- ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១១:០៩ នាទី ព្រឹក

ប្រមុខអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២២ ខែមេសា បានប្រកាសពីផែនការកាត់បន្ថយបុគ្គលិកជាច្រើននាក់ ក្រោយរដ្ឋបាលអាម៉េរិក ប្រកាសផ្អាកជំនួយ។ អង្គការសុខភាពពិភពលោក នឹងកាត់បន្ថយមន្រ្តីជាន់ខ្ពស់ និងនាយកដ្ឋានរបស់ខ្លួនលើសពីពាក់កណ្តាល។
ក្រោយអាម៉េរិក ប្រកាសដកខ្លួនពី អង្គការសុខភាពពិភពលោក (WHO) ដែលពឹងផ្អែកលើជំនួយ និងការបរិច្ចាគ បានប្រកាសកាត់បន្ថយបុគ្គលិក និងនាយកដ្ឋានជាច្រើន ដ្បិតកញ្ចប់ថវិកាចំណាយមានការថយចុះ។ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នៅថ្ងៃទី២០ ខែមករា បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិដកខ្លួនចេញពីអង្គការសុខភាពពិភពលោក ក្រោមហេតុផល មិនអាចគ្រប់គ្រងជំងឺកូវីដ-១៩, រងឥទ្ធិពលពីរដ្ឋសមាជិក និងមិនអាចធ្វើកំណែទម្រង់បានត្រឹមត្រូវ។
«ការធ្លាក់ចុះប្រភពថវិកាភ្លាមៗ បានធ្វើឱ្យយើងប្រឈមនឹងភាពខ្វះខាតផ្នែកប្រាក់បៀវត្ស និងគ្មានជម្រើស ប៉ុន្តែត្រូវកាត់បន្ថយចំនួនបុគ្គលិក និងការងារជាច្រើន»។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការ WHO បែបនេះនៅថ្ងៃទី២២ ខែមេសា ដោយបន្ថែមថា បញ្ហានេះធ្វើឱ្យអង្គការមួយនេះ ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។
អាម៉េរិកជាម្ចាស់ជំនួយធំរបស់អង្គការសុខភាពពិភពលោក ដោយបានផ្តល់ជំនួយទំហំ១,៣ពាន់លានដុល្លារ ក្នុងផែនការថវិកាឆ្នាំ២០២២-២០២៣។ នៅក្នុងឆ្នាំ២០២៤ អាម៉េរិក មិនបានផ្តល់វិភាគទានរបស់ខ្លួនឡើយ ហើយឆ្នាំ២០២៥ រឹតតែមិនអាចទៅរួច ព្រោះលោកត្រាំ បានប្រកាសដកខ្លួនចេញពីអង្គការអន្តរជាតិមួយនេះហើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
បើតាមលោក Tedros ការបដិសេធរបស់អាម៉េរិក ក្នុងការបង់វិភាគទាននៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ និងការកាត់បន្ថយជំនួយអភិវឌ្ឍន៍ពីបណ្តាប្រទេសផ្សេង ធ្វើឱ្យអង្គការ WHO ប្រឈមការខ្វះខាតថវិកាបើកឱ្យបុគ្គលិកសម្រាប់ឆ្នាំ២០២៦ ដល់ឆ្នាំ២០២៧ ចន្លោះពី៥៦០លានដុល្លារ ដល់៦៥០លានដុល្លារ។ ក្នុងទំហំប៉ុននេះ វាស្មើនឹងការចំណាយបុគ្គលិក ២៥ភាគរយរបស់អង្គការ។ ក្នុងពេលបច្ចុប្បន្ន អង្គការសុខភាពពិភពលោក មានបុគ្គលិកប្រមាណ ៨ ០០០នាក់ នៅជុំវិញពិភពលោក។
ដ្បិតចំណូល កំពុងខ្វះខាតច្រើន ប៉ុន្តែប្រមុខអង្គការសុខភាពពិភពលោករូបនេះ មិនបានបញ្ជាក់ឱ្យបានលម្អិតឡើយ ថាតើការងារប៉ុន្មាន នឹងត្រូវបាត់បង់។ ជុំវិញការកាត់បន្ថយបុគ្គលិក លោក Tedros បានអះអាងថា មន្រ្តីជាន់ខ្ពស់ នៅស្នាក់ការកណ្តាល នឹងកាត់បន្ថយពី១២នាក់ ទៅ៧នាក់ ហើយចំនួននាយកដ្ឋាននឹងកាត់បន្ថយពី ៧៦ ទៅ៣៤។
សូមបញ្ជាក់ថា កញ្ចប់ការចំណាយរបស់អង្គការសុខភាពពិភពលោក នៅក្នុងឆ្នាំ២០២៤-២០២៤ មានទំហំ ៦,៨៣ ពាន់លានដុល្លារ៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
