រដ្ឋសភាប្រកាសរើសសមាជិកក្រុមធម្មនុញ្ញជំនួសលោក យក់ ង៉ុយ
- ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៤:០១ នាទី រសៀល

អគ្គលេខាធិការដ្ឋានរដ្ឋសភា កាលពីថ្ងៃទី២២ ខែមេសា បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសឥស្សរជន១រូបក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អណត្តិ៩ឆ្នាំ (២០២៥-២០៣៤)។ ឥស្សរជនដែលនឹងត្រូវជ្រើសតាំងនោះ ត្រូវជំនួសលោក យក់ ង៉ុយ ដែលត្រូវចប់អណត្តិ។

ជីវប្រវត្តិរូបសង្ខេប អាយុយ៉ាងតិច៤៥ឆ្នាំ បទពិសោធន៍ការងាររដ្ឋយ៉ាងតិច១៥ឆ្នាំ កម្រិតឧត្តមសិក្សាផ្នែកច្បាប់ រដ្ឋបាល ការទូត ឬសេដ្ឋកិច្ច និងមានហត្ថលេខាគាំទ្របេក្ខជនពីសមាជិកសភាចំនួន១៣។ ទាំងនេះ ជាឯកសារសំខាន់ៗ ដែលបេក្ខជន ត្រូវភ្ជាប់ក្នុងលិខិតដាក់ពាក្យសុំឈរឈ្មោះ។
បើតាមលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ការទទួលពាក្យចាប់ផ្តើមពីថ្ងៃទី២៣ ខែមេសា នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ កាលបរិច្ឆេទឈប់ទទួលពាក្យ គឺត្រឹមល្ងាចថ្ងៃទី១៣ ខែឧសភា។
សមាសភាពក្រុមប្រឹក្សាធម្មនុញ្ញ៣ឆ្នាំលើកទី៩ (២០២២-២០២៥) ដឹកនាំលោកលោក អ៊ឹម ឈុនលឹម រីឯសមាជិករួមមាន លោក ហ៊ី សោភា, លោកស្រី លី វួចឡេង, លោក កែវ ពុទ្ធរស្មី, សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស, លោក អ៊ុជ គឹមអន, លោក ឌុយ ធៅ, លោក ស្រី ណូរី និងលោក យក់ ង៉ុយ។
ក្រុមប្រឹក្សាធម្មនុញ្ញគឺជាស្ថាប័នកំពូលមួយ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ សម្រាប់ការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និង ច្បាប់ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ និង សម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នាតជ្រើសតាំងតំណាងរាស្ដ្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com