Ancelotti មិនខ្វល់ ទោះមានការជជែក​វែកញែកច្រើនពីតំណែងអ្នកចាត់ការ Real Madrid
  • ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៥:៥៩ នាទី ល្ងាច
Ancelotti មិនខ្វល់ ទោះមានការជជែក​វែកញែកច្រើនពីតំណែងអ្នកចាត់ការ Real Madrid

Real Madrid ធ្លាក់ចេញពីពានរង្វាន់ UEFA Champions League (UCL) ត្រឹមវគ្គ ៨ក្រុម ខណៈសល់ឱកាសស្តួចស្តើងប្រជែងពាន La Liga រដូវកាល ២០២៤-២៥។ លទ្ធផលនេះ ជាហេតុធ្វើឱ្យមានមតិជាច្រើនលើកឡើង និងវែកញែកអំពីអនាគតរបស់លោក Carlo Ancelotti ក្នុងនាមជាអ្នកចាត់ការក្រុម ប៉ុន្តែអ្នកចាត់ការសញ្ជាតិអ៊ីតាលី បានឆ្លើយតបថាលោកមិនបានខ្វាយខ្វល់អំពីរឿងរ៉ាវទាំងនេះទេ។

TTN-Free-Banner-In-Article-PC

បញ្ហាតំណែងរបស់បុរសវ័យ ៦៥ឆ្នាំ កំពុងត្រូវបានចោទជាសំណួរ ក្រោយពេលក្រុម Real Madrid ធ្លាក់ចេញពីពានរង្វាន់ UCL យ៉ាងអាម៉ាស់ ក្រោមថ្វីជើង Arsenal សរុបលទ្ធផលទាំង ២ជើង ៥-១ កាលពីសប្តាហ៍មុន​។ មកដល់ពេលនេះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានរាយការណ៍ថា លោក Ancelotti អាចនឹងចុះចេញពីតំណែងនៅចុងបញ្ចប់រដូវកាល ហើយបន្តចាប់យកតំណែងជាគ្រូបង្វឹកជម្រើសជាតិប្រេស៊ីល។

អ្នកចាត់ក្រុម Bayer Leverkusen លោក Xabi Alonso បានក្លាយជាបេក្ខភាពឈានមុខគេបង្អស់ ក្នុងការជំនួសតំណែង លោក Ancelotti សម្រាប់តំណែងអ្នកចាត់ការ​ក្រុមអធិរាជស ខណៈការលើកឡើងជាច្រើនផ្សេងទៀត ថាលោក Jurgen Klopp ក៏ជាបេក្ខភាពមួយរូបផងដែរ។

ទាក់ទងទៅនឹងការជជែកអំពីអនាគតនៅក្លិប Real Madrid អ្នកចាត់ការសញ្ជាតិអ៊ីតាលី បានឆ្លើយតបចំពោះអ្នកកាសែតដូច្នេះថា៖«ក្លិបបានដឹងរួចជាស្រេចហើយថា វានឹងក្លាយជាឆ្នាំប្រកួតប្រជែងដ៏តឹងតែងជាងឆ្នាំមុន។ យើងតែងរួមគ្នាគ្រប់គ្រងរាល់ស្ថានភាពអាក្រក់ទាំងនេះ ហើយភាពរីករាយតែងតែបន្ត ខ្ញុំពិតជាសប្បាយចិត្ត រីករាយខ្លាំងណាស់ ជាមួយនឹងសម្ពាធដ៏ច្រើន ប៉ុន្តែរឿងនេះតែងតែកើតឡើងបែបនេះទៅហើយ។ អ្នកមើលឃើញជោគជ័យឆាប់រហ័សពេក ហើយវានឹងបង្កើនបញ្ហាតានតឹងដល់អ្នក តែភាពតានតឹងគឺបានផ្តល់ថាមពលដ៏ខ្ញុំ វាមិនបានរំខានខ្ញុំនោះទេ វាជួយឱ្យខ្ញុំមានថាមពល គិតបានច្រើន និងរកដំណោះស្រាយបញ្ហាដែលកើតមាន។»។

Real Madrid បច្ចុប្បន្នកំពុងតែប្រដេញតាមប្រជែងពានក្របខណ្ឌ La Liga ពីក្រុម Barcelona ដែលកំពុងឈរនៅកំពូលតារាង ហើយពួកគេមានចំនួន ៧៦ពិន្ទុ ខណៈក្រុមមានទឹកដីក្នុងទីក្រុងម៉ាឌ្រីដ ឈរនៅលំដាប់លេខ ២ មានចំនួន ៦៩ពិន្ទុ និងចំណេញ ១ប្រកួត ក្នុងដៃ។

នៅថ្ងៃទី២៧ ខែមេសា Real Madrid ក៏នឹងមានភារកិច្ចសំខាន់បំផុតមួយថែមទៀត នោះគឺការប្រជែងពានរង្វាន់ Copa Del Rey វគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុមគូប្រជែង Barcelona។ មុនឈានដល់ការប្រកួតដណ្តើមពានក្នុងជំនួប El Clasico ក្រុមដឹកនាំដោយលោក Ancelotti នឹងត្រូវធ្វើដំណើរប្រកួតទល់នឹងក្រុមចំណាត់ថ្នាក់លេខ ១២ ក្នុងលីគកំពូលអេស្ប៉ាញ Getafe ខណៈក្រុមត្រូវធ្វើដំណើរគ្មានវត្តមានកីឡាករ Kylian Mbappe និង Ferland Mendy៕


អ្នកសរសេរអត្ថបទ

 អ្នក​យកព័ត៌មាន​កីឡា

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង