- ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី យប់

ភ្នំពេញ៖ អាជ្ញាធរទន្លេសាប សម្រេចឱ្យក្រុមហ៊ុនទឹកស្អាត នៅខេត្តកំពង់ឆ្នាំង កាយដីចេញពីទន្លេ ដើម្បីកុំឱ្យប៉ះពាល់ដល់លំហូរទឹកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេសាប។ នេះបើតាមការចេញផ្សាយរបស់អាជ្ញាធរទន្លេសាប កាលពីថ្ងៃទី២២មេសា។
លោក ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប និងក្រុមការងារជំនាញធនធានទឹក រួមជាមួយតំណាងក្រុមហ៊ុនទឹកស្អាត បានប្រជុំរកដំណោះស្រាយ ករណីចាក់ដីចូលក្នុងទន្លេសាប ក្នុងភូមិសាស្រ្តភូមិទី១ សង្កាត់ខ្សាម និងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២មេសា។
អង្គប្រជុំ បានសម្រេចឱ្យក្រុមហ៊ុនទឹកស្អាត កាយដីទំនប់យកអាចម៍ដីចេញពីទន្លេសាបវិញ។ ចំណែក ភាគីក្រុមហ៊ុនស្នើសុំរយៈពេល១៥ថ្ងៃ ដើម្បីកាយដីចេញ ដោយគិតចាប់ពី ថ្ងៃទី២២មេសាទៅ។ ក្រុមនេះ នឹងរៀបចំប្លង់បច្ចេកទេសតាមការចង្អុលបង្ហាញ របស់ក្រសួង មន្ទីរពាក់ព័ន្ធ រួមទាំងអាជ្ញាធរទេសាប។
ពាក់ព័ន្ធនឹងវិធានការពិន័យផ្សេងទៀត លើក្រុមហ៊ុនទឹកស្អាត សារព័ត៌មានឌីជីលថ្មីៗពុំអាចទាក់ទងលោក អឿន ចន្ថា និងលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានឡើយ។
យ៉ាងណាក្ដី អាជ្ញាធរទន្លេសាប បានឱ្យដឹងថា ក្រុមហ៊ុនទឹកស្អាត ត្រូវស្នើសុំទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីកំណត់ទីតាំងបូមទឹកឆៅ ក្នុងការផលិតទឹកស្អាត ដោយមានការចូលរួមពីក្រសួងធនធានទឹក និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្របតាមច្បាប់ជាធរមាន។
យោងតាមច្បាប់ ស្តីពីការគ្រប់គ្រងធនធានទឹកនៅកម្ពុជា មាត្រា១២ បានចែងថា ការលុបទន្លេ ស្ទឹង ព្រែក អូរ បឹងបួ ប្រឡាយ អាងទឹក និងអាងធម្មជាតិ តម្រូវឱ្យមានការសុំអាជ្ញាប័ណ្ណទឹក ឬលិខិតអនុញ្ញាត។ បែបបទ នៃការសុំនេះ នឹងមានចែងនៅក្នុងអនុក្រឹត្យ។ ចំណែក មាត្រា៣៦ ចែងថា អ្នករំលោភលើលក្ខខណ្ឌនានា ដែលមានកំណត់ក្នុងអាជ្ញាប័ណ្ណទឹក និងសង់សំណង់ធារាសាស្ត្រដោយគ្មានអាជ្ញាប័ណ្ណទឹក ត្រូវពិន័យ ២០០ ០០០ រៀល ទៅ ២ ០០០ ០០០ រៀល។ រីឯ អ្នកប្រើប្រាស់ទឹកដោយគ្មានសុំអាជ្ញាប័ណ្ណទឹក ឬលិខិតអនុញ្ញាត ក្នុងករណីច្បាប់តម្រូវឱ្យមាន ត្រូវពិន័យ ២ ០០០ ០០០រៀល ទៅ ៥ ០០០ ០០០ រៀល ឬដាក់ពន្ធនាគារ១ខែ ទៅ៦ខែ។
កាលពីថ្ងៃទី១៩មេសា ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត បានចុះពិនិត្យដល់ទីតាំងជាក់ស្តែង និងប្រជុំពិភាក្សាដោះស្រាយម្ដងរួចមកហើយ ពាក់ព័ន្ធនឹងករណីក្រុមហ៊ុនទឹកស្អាត ចាក់ដីបំពានចូលទន្លេសាប។ អាជ្ញាធរទន្លេសាប ចាត់ទុកករណីនេះ ជាបទល្មើស មានចែងក្នុងបទប្បញ្ញត្តិក្នុងមាត្រាទី ១២ និងមាត្រាទី ៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក៕
អ្នកសរសេរអត្ថបទ
