វិបត្តិ​​ថវិកា៖ កម្មវិធី​​ស្បៀង​អាហារ​ពិភពលោក​ ប្រកាស​ផ្តាច់​ជំនួយ​នៅ​អេត្យូពី
  • ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី យប់
វិបត្តិ​​ថវិកា៖ កម្មវិធី​​ស្បៀង​អាហារ​ពិភពលោក​ ប្រកាស​ផ្តាច់​ជំនួយ​នៅ​អេត្យូពី

កម្មវិធី​ស្បៀង​អាហារ​ពិភពលោក បាន​ប្រកាសផ្តាច់ជំនួយ​ឧបត្ថម្ភ​គម្រោង​ផ្គត់ផ្គង់​​អាហារូបត្ថម្ភ​ ក្នុងប្រទេស​ អេត្យូពី។ ការ​ផ្តាច់ជំនួយរបស់​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​នេះ នឹង​ប៉ះពាល់​ទៅដល់​​ស្ត្រី​និង​កុមារ ​យ៉ាងតិច ៦៥០ ០០០ នាក់​។​ ​

TTN-Free-Banner-In-Article-PC

នៅ​ប្រទេស​​អេត្យូពី កម្មវិធីស្បៀងអាហារពិភពលោកត្រូវ​បង្ខំចិត្ត​បញ្ចប់​គម្រោង​ផ្តល់​ជំនួយ​អាហារូបត្ថម្ភ ចំពោះ​ស្ត្រី​និងកុមារ  ចំនួន យ៉ាងតិច ៦៥០ ០០០ នាក់ យ៉ាង​យូរ​បំផុត​  ត្រឹម​ខែ​ឧសភា​ ខាងមុខ​​។ នេះបើតាម​សេចក្តីប្រកាស​របស់​ស្ថាប័ន​អង្គការសហប្រជាជាតិ នៅ​ថ្ងៃអង្គារ​ ទី​២២ ខែ​មេសា​ ឆ្នាំ២០២៥ ដោយ​បញ្ជាក់​លម្អិត​ថា ខ្លួន​គ្រោង​នឹង​ជួយ​ក្មេងៗ​និង​ស្រីៗ​ឲ្យ​បាន​ ២លាននាក់ នៅអេត្យូពី ក្នុង​ឆ្នាំនេះ ក៏ប៉ុន្តែ ដោយសារតែ​ខ្វះ​ថវិកា ម្ល៉ោះហើយ​ ប្រហែលជា​វត្ថុបំណង​លំបាក​នឹង​សម្រេច​ទៅបានណាស់​។ 

បើតាមកម្មវិធីស្បៀងអាហារពិភពលោកដដែល​ ប្រសិន​បើ​គ្មាន​ជំនួយ​ថវិកា​បន្ថែម​និងជា​បន្ទាន់​នោះទេ មនុស្ស​ប្រមាណ ៣,៦ លាននាក់ ​ត្រូវ​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ទទួល​ជំនួយ​ស្បៀងចំណី​អាហារ នៅ​អេត្យូពី​​។​

ជាការ​កត់​សម្គាល់​ វិបត្តិថវិកា​ក្នុង​វិស័យ​មនុស្សធម៌​នេះ ដចេញពី​​​វិបត្តិ​អន្តរជាតិ​ជាច្រើន ហើយ​ជាពិសេស​ គឺការផ្តាច់​ជំនួយ​អន្តរជាតិពីសំណាក់​រដ្ឋាភិបាល​អាមេរិកក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ ដូណាល់ ត្រាំ។ រដ្ឋាភិបាល​អាមេរិក​របស់​​លោក ត្រាំ បានប្រកាស​ផ្តាច់​ជំនួយ​ប្រមាណ​ ៨០% របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) កាលពី​ខែមីនា។ ភ្លាមៗ ក្រោយ​ការប្រកាស​ផ្តាច់ជំនួយនេះ កម្មវិធីស្បៀងអាហារពិភពលោក ក៏​ធ្លាប់​បា​នព្រមាន​ ដោយ​ក្តី​រំឭកថា កូនក្មេង​ ចំនួន​មិនតិច​ជាង​ ១ លាននាក់នោះទេដែលត្រូវរងគ្រោះខ្វះអាហារូបត្ថម្ភ​ជា​បន្ទាន់ ហើយទង្វើដូច្នេះ​ជា​ឧក្រិដ្ឋកម្ម​​។​

កាលពី​សប្តាហ៍​មុន អង្គការ​សហប្រតិបត្តិការនិង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ OCDE ជាស្ថាប័ន​មួយ​របស់​អង្គការ​សហប្រជាជាតិ បាន​ផ្សាយ​របាយការណ៍​មួយ ​ ដោយ​បញ្ជាក់ថា ជំនួយ​អន្តរជាតិ​ ពីសំណាក់​ស្ថាប័ន​សាធារណៈ​ ត្រូវ​កាត់​បន្ថយ​ ៧,១%​ បើប្រៀបធៀប​នឹង​ឆ្នាំ២០២៣។​ ការ​បន្ថយជំនួយនេះ កើតមាន​ជាទូទៅ មិនថា ជំនួយ​សម្រាប់​អ៊ុយក្រែន ជំនួយ​មនុស្សធម៌​អន្តរជាតិ និង​ជំនួយ​សម្រាប់​ជន​ភៀសខ្លួន​នោះឡើយ គឺ​ត្រូវ​កាត់បន្ថយ​គ្រប់​ទិសទី។

ការ​ប្រកាស​ផ្តាច់​ជំនួយ​ឧបត្ថម្ភរបស់​កម្មវិធីស្បៀងអាហារពិភពលោក នៅពេលនេះ កាន់តែ​បន្ថែម​បន្ទុក​លំបាក​វេទនា​ចំពោះប្រទេស​អេត្យូពី។  ​អេត្យូពី ជា​ប្រទេស​ធំ​មួយ​នៅ​អាហ្វ្រិក​ខាង​កើត ​មាន​ប្រជាជន​ប្រមាណ ១៣០ លាននាក់​ គឺ​ត្រូវប្រឈមមុខ​នឹង​វិបត្តិ​រាប់​រយ​ជំពូក​ ព្រោះតែ​សង្គ្រា​ម​ច្រើន​ប្រភពនិង​ច្រើន​ប្រភេទ​។ បើ​គិត​ត្រឹមតែ​ចន្លោះពី​​ឆ្នាំ២០២០ទៅឆ្នាំ​​២០២២ ជម្លោះប្រដាប់អាវុធនិង​សង្គ្រាម​ស៊ីវិលនៅ​អេត្យូពី​ ​បា​នបណ្តាល​ឲ្យ​ស្លាប់​ជីវិត​មនុស្ស ប្រមាណ ៦ សែននាក់  ហើយ​ប្រជាជនជាច្រើន​លាននាក់​ត្រូវ​បង្ខំចិត្ត​រត់ភៀសខ្លួន​។ 

ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ បាន​គូស​បង្ហាញថា ជម្លោះប្រដាប់អាវុធ អស្ថិរភាព​ក្នុង​តំបន់​ ការ​ផ្លាស់ទីលំនៅ បញ្ហា​វិបត្តិ​អាកាធាតុ​ និង​វិបត្តិ​សេដ្ឋកិច្ច បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​អេត្យូពី ​មិន​តិច​ជាង ១០ លាននាក់ ជួបគ្រោះ​អត់ឃ្លាន និង​ត្រូវ​ការ​ជំនួយ​អាហារូបត្ថម្ភ​ ជាចាំបាច់​៕

ដោយ៖ ហេង ឧត្តម (RFI ខេមរភាសា)


Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other