- ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៥:០១ នាទី ល្ងាច

រាជរដ្ឋាភិបាល បានសម្រេចបន្តការលើកលែងពន្ធលើអចលនទ្រព្យដល់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦ ទោះបីជាបាន ឬមិនទាន់បានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥ក្តី រហូតដល់ដំណាច់ឆ្នាំ២០២៨។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២៣ ខែមេសា ការលើកលែងពន្ធលើអចលនទ្រព្យនេះ គឺជាការលើកទឹកចិត្តបន្ថែម របស់រាជរដ្ឋាភិបាល ដល់ម្ចាស់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុទាំងអស់។
ក្រសួងសេដ្ឋកិច្ច បញ្ជាក់ថា ការលើកលែងនេះ គឺគ្របដណ្តប់ចំពោះគម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែល និងទាំងគម្រោងដែលស្ថិត ឬមិនស្ថិតក្នុងក្របខណ្ឌនៃ«កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។
ចំពោះគម្រោងអគារជាប់គាំង ដែលមិនទាន់ទទួលបានការសម្រួល និងលើកទឹកចិត្តផ្សេងៗទៀត រួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារ តាមរយៈ«កម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច បានប្រាប់ឱ្យម្ចាស់គម្រោងដាក់ពាក្យស្នើសុំ ទៅក្រុមការងារ ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុដើម្បីទទួលបានការសម្រួល និងការលើកទឹកចិត្តផ្សេងៗបន្ថែមពីលើការលើកលែងពន្ធលើអចលនទ្រព្យនេះ។
យ៉ាងណា ការអនុគ្រោះនេះ ពុំមានអានុភាពប្រតិសកម្ម ចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ច។
សូមជម្រាបថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ ត្រូវបានសម្តេច ហ៊ុន ម៉ាណែត ប្រកាសដាក់អនុវត្តនូវ កាលពីថ្ងៃទី៣១ ខែមករា ដើម្បីទាក់ទាញទាក់ទាញវិនិយោគិនអន្តរជាតិ។ កម្មវិធីគោលនយោបាយនេះ មានលក្ខណៈពិសេស ច្រើន ជាមួយកញ្ចប់លើកទឹកចិត្តនានា សម្រាប់វិនិយោគិន ទាំងផ្នែកពន្ធដារ និងមិនមែនពន្ធដារ ខណៈខេត្តនេះមានសក្តានុពលខ្ពស់ក្នុងការវិនិយោគ។
ជាមួយគ្នានេះ រដ្ឋាភិបាលបានសម្រេចបង្កើត «ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំដោយលោក ហ៊ាន សាហ៊ីម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
អ្នកសរសេរអត្ថបទ
