- ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១១:១៩ នាទី ព្រឹក

ភ្នំពេញ៖ រដ្ឋបាលជលផល មានគម្រោងបង្កើត «តំបន់គ្រប់គ្រងជលផលសមុទ្រ» ចំនួន៣ទីតាំងបន្ថែម នៅតាមខេត្តកំពត កែប និងកោះកុង ដើម្បីអភិរក្សទីជម្រកសត្វជិតផុតពូជដែលមានដូចជា សេះសមុទ្រ, ជ្រូកទឹក, ផ្សោត និងអណ្តើកជាដើម។
រដ្ឋបាលជលផល បានដាក់សំណើរទៅកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសុំការអនុញ្ញាតបង្កើត «តំបន់គ្រប់គ្រងជលផលសមុទ្រ» ចំនួន ៣ទីតាំងបន្ថែមទៀត មានជាអាទិ៍នៅ កោះស្តេច ស្ថិតក្នុងស្រុកគីរីសាគរ ខេត្តកោះកុង, តំបន់កោះតូច និងព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត និងកោះការ៉ាំង ខេត្តកែប។ សំណើរនេះ ត្រូវបានពិនិត្យដោយ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម កាលពីថ្ងៃទី ២២ ខែមេសា ប៉ុន្តែលទ្ធផលបែបណា ក្រសួងកសិកម្មមិនបានបញ្ជាក់នោះទេ។
បើតាមរដ្ឋបាលជលផល ការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សទីជម្រកប្រភេទជលផលកំពុងរងគ្រោះថ្នាក់ ជាពិសេសប្រភេទផ្កាថ្ម ស្មៅសមុទ្រ និងសេះសមុទ្រ។ មិនត្រឹមប៉ុណ្ណឹងទេ តំបន់គ្រប់គ្រងជលផលសមុទ្រ ក៏នឹងបង្កលក្ខណៈអំណោយផលដល់ការរស់នៅនៃវារីសត្វជិតផុតពូជមួយចំនួនដូចជា ជ្រូកទឹក ផ្សោតសមុទ្រ និងអណ្តើកសមុទ្រ ផងដែរ។
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើរសុំបង្កើត «តំបន់គ្រប់គ្រងជលផលសមុទ្រ» របស់រដ្ឋបាលជលផល នៅថ្ងៃទី២២ មេសា។ រូបថត៖ ក្រសួងកសិកម្ម
ឆ្នាំ២០២៤ កន្លងទៅ មានជ្រូកទឹកជាច្រើនបានបង្ហាញវត្តមានក្នុងសមុទ្រកម្ពុជាឡើងវិញ បន្ទាប់ពីបាត់ខ្លួនជាង១០ឆ្នាំ។ ចំណែក ផ្សោតពណ៌ផ្កាឈូក និងក្បាលត្រឡោក ក៏កើនឡើងក្នុងចំនួនជាង១០០ក្បាលដែរ។ ប្រភេទសត្វកម្រទាំងនេះ បង្ហាញខ្លួនញឹកញាប់នៅតំបន់ឆ្នេរ ពិសេសខេត្តកែប និងកំពត។ នេះយោងតាមរបាយការណ៍សង្ខេបលទ្ធផលអនុវិស័យជលផលឆ្នាំ២០២៤។
រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ឌិត ទីណា អះអាងថា ការវិលត្រលប់មកវិញនូវជ្រូកទឹក និងប្រភេទធនធានកម្រងជិតផុតពូជទាំងអស់នេះ បានបង្ហាញថា សមុទ្រកម្ពុជាមានជម្រកសុវត្ថិភាព និងចំណីគ្រប់គ្រាន់ តាមរយៈការអភិរក្សធនធានជលផលបានល្អប្រសើរ ជាពិសេស ការពារបានស្មៅសមុទ្រ និងជម្រកត្រី ដែលជាចំណីរបស់ពួកវា៕
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។
