- ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១១:៤១ នាទី ព្រឹក

សេតវិមានអាម៉េរិក កំពុងរករដ្ឋមន្រ្តីការពារជាតិអាម៉េរិកថ្មី ជំនួសតំណែងលោក Pete Hegseth។ សារព័ត៌មាន NPR បានចុះផ្សាយបែបនេះ នៅថ្ងៃទី២២ ខែមេសា ដោយស្រង់ប្រភពមន្រ្តីដែលសុំមិនបញ្ចេញឈ្មោះ។ ការចុះផ្សាយព័ត៌មានបែបនេះ កើតមានក្រោយលោក Pete Hegseth រដ្ឋមន្រ្តីការពារជាតិ ធ្វើឱ្យបែកធ្លាយព័ត៌មានសម្ងាត់ជាបន្តបន្ទាប់។
ប្រមុខការពារជាតិអាម៉េរិក លោក Pete Hegseth កំពុងមានបញ្ហាចម្រូងចម្រាសខ្លាំង ក្រោយបន្តចែករំលែកព័ត៌មានសម្ងាត់ចូលទៅក្នុងក្រុមឈែត (Group Chat) ដែលមានសមាជិកមេធាវី, ភរិយា និងបងប្អូនប្រុស។ តាមមន្រ្តីអាម៉េរិកដែលសុំមិនបញ្ចេញឈ្មោះ លោក Hegseth បានរៀបរាប់ពីផែនការវាយប្រហារលើក្រុមហ៊ូធី ក្នុងបណ្តាសង្គម Signal នៅខែមីនា។
ជុំវិញបញ្ហានេះ មន្រ្តីអាម៉េរិក ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា សេតវិមាន បានចាប់ផ្តើមដកលោក Hegseth ជារដ្ឋមន្រ្តីការពារជាតិហើយ និងកំពុងរកបេក្ខជនជំនួស។
យ៉ាងណាមិញ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានបដិសេធព័ត៌មានដកលោក Hegseth ពីតំណែង តាមបណ្តាញសង្គម X។ បើតាមមន្រ្តីអាម៉េរិករូបនេះ លោក Hegseth បានធ្វើការងារល្អណាស់ ហើយលោកត្រាំ តែងតែគាំទ្ររូបលោក។
ចំណែក ប្រមុខការពារជាតិអាម៉េរិក បានច្រានចោលកំហុសរបស់ខ្លួន នៅ White House Easter ក្នុងថ្ងៃទី២១ ខែមេសា ហើយថាប្រព័ន្ធផ្សព្វផ្សាយព្យាយាមបំផ្លាញកេរ្តិ៍ឈ្មោះរបស់លោក៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
