខាងផ្នែករោគស្ត្រី ពិនិត្យ។
៦. ការបង្ករោគ
ការបង្ករោគនៅក្នុងបំពង់បង្ហូរនោម, ប្លោកនោម, ជំងឺរលាកខ្នែងពោះវៀន និងបញ្ហានៃការរលាកផ្សេងៗទៀត ក៏អាចបណ្តាលឱ្យអ្នក ឈឺចាប់ចង្កេះដែរ។ ប្រសិនបើអ្នក ធ្លាប់ប្រឈមនឹងការបង្ករោគណាមួយ និងមានការឈឺចាប់ជាខ្លាំង នោះអ្នកត្រូវតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យឱ្យបានឆាប់ៗ តាមដែលអាចធ្វើបាន។
៧. ការមានផ្ទៃពោះ
ការមានផ្ទៃពោះ គឺជាមូលហេតុចម្បងមួយ ដែលអាចធ្វើឱ្យស្ត្រីឈឺចង្កេះ។ ដោយសារតែ គភ៌ ចេះតែមានការរីកធំធាត់នៅខាងក្នុងស្បូនរបស់ម្តាយ ស្ត្រីមានការកើនទម្ងន់ ហើយនាងក៏ត្រូវអត់ធន់នឹងការទាញសន្ធឹងនៃស្បូនទៅមុខ ដោយការត្រូវទម្រេតខ្លួនទៅក្រោយ។ ជាលទ្ធផល វានឹងមានការចុករោយជាខ្លាំង កើតមាននៅលើចង្កេះ ដែលនឹងបង្កឱ្យមានការឈឺចាប់។
៨. បញ្ហាតម្រងនោម
ជំងឺក្រួសក្នុងតម្រងនោម, ការបង្ករោគនៅក្នុងតម្រងនោម និងបញ្ហាដែលទាក់ទងផ្សេងៗទៀត គឺក៏អាចបណ្តាលឱ្យមានការឈឺចាប់ចង្កេះនេះដែរ។ ក្រៅពីនេះ ការហូរឈាមនៅក្នុងតម្រងនោម ក៏អាចជាមូលហេតុមួយពាក់ព័ន្ធនឹងបញ្ហានៃការឈឺចង្កេះនេះដែរ។
៩. ស្ថានភាពរាងកាយ
ការដាក់ស្ថានភាព និងការធ្វើចលនារាងកាយមិនបានត្រឹមត្រូវល្អ ក៏អាចបណ្តាលឱ្យចុករោយទៅលើសាច់ដុំនៃខួរឆ្នឹងខ្នង និងសន្លាក់។ បញ្ហានេះនឹងរួមចំណែកធ្វើឱ្យ ចង្កេះអ្នកឈឺចាប់បានដែរ។
១០.ស្ត្រេស
ស្ត្រេស, ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ ក៏អាចរួមចំណែកធ្វើឱ្យចង្កេះអ្នកឈឺចាប់បានដែរ។ បញ្ហាផ្នែកផ្លូវចិត្តទាំងនេះ នឹងអាចដោះស្រាយបានដោយការជួបពិគ្រោះនិងអ្នកប្រឹក្សាយោបល់។
បញ្ហាចុករោយចង្កេះ គឺហាក់ដូចជា រោគសញ្ញាសាមញ្ញធម្មតាមួយ ប៉ុន្តែវាអាចនឹងមានសភាពឈឺចាប់ជាខ្លាំង ក្នុងរយៈពេលជាច្រើនថ្ងៃ ហើយវាក៏អាចនឹងបង្កឱ្យមានបញ្ហាសុខភាពចម្បងៗផ្សេងទៀតបានដែរ។ វាក៏អាចជះឥទ្ធិពលទៅលើទម្លាប់នៃការរស់នៅប្រចាំថ្ងៃ និងសុខុមាលភាពជាទូទៅរបស់អ្នកបានដែរ។ ដូច្នេះវាពិតជាចាំបាច់ ក្នុងការយកចិត្តទុកដាក់ឱ្យបានឆាប់ ចំពោះការឈឺចាប់ចង្កេះ នៅពេលដែលអ្នកសម្គាល់បានពីបញ្ហានេះ៕
ត្រួតពិនិត្យដោយ៖ https://www.health.com.kh/
អ្នកសរសេរអត្ថបទ
