កម្ពុជារៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញទៅអាម៉េរិក
  • ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៨:១៩ នាទី ព្រឹក
កម្ពុជារៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញទៅអាម៉េរិក
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៣ ខែមេសា ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់ផលិតករ និងអ្នកនាំចេញទៅកាន់ទីផ្សារអាម៉េរិក អំពីការអនុវត្តយ៉ាងគត់មត់នូវវិធានការពាណិជ្ជកម្មអន្តរជាតិក្នុងនាមជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ហើយកំពុងរៀបចំនីតិវិធីបន្ថែមសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារអាម៉េរិក។
TTN-Free-Banner-In-Article-PC


ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការរៀបចំ និងប្រកាសដាក់ឱ្យប្រើច្បាប់ស្តីពីវិធានដើមកំណើតទំនិញ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ គឺក្នុងគោលបំណងជំរុញ និងសម្រួលពាណិជ្ជកម្មដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម រួមទាំងអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងការចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។

«កម្ពុជាបានអនុវត្តយ៉ាងគត់មត់នូវវិធានពាណិជ្ជកម្មអន្តរជាតិ កាតព្វកិច្ចនិងការសន្យាពេលចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក»។ នេះជាការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម ទៅកាន់ផលិតករ និងអ្នកនាំចេញទាំងអស់ ដែលបាននិងកំពុងនាំចេញ ទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

ក្នុងគោលបំណងរក្សាបាននូវផលប្រយោជន៍ជូនផលិតករ និងអ្នកនាំចេញនៅកម្ពុជា ក្រសួងពាណិជ្ជកម្ម និង ក្រសួង ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងរៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

បើតាមក្រសួង នីតិវិធីពិសេសនេះ នឹងពង្រឹងយន្តការត្រួតពិនិត្យការប្រើប្រាស់វត្ថុធាតុដើម និងតម្លៃបន្ថែមក្នុងស្រុក ដើម្បីធានាបាននូវតម្លាភាព និង អនុលោមភាពតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងវិធានដើមកំណើតទំនិញរបស់សហរដ្ឋអាម៉េរិក ដែលនីតិវិធីពិសេសបន្ថែមនេះ នឹងត្រូវបានជម្រាបជូនតាមក្រោយទៀតក្នុងពេលដ៏ឆាប់ខាងមុខ។

សហរដ្ឋអាម៉េរិក ជាទីផ្សារកំពូលរបស់កម្ពុជា។ ក្នងឆ្នាំ២០២៤ កម្ពុជាសម្រេចការនាំចេញទៅកាន់ទីផ្សារប្រទេសនេះបានដល់ជាង ៩ ៩០០លានដុល្លារ កើន១១,៤ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ ជាមួយគ្នានេះ កម្ពុជានាំចូលទំនិញពីអាម៉េរិក​ បានក្នុងតម្លៃ​ប្រមាណ​២៦៤លានដុ្លលារ កើន២,៧ភាគរយ ផងដែរ៕ 

 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

រួបរួម