រំលំដើមសំរងយកផ្លែ! ប្ដីប្រពន្ធនៅខេត្តកោះកុងបានស្លាប់ ដោយសារដើមសំរង​​សង្កត់លើ
  • ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១០:០៩ នាទី ព្រឹក
រំលំដើមសំរងយកផ្លែ! ប្ដីប្រពន្ធនៅខេត្តកោះកុងបានស្លាប់ ដោយសារដើមសំរង​​សង្កត់លើ
រូបភាព៖ ក្រសួងបរិស្ថាន

 ភ្នំពេញ៖ ប្ដីប្រពន្ធមួយគូនៅខេត្តកោះកុង ត្រូវបានគេប្រទះឃើញស្លាប់ នៅក្រោមដើមសំរង ក្រោយពេលកាប់រំលំដើម ដើម្បីប្រមូលយកផ្លែទៅលក់។ ​ក្រសួងបរិស្ថាន បាន​ផ្សាយ​ករណី​នេះ នៅទំព័រហ្វេសប៊ុក នៅថ្ងៃទី២២ ខែមេសា។

TTN-Free-Banner-In-Article-PC

លោក យួត ហេងប៊ុនម៉ា អធិការស្រុកបូទូមសាគរ ដែលត្រូវបានក្រសួងបរិស្ថានស្រង់សម្តី​​មកចុះផ្សាយ បានបញ្ជាក់​ថា ជនរងគ្រោះទាំង២រូបនេះ​បាន​បាត់ខ្លួនជាច្រើនថ្ងៃ​ហើយ។ ក្រោយ​ការស្វែងរក គេបានប្រទះឃើញសពប្តីប្រពន្ធទាំង២ ដែលត្រូវត្រូវដើមសំរង​រលំ​សង្កត់​​លើ នៅម៉ោងជិត ៨យប់ ថ្ងៃទី២២ ខែមេសា នៅក្នុងព្រៃនៃភ្នំកំពង់ប្លូ ស្ថិតនៅភូមិ​ទួលពោធិ៍ ឃុំតានូន ស្រុក​បូទុមសាគរ ខេត្តកោះកុង។

បើតាមអធិការស្រុកបូទូមសាគរដដែល ក្នុងឆ្នាំ២០២៥នេះ មានមនុស្ស៤នាក់ហើយ បាន​ស្លាប់ ពាក់ព័ន្ធនឹងករណីកាប់ដើមសំរង ហើយបណ្តាលឱ្យបាក់សង្កត់លើ​។

ក្រសួងរិស្ថាន ​សោកស្ដាយចំពោះមរណភាពរបស់ពលរដ្ឋទាំង២។ កន្លងមក ក្រសួង​​តែង​រំឭក​ដាស់តឿន និងហាមពលរដ្ឋ ​កាប់​រំដើម​សំរងដើម្បីយកផ្លែ ​ដ្បិតវានឹងមិនត្រឹម​តែ​​អាច​បណ្ដាលឱ្យបា​ត់បង់ជីវិត​ដោយ​យថា​ហេតុប៉ុណ្ណោះទេ ប៉ុន្តែទង្វើល្មើសច្បាប់ ក៏ធ្វើឱ្យបា​ត់បង់​ប្រភេទជីវៈចម្រុះដ៏សំខាន់សម្រាប់បរិស្ថាន និងសេដ្ឋកិច្ចមូលដ្ឋានផងដែរ។

នៅអំឡុងខែមីនា និងមេសា ដែលជារដូវប្រមូលផ្លែសំរង ​មានជនខិលខូចមួយចំនួនតូច បាន​ចូលប្រមូលផ្លែសំរ៉ង ដោយ​ការកាប់រំលំដើម ឬកាប់មែក ដែលបង្កឱ្យបាត់បង់ធ្ងន់ធ្ងរ ដល់​ពូជរុក្ខជាតិ ប្រភេទជីវៈចម្រុះ ពិសេសតម្លៃនៃការអភិរក្ស និងការរស់​នៅប្រដោយ​ចីរភាព របស់​​ពលរដ្ឋនៅសហគមន៍នោះ។ ក្រសួងបរិស្ថានបញ្ជាក់ដូច្នេះ ដោយបន្ត​ទទូច​ជាថ្មី ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ច និងកង​កម្លាំងគ្រប់លំដាប់ថ្នាក់ ព្រមទាំង​ប្រ​ជា សហគមន៍​ ​ឱ្យបន្តសហការគ្នាក្នុងការពង្រឹងការអនុវត្តច្បាប់ ជាពិសេសចាត់វិធានការការ​ពារ និងទប់ស្កាត់ការកាប់ដើមសំរង ឬមែកសំរង។

យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ តាមមាត្រា៨៥០ ក្នុងចំណុច «គ» ​ការកាប់ ផ្តួល រំលំ គ្រៀវ ចងរិត បំពុល ធ្វើឱ្យរបួស ធ្វើឱ្យខូចខាត គាស់រម្លើង រុករាន ឬបំផ្លាញព្រៃ​ឈើ និងរុក្ខជាតិព្រៃ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី៥ និងទី៦ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិ​ព្រៃ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជា​ប្រាក់ពី ១០០ ០០០ ០០០រៀល ទៅ៥០០ ០០០ ០០០រៀល។ ដោយឡែក តាមមាត្រា៨៥១ ក្នុង​ចំណុច «ខ» ចំពោះជនណា កាប់ ផ្តួល រំលំ គ្រៀវ ចងរិត បំពុល ធ្វើឱ្យរបួស ធ្វើឱ្យខូច​ខាត គាស់រម្លើង រុករាន ឬបំផ្លាញព្រៃឈើ និងរុក្ខជាតិព្រៃ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី២ ដល់ទី៤ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិព្រៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ​១០ឆ្នាំ​៕ 

អត្ថបទទាក់ទង


អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា