- ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ល្ងាច

ភ្នំពេញ៖ បញ្ជីឈ្មោះចម្ការទុរេន សហគមន៍កសិកម្ម រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែទុរេន នឹង ត្រូវក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជូនទៅឱ្យគយចិនវាយតម្លៃបញ្ចប់ នៅខែឧសភាខាងមុខ មុននឹងនាំចេញជាផ្លូវការ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងកសិកម្ម នៅថ្ងៃទី២២ ខែមេសា។
ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ចិន ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយចិន ចុះហត្ថលេខា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។
ដើម្បីពន្លឿនការនាំចេញ ក្រសួងកសិកម្ម នៅថ្ងៃទី២២ ខែមេសា បានជូនដំណឹងដល់ម្ចាស់ចម្ការ សហគមន៍កសិកម្ម ម្ចាស់រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែទុរេនស្រស់ ដែលមានបំណងនាំចេញទៅកាន់ទីផ្សារប្រទេសចិន ឱ្យប្រញាប់ដាក់ពាក្យស្នើសុំចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម។ បន្ទាប់ពី ទទួលបានពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្ត្រីជំនាញចុះណែនាំ និងវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេស។
លោក អ៊ុក គង់ ប្រធានសមាគមទុរេនកម្ពុជា បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី២៣ ខែមេសាថា បច្ចុប្បន្ន កសិករនាំគ្នាសម្រុកដាំដំណាំទុរេនច្រើន ជាពិសេសនៅខេត្តត្បូងឃ្មុំ កំពង់ចាម រតនគិរី កោះកុង និងបាត់ដំបង។ ការណ៍នេះ បានធ្វើឱ្យពួកគេភ័យព្រួយពីបញ្ហាទីផ្សារ និងតម្លៃចុះថោក នៅរយៈពេលដ៏វែងខាងមុខ។
លោក អ៊ុក គង់ ប្រធានសមាគមទុរេនកម្ពុជា។ រូបភាព៖ ព្រឹទ្ធសភាកម្ពុជា
តែយ៉ាងណា បើសិនកម្ពុជា អាចនាំចេញទុរេនស្រស់ទៅកាន់ប្រទេសចិនបាន ប្រធានសមាគមទុរេនកម្ពុជា មានសុទិដ្ឋិនិយមថា វាជាឱកាស «មាស» ក្នុងការផ្ដល់ចំណូល និងទីផ្សារបន្ថែមដល់កសិករ ដែលកំពុងកើនឡើង ដ្បិតថា ចិន ជាប្រទសមហាអំណាចសេដ្ឋកិច្ច និងមានពលរដ្ឋច្រើន។ ឱកាសនេះ ក៏កើតឡើងស្របពេល គយចិន បដិសេធមិនទទួលទិញទុរេនពីប្រទេសជិតខាង ដោយសារផ្ទុកសាធាតុគីមីទៀតនោះ។
លោក អ៊ុក គង់ ប្រាប់ដូច្នេះថា៖ «ប្រទេសចិន មានប្រជាជនច្រើន ហើយខេត្តនីមួយៗសុទ្ធតែត្រូវការទុរេនសម្រាប់ការបរិភោគ។ ដូច្នេះបើសិនយើងនាំចេញបាន ខ្ញុំយល់ថាវាជាឱកាសមាស សម្រាប់ប្រជាកសិករដាំដុះទុរេននៅកម្ពុជា ក្នុងការទទួលបានទីផ្សារបន្ថែម ស្របពេលប្រទេសជិតខាងយើង(កម្ពុជា) ខកខាននាំចេញទៅទុរេនទៅចិន ដោយសារកំហុសបច្ចេកទេស និងការមិនគោរពភូតគាមអនាម័យ។ នេះជាដែលខ្ញុំគិតថា វាជាឱកាសមាស។»។
ទន្ទឹមនឹងឱកាសនេះ លោក អ៊ុក គង់ ក៏ទទូចឱ្យកសិករ យកចិត្តទុកដាក់លើការប្រើប្រាស់ជីថ្នាំ ឱ្យបានត្រឹមត្រូវ ជៀសវាងប៉ះពាល់ដល់អ្នកបរិភោគនៅប្រទេសចិន ដែលអាចធ្វើឱ្យខូចទីផ្សារទាំងមូលបាន។ មិនត្រឹមប៉ុណ្ណឹងទេ ប្រធានសមាគមទុរេនកម្ពុជារូបនេះ ក៏អំពាវនាវដល់កសិករជាប់ព្រំដែន បញ្ឈប់ការនាំផ្លែទុរេនពីប្រទេសជិតខាង ហើយក្លែងបន្លំលក់ជូនពលរដ្ឋក្នុងស្រុក និងនាំចេញទៅចិនផងដែរ។
បច្ចុប្បន្ន មានរោងចក្រវេខ្ចប់ចំនួនពីរ បានសាងសង់ជិតរួចហើយនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកសំឡូត ខេត្តបាត់ដំបង។ នេះបើតាម លោក អ៊ុក គង់ ដោយបន្ថែម ភាគីកម្ពុជា រង់ចាំតែការវាយតម្លៃ និងបើកភ្លើងខៀវពីគយចិនប៉ុណ្ណោះ៕
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។
