- ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ល្ងាច

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងថា ពន្ធនាំចូល ១៤៥ភាគរយ ដែលដាក់លើប្រទេសចិន នឹងត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ប្រសិនបើប្រទេសទាំងពីរឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ប៉ុន្តែនឹងមិនធ្លាក់ដល់អត្រា០ភាគរយទេ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval នៅថ្ងៃទី២២ ខែមេសា លោក ដូណាល់ ត្រាំ បានប្រកាសថា ពន្ធគយ ១៤៥ភាគរយគឺជា«អត្រាពន្ធខ្ពស់ណាស់»ហើយមិនអាចរក្សានៅតួលេខបច្ចុប្បន្ននោះទេ។ លោកបានបង្ហាញសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិនអាច«កាត់បន្ថយយ៉ាងច្រើន»ជុំវិញពន្ធគយទាំងនោះ។
«កម្រិតថ្មីមិនស្ថិតនៅកៀកតួលេខបច្ចុប្បន្នទៀតទេ ប៉ុន្តែវាក៏មិនមែនសូន្យដែរ»។ លោក ត្រាំ បញ្ជាក់បែបនេះ។ ប្រធានាធិបតីអាម៉េរិករូបនេះក៏បានសង្កត់ធ្ងន់ថា លោកមិនមានអារម្មណ៍ថា«ត្រូវមានភាពតឹងរ៉ឹង និងសប្បុរស»ជាមួយចិននោះទេ។
លោក ត្រាំ អះអាងថា ចិនត្រូវតែឈានដល់កិច្ចព្រមព្រៀងមួយ ប្រសិនបើខ្លួនចង់ធ្វើអាជីវកម្មនៅអាម៉េរិក។ លោកបន្តថា ៖«ប្រសិនបើពួកគេមិនធ្វើបែបនេះទេ យើងធ្វើកិច្ចព្រមព្រៀងដោយខ្លួនឯង»។
តាមរយៈការដំឡើងពន្ធជាច្រើនលើក ពន្ធនាំចូលសរុបរបស់អាម៉េរិកដែលបានអនុវត្តចំពោះទំនិញចិនទាំងអស់បានឡើងដល់ ១៤៥ភាគរយ។ ផលិតផលខ្លះជាប់ពន្ធមានរហូតដល់ ២៤៥ភាគរយ។ ប្រទេសចិនក៏បានឆ្លើយតបជាមួយនឹងអត្រាពន្ធ ១២៥ភាគរយលើទំនិញអាម៉េរិកដែរ។ ភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីរបានអង្រួនពិភពលោកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
សារព័ត៌មាន Reuters បានដកស្រង់ប្រភពដោយនិយាយថា រដ្ឋមន្ត្រីរតនាគារអាម៉េរិក លោក Scott Bessen យល់ថា ភាពតានតឹងពាណិជ្ជកម្មជាមួយចិននឹងធូរស្រាល។ ទោះយ៉ាងណា លោកបានបង្ហើបថា ប្រទេសទាំងពីរមិនទាន់បានចាប់ផ្តើមការចរចាជាផ្លូវការនៅឡើយទេ។
អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានបង្ហើបថា មានប្រទេសជាង១០០ បានទាក់ទងអាម៉េរិកសម្រាប់ការចរចា បន្ទាប់ពីលោក ត្រាំ បានប្រកាសដំឡើងពន្ធទៅមកកាលពីដើមខែនេះ។ ក្នុងនោះមានប្រទេសចំនួន ១៨ បានដាក់សំណើកិច្ចព្រមព្រៀង។ មន្ត្រីមកពីប្រទេសជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង សហភាពអឺរ៉ុប កាណាដា និងម៉ិកស៊ិក សុទ្ធតែបានជួបពិភាក្សាជាមួយអាម៉េរិក។
សម្រាប់ចិន លោកស្រី Leavitt បាននិយាយថា រដ្ឋបាលអាម៉េរិកកំពុងធ្វើការងារដ៏អស្ចារ្យមួយក្នុងការផ្លាស់ប្តូរ ឆ្ពោះទៅរកកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ និងកំណត់ដំណាក់កាលសម្រាប់កិច្ចព្រមព្រៀងមួយ៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
