- ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៣:២៩ នាទី រសៀល

ចាប់តាំងពីស្បថចូលកាន់តំណែង កាលពីថ្ងៃទី ២០មករា ឆ្នាំ២០២៥ មានរយៈពេល១០០ថ្ងៃដែលលោកដូណាល់ ត្រាំបានត្រលប់មកកាន់អំណាច ដឹកនាំអាមេរិកសាជាថ្មី។ នៅក្នុងរយៈពេល១០០ថ្ងៃនេះ លោកដូណាល់ ត្រាំបានប្រែក្រឡាប់ចាក់ក្បួនច្បាប់ សណ្តាប់ធ្នាប់ពិភពលោក ដែលរដ្ឋកាអាមេរិកកន្លងមកបានព្យាយាមកសាងជាង៨ទសវត្សរ៍។ នៅ១០០ថ្ងៃមកនេះ តើលោកដូណាល់ ត្រាំស្តីបន្ទោសមេដឹកនាំប្រទេសផ្សេងទៀត និងធ្វើឲ្យទីផ្សារពិភពលោកចលាចល? តើលោកដូណាល់ ត្រាំកំពុងសងសឹកសត្រូវនិងព្យាយាមកាត់ចង្កូតអាមេរិកតាមមហិច្ឆតានយោបាយរបស់លោក?
គ្មាននរណា ដឹងឲ្យបា្រកដទេថា តើនឹងមានរឿងអ្វីកើតឡើង នៅពេលលោកដូណាល់ត្រាំត្រឡប់មកសេតវិមានវិញ។ ប៉ុន្តែអ្វីដែលគេសម្គាល់បាននោះ នារយៈពេល១០០ថ្ងៃនៃការកាន់អំណាច លោកដូណាល់ ត្រាំកំពុងប្រែក្លាយអំណាចរបស់លោកឲ្យទៅជាអំណាចរបស់អធិរាជតែម្តង។ គេនៅចាំបានថា លោកដូណាល់ ត្រាំ បានចាញ់ឆ្នោតនៅចំពោះលោកចូ បៃដិន ហើយអាណត្តិទីមួយដ៏រញ៉េរញ៉ៃរបស់លោកបានបិទបញ្ចប់ទៅជាមួយក្តីអាម៉ាស់ កុបកម្មនៅវិមានកាពីតូល កាលឆ្នាំ២០២១។
លោកដូណាល់ ត្រាំ ក៏បានរស់នៅជាមួយអារម្មណ៍មួហ្មង ខឹងសម្បារ គុំគួនតាំងពីពេលនោះមក។ លោក Matt Dallek នៃសាកលវិទ្យាល័យ George Washington បានវាយតម្លៃថា លោកដូណាល់ ត្រាំលើកនេះ មានចិត្តគំនិតផ្តាច់ការជាងលោកដូណាល់ ត្រាំអាណត្តិទី១។ ខុសប្លែកពីអាណត្តិមុន លោកដូណាល់ ត្រាំ នៅពេលនេះ កំពុងបង្អួត ធ្វើខ្លួនលោកដូចជាតារានៅក្នុងកម្មវិធីទូរទស្សន៍ ជាច្រើនមិនចេះចប់ ដូចជា គាត់ចុះហត្ថលេខាលើក្រឹត្យនៅមុខសាធារណជន និងឆ្លើយសំណួររបស់អ្នកកាសែត នៅការិយាល័យប្រធានាធិបតីអាមេរិកនៅសេតវិមានស្ទើរតែរៀងរាល់ថ្ងៃ។
ក្រឹត្យបញ្ជាជាបន្តបន្ទាប់របស់លោកដូណាល់ ត្រាំបានបើកដៃឲ្យមានការវាយប្រហារ មិនធ្លាប់មានពីមុន ទៅលើមូលដ្ឋានគ្រឹះប្រជាធិបេតយ្យអាមេរិក និងសណ្តាប់ធ្នាប់ពិភពលោក។
ភាពគឃើ្លន ដោយមានការជួយជ្រោមជ្រែងដ៏ចម្រូងចម្រាសពីលោក Elon Musk មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកនោះ លោកដូណាល់ ត្រាំ បានបើកយុទ្ធនាការគាស់រំលើង ធ្វើឲ្យហិនហោចរដ្ឋបាលសហព័ន្ធ ដែលលោកចាត់ទុកថា ជាផ្នែកមួយនៃ «ក្រុមសេរីនិយម កម្អែលចាស់»។
ជាមួយនឹងទ្រឹស្តីការពារប្រយោជន៍អាមេរិកមុនគេនោះ លោកដូណាល់ ត្រាំ បានយកមកប្រើឡើងវិញនូវច្បាប់ នាសម័យកាលសង្គ្រាម ដើម្បីចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ទៅពន្ធនាគារដ៏ធំសម្បើម នៅប្រទេស El Salvador ខណៈព្រមានពលរដ្ឋអាមេរិកថា ពួកគេក៏អាចជាអ្នកបន្ទាប់ដែលត្រូវចាប់បញ្ជូនទៅ El Salvador។
បន្ថែមពីនេះ លោកបានចេញមុខតតាំងនឹងចៅក្រម និងដាក់សម្ពាធ រករឿងដាក់ទោសទណ្ឌលើក្រុមហ៊ុនច្បាប់ជាច្រើន ដែលធ្លាប់ចូលរួមនៅក្នុងសំណុំរឿងក្តីក្តាំស៊ីវិល និងឧក្រិដ្ឋកម្មប្រឆាំងនឹងលោកកន្លងមក។ សត្រូវដ៏ធំមួយដែលលោកដូណាល់ ត្រាំគុំគួន ស្អប់ខ្លាំងជាងគេ គឺអ្នកកាសែត។ គិតចាប់តាំងពីថ្ងៃចូលកាន់អំណាចសាជាថ្មី លោកដូណាល់ ត្រាំ គ្មានសមានចិត្តនឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដោយបានបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយយ៉ាងចាស់ដៃ តាមរយៈការរកាត់ផ្តាច់ លែងផ្តល់ថវិកាដល់វិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរីជាដើម។ លោកដូណាល់ ត្រាំបានចាត់ទុកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលធ្លាប់រិះគន់លោកថា «ជាសត្រូវប្រជាជន» ហើយលោកថែមទាំងដាក់កំហិតរឹតត្បិតមិនឲ្យអង្គភាពព័ត៌មានជាច្រើនបានទៅរាយការណ៍ព័ត៌មានពីលោកនៅសេតវិមាន។
លោកដូណាល់ ត្រាំ ក៏មិនសូវចូលចិត្តកម្មវិធីសិក្សាស្រាវជ្រាវប៉ុន្មានដែរ ដោយនាពេលថ្មីៗចុងក្រោយនេះ លោកបានបើកការបោសសម្អាតមនោគមវិជ្ជា កាត់ផ្តាច់កម្មវិធីចម្រុះជាតិសាសន៍ និងកំណត់គោលដៅលើសាកលវិទ្យាល័យជាច្រើន។
បើក្រលេកទៅមើលសភាអាមេរិកវិញ ដែលមានសិទ្ធិអំណាចពេញទីនិងខ្ពស់បំផុតលើការគ្រប់គ្រងការចំណាយរបស់រដ្ឋាភិបាល ក៏ត្រូវលោកដូណាល់ ត្រាំទុកចោលឲ្យនៅដោយឡែក។
ក្នុងរឿងខ្ទប់បំបិទសំឡេងសភានេះ ពួកសាធារណរដ្ឋបានជំរុញឲ្យលោកដូណាល់ ត្រាំដណ្តើមយកអំណាច ខណៈពួកប្រជាធិបតេយ្យដែលត្រូវបានគាបសង្កត់ បានប្រមូលផ្តុំគ្នាទាំងត្រដាបត្រដួស ដើម្បីវាយបកទៅវិញ។ លោកដូណាល់ ត្រាំ មិនត្រឹមបង្កភាពរំជើបរំជួលតែនៅវ៉ាស៊ីនតោនតែប៉ុណ្ណោះទេ លោកថែមទាំងបានធ្វើឲ្យពិភពលោកឈឺក្បាល និងខឹងសម្បារ ជាមួយពាក្យសម្តីអាងយ៉ាង ចង់ក្តោបយកតំបន់ Greenland និងព្រែកជីក Panama ចំណែកប្រទេសកាណាដា លោកដូណាល់ ត្រាំចង់ក្រសោបយកមកធ្វើជារដ្ឋទី៥១របស់អាមេរិក។
ការនិយាយអះអាងរបស់លោកដូណាល់ ត្រាំក្តែងៗបែបនេះ ជាការបន្ទរដល់គោលគំនិតវាតទីនិយមរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ លោកដូណាល់ ត្រាំមានរឿងច្រើនទៀត ដែលធ្វើឲ្យអ្នកបោះឆ្នោតអាមេរិកខ្លះស្រងាកចិត្ត ដូចជារឿងដែលលោកយកមនុស្សដែលមានទស្សនៈខុសគេឯង មកនៅក្បែរខ្លួន។ ជាក់ស្តែង លោកRobert Kennedy ដែលមានជំហរ សង្ស័យពីប្រសិទ្ធភាពរបស់វ៉ាក់សាំង បែរជាត្រូវលោកដូណាល់ ត្រាំដំឡើងឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិកទៅវិញ។
អ្វីៗកើតឡើងដោយ គេមិនអាចស្មានដល់។
ប៉ុន្តែជារួមមក ការវិលត្រឡប់របស់លោកដូណាល់ ត្រាំ ជាថ្មីនេះ ផ្តល់ការកត់សម្គាល់នូវទិដ្ឋភាពស្រដៀងគ្នាខ្លះៗ ធៀបនឹងអាណត្តិមុន ដូចជារឿងលោកប្រឹងលាក់មហាជនមិនឲ្យដឹងថា ការគាំទ្ររបស់ម្ចាស់ឆ្នោតចំពោះលោក បានធ្លាក់ដាំក្បាលចុះ។ ក្នុងអាណត្តិទីពីរ ដ៏ច្របូកច្របល់ លោកដូណាល់ ត្រាំ ក៏កំពុងបិទបាំងអត្រាគាំទ្រការកាន់អំណាចរបស់លោក ដែលបានស្រុតចុះខ្លាំង ជាងរាល់ប្រធានាធិបតីអាមេរិកក្រោយសង្គ្រាមលោកលើកទីពីរទៅទៀត។
អារម្មណ៍ច្រឡោត ខឹងសម្បាររបស់លោកដូណាល់ ត្រាំនៅការិយាល័យពងក្រពើជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដែលត្រូវបានលើកទឹកចិត្តដោយអនុប្រធានាធិបតីអាមេរិកលោក JD Vance បានបង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំងនៅក្នុងចំណោមសម្ព័ន្ធមិត្តរបស់អាមេរិក ដែលរកាំចិត្តរួចទៅហើយដោយសារការទន់ទោរបស់លោកដូណាល់ ត្រាំទៅរកប្រធានាធិបតីរុស្ស៊ី។
រឿងអាស្រូវចុងក្រោយដែលលោកដូណាល់ ត្រាំ កំពុងធ្វើឲ្យពិភពលោកជ្រួលច្របល់ ក្រឡាប់ចាក់ នោះ គឺលោកបានបោះមួយជំហានលឿនដូចព្យុះ ជាមួយនឹងចំណាត់ការផាត់ចោលអត្រាពន្ធសកលលោក។ ជាក់ស្តែង គ្រាន់តែលោកដូណាល់ ត្រាំប្រកាសដំឡើងពន្ធខ្ពស់កប់ពពកលើទំនិញពីគ្រប់ប្រទេស ដោយមិនលើកលែង ទីផ្សារភាគហ៊ុនពិភពលោកបានធ្លាក់ដាំដូង។ រឿងនេះត្រូវបានគេចាត់ទុកថា
ជាមធ្យោបាយមួយគត់ដើម្បីផ្ទៀងផ្ទាត់អំណាចពិតប្រាកដរបស់លោកដូណាល់ ត្រាំ។
នៅពេលលោកត្រូវបានគេសួរថាតើលោកបានឈានដល់ការសម្រេចចិត្តលើការយកពន្ធយ៉ាងដូចម្តេច លោកដូណាល់ ត្រាំ តបថា ដូចមិនបានគិតអីច្រើនទេ ពោលគឺវា គ្រាន់តែជាការសម្រេចមួយដែលមិនព្រាងទុកមុន។ ក្រោយលោកក្រឡុកពិភពលោក ហើយបង្កឲ្យមានការអាក់អន់ចិត្តដល់ប្រទេសជាច្រើននោះ សំណួរសួរថា តើលោកដូណាល់ ត្រាំ ដែលពេលខ្លះចាត់ទុកខ្លួនឯងថាជា«ស្តេច»នោះ នឹងមានឆន្ទៈបោះបង់អំណាចចោលដែរឬទេ? សំណួរនេះលេចធ្លោឡើង បន្ទាប់ពីលោកដូណាល់ ត្រាំផ្ទាល់ខ្លួននិយាយថា លោកមិននិយាយលែងសើចទេ លោកចង់ធ្វើជាប្រធានាធិបតីអាណិត្តទីបី បើទោះបីវារំលោភលើរដ្ឋធម្មនុញ្ញក៏ដោយ៕
ដោយ៖ ហ៊ុល រស្មី (RFI ខេមរភាសា)
