- ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១១:៤៤ នាទី ព្រឹក

ក្លិប Real Madrid ដណ្តើមបាន ៣ពិន្ទុ ដ៏សំខាន់ពីក្រុម Getafe ដើម្បីបន្តក្តីសង្ឃឹមប្រជែងពានរង្វាន់លីគកំពូលអេស្ប៉ាញ (La Liga)។ ស្របពេលគ្នានេះ ក្រុមអធិរាជសនឹងបាត់សមាជិកសំខាន់ៗ ២រូបបន្ថែម នោះគឺខ្សែការពារ David Alaba និងខ្សែបម្រើ Eduardo Camavinga សម្រាប់ជំនួបផ្តាច់ព្រ័ត្រពានរង្វាន់ Copa Del Rey ទល់ Barcelona។
គ្រាប់បាល់ស៊ុតបញ្ចូល ១គ្រាប់ ពីសំណាក់ខ្សែបម្រើវ័យក្មេងសញ្ជាតិតួកគី Arda Guler ជួយបន្តក្តីសង្ឃឹមដល់ក្លិប Real Madrid ឱ្យរកបាន ៧២ពិន្ទុ តាមរយៈការដណ្តើមបាន ៣ពិន្ទុ យ៉ាងសំខាន់ ដើម្បីប្រដេញប្រកៀកនឹងក្រុមកំពូលតារាង Barcelona ដែលមាន ៧៦ពិន្ទុ ក្នុងតារាងពិន្ទុលីគកំពូលអេស្ប៉ាញ គិតត្រឹមសប្តាហ៍ទី ៣៣។
យ៉ាងណាមិញ ៣ពិន្ទុ នេះក៏បានធ្វើឱ្យក្រុមដឹកនាំដោយលោក Carlo Ancelotti ខាតបង់ធំ ត្រង់ថាកីឡាករសំខាន់ៗ ក៏ជួបបញ្ហារបួសដូចគ្នា ខណៈការប្រកួតសំខាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Copa Del Rey ទល់នឹងគូប្រជែង Barca កាន់តែខិតមកដល់។ បន្ទាប់ពីកីឡាករសំខាន់រួមមាន ខ្សែប្រយុទ្ធ Kylian Mbappe និង Ferland Mendy របួស ពេលនេះ ខ្សែការពារ Alaba និង Camavinga របួសថែមទៀត។
«យើងនឹងរង់ចាំមើលស្ថានភាពនៅថ្ងៃស្អែក តើលទ្ធផលរបស់ក្រុមវេជ្ជបណ្ឌិតនឹងនិយាយបែបណា ប៉ុន្តែ (Alaba, Camavinga) កីឡាករទាំង២ បានជួបប្រទះបញ្ហារបួសសាច់ដុំ ហើយវាមើលទៅដូចជាពិបាកសម្រាប់ពួកគេក្នុងការបង្ហាញខ្លួនលេងនៅការប្រកួតផ្តាច់ព្រ័ត្រថ្ងៃទី២៧ មេសា នេះណាស់។»។ នេះបើតាមអ្វីដែលលោក Ancelotti វ័យ ៦៥ឆ្នាំ បានលើកឡើង។
ស្របពេល កីឡាករ Mendy, Alaba និង Camavinga សុទ្ធសឹងតែមានភាគរយខ្ពស់ក្នុងការបាត់មុខ លោក Ancelotti ក៏នឹងសម្លឹងមើលឱកាសដាក់ប្រើប្រាស់កីឡាករវ័យក្មេងដែលនៅសេសសល់ ឱ្យចូលលេងទល់នឹង Barcelona។ Barca ភាគច្រើនពុំសូវមានកីឡាករសំខាន់ៗ រងរបួសនោះឡើយ។
ក្រុមរហស្សនាមអ្នកមានបុណ្យ ទៀតសោតបច្ចុប្បន្នជាក្រុមកំពុងតែប្រជែងពានរង្វាន់ចំនួន ៣ ក្នុងពេលតែមួយ ក្នុងនោះរួមមាន La Liga, Copa del Rey ជាពិសេស ក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Hansi Flick ក៏កំពុងឈានជើងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ផងដែរ។
រដូវកាល ២០២៤-២៥ ក៏ជាពេលដ៏លំបាកសម្រាប់ Real Madrid ដោយការប៉ះគ្នា ២លើក ទល់នឹង Barca ពួកគេរងបរាជ័យទាំងអស់ ដោយកាលពីខែតុលា ឆ្នាំ ២០២៤ ក្រុមការពារជើងឯក La Liga ចាញ់លទ្ធផល ៤-០។ កាលពីខែមករា ដើមឆ្នាំ ២០២៥ Real បន្តចាញ់លទ្ធផល ៥-២ វគ្គផ្តាច់ព្រ័ត្រ Spain Super Cup នៅអារ៉ាប៊ីសាអូឌីត៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា
