រដ្ឋសភា ប្រគល់សេចក្ដីព្រាងច្បាប់ ការធានាទូទាត់របស់រដ្ឋឱ្យក្រុមហ៊ុនអគ្គិសនី ២៤ច្បាប់ ទៅគណៈកម្មការជំនាញ
  • ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី យប់
រដ្ឋសភា ប្រគល់សេចក្ដីព្រាងច្បាប់ ការធានាទូទាត់របស់រដ្ឋឱ្យក្រុមហ៊ុនអគ្គិសនី ២៤ច្បាប់ ទៅគណៈកម្មការជំនាញ
សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា នៅកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាថ្ងៃទី២២មេសា ឆ្នាំ២០២៥។ រូបពី រដ្ឋសភា

ភ្នំពេញ៖ រដ្ឋសភា សម្រេចអនុម័តប្រគល់សេចក្ដីព្រាងច្បាប់ ពាក់ព័ន្ធនឹងការអនុម័ត យល់ ព្រមលើការធានាទូទាត់ របស់រដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុនវិនិយោគវិស័យថាមពល អគ្គិ​ស​នី ចំនួន២៤ច្បាប់ ដែលក្នុងនោះ មានគម្រោងវិនិយោគស្ថានីយអគ្គិសនី ២៥ទីតាំង។

TTN-Free-Banner-In-Article-PC

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភា ស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ចេញថ្ងៃទី២២មេសា សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា ជាអ្នកដឹកនាំកិច្ចប្រជុំ។ សេចក្ដីព្រាងច្បាប់ចំនួន២៤ច្បាប់ ដែលអង្គប្រជុំអនុម័តប្រគល់ទៅ គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ដោយសហការជាមួយគណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យសិក្សា ពាក់ព័ន្ធនឹងការធានាទូទាត់ របស់រដ្ឋាភិបាលទៅឱ្យក្រុមហ៊ុនវិនិយោគថាមពលអគ្គិសនី នៅក្នុងខេត្តចំនួន១១។ ខេត្តទាំងនេះ រួមមាន កំពង់ឆ្នាំង បាត់ដំបង ព្រៃវែង ពោធិ៍សាត់ ព្រះសីហនុ ស្ទឹងត្រែង កំពង់ចាម មណ្ឌលគិរី រតនគិរី កោះកុង និងកំពង់ស្ពឺ។ 

រដ្ឋសភា ក៏បង្ហាញពី គម្រោងថាមពលអគ្គិសនីដែរ មានស្ថាននីយថផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ ដើរដោយខ្យល់ ដើរដោយឧស្ម័នធម្មជាតិ វារីអគ្គិសនី និងស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពល។ គម្រោងទាំងអស់ មានអានុភាពប្រមាណ ៥ ៦០០ មេហ្គាវ៉ាត់។ 

អង្គប្រជុំក៏សម្រេច ឱ្យគណៈកម្មការជំនាញទាំងពីរ ធ្វើរបាយការណ៍ពីសេចក្ដីព្រាងខាងលើ ទៅគណៈកម្មាធិការអធិន្ត្រៃយ៍រដ្ឋសភាវិញ។ 

ជាមួយគ្នាដែរ អង្គប្រជុំ ក៏បានអនុម័តយល់ព្រមលើសំណើសុំជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួន១រូប ជំនួយ លោក យក់ ង៉ុយ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលត្រូវចប់អាណត្តិផងដែរ៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី