ចិន រិះគន់ពន្ធគយអាម៉េរិក នៅវេទិកាអង្គការសហប្រជាជាតិ
  • ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១:៥៩ នាទី រសៀល
ចិន រិះគន់ពន្ធគយអាម៉េរិក នៅវេទិកាអង្គការសហប្រជាជាតិ
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក (ឆ្វេង) និងលោកស៊ី ជិនភីង ប្រធានាធិបតីចិន។ រូបភាព សេតវិមាន និងSTPM

ប្រេសិតចិន នៅថ្ងៃទី២៣ ខែមេសា បានរិះគន់ចំណាត់ការពាណិជ្ជកម្មឯកតោភាគីនិយមរបស់អាម៉េរិកជា ការគំរាមសម្លុត និងចង់បានប្រយោជន៍ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ជាការឆ្លើយតប អាម៉េរិកថា ចិន បានអនុវត្តសកម្មភាពឯកតោភាគី លើពាណិជ្ជកម្មមិនត្រឹមត្រូវជាយូរមកហើយ។

TTN-Free-Banner-In-Article-PC

មួយរយៈចុងក្រោយ អាម៉េរិក និងចិន បានដំឡើងពន្ធគយលើគ្នាទៅវិញទៅមក ដោយអាម៉េរិក ដាក់លើចិន ១៤៥ភាគរយ ហើយចិនដាក់លើអាម៉េរិក ១២៥ភាគរយ ដោយមិនគិតពន្ធគយលើទំនិញផ្សេងៗឡើយ។ ការដំឡើងពន្ធរវាងប្រទេសទាំងពីរ បានធ្វើឱ្យសង្រ្គាមពាណិជ្ជកម្មកាន់តែមានភាពតានតឹង និងប៉ះពាល់ដល់ពាណិជ្ជកម្មរបស់ពិភពលោកយ៉ាងខ្លាំង។ 

ពីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ជុំវិញប្រធានបទការគំរាមសម្លុតនៅក្នុងទំនាក់ទំនងអន្តរជាតិ លោក Fu Cong អគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ បានរិះគន់សកម្មភាពឯកតោភាគីរបស់អាម៉េរិក ជុំវិញការដាក់ពន្ធគយ។ 

«ក្រោមឈ្មោះក្លែងបន្លំ ទៅវិញទៅមក និងភាពត្រឹមត្រូវ អាម៉េរិក ចង់បានតែភាពចាញ់ឈ្នះ (zero-sum game) ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ តាមរយៈពន្ធគយ និងការពង្រឹងផលប្រយោជន៍អនុត្តរភាពនិយមរបស់ខ្លួន»។ លោក Fu Cong បានរិះគន់ចំៗបែបនេះ នៅថ្ងៃទី២៣ ខែមេសា។ 

ស្របពេលអាម៉េរិក បន្តគិតពីពន្ធគយ ប្រេសិតចិន បានបន្តលើកឡើងថា ឯកតោភាគីនិយម កំពុងកើនឡើងយ៉ាងខ្លាំង និងការគំរាមសម្លុត កំពុងត្រូវបានអនុវត្តយ៉ាងខ្លាំង ដែលជះឥទ្ធិពលអវិជ្ជមានដល់សណ្តាប់ធ្នាប់អន្តរជាតិ។ ត្រង់ចំណុចនេះ អគ្គរដ្ឋទូតចិន បានអះអាងថា ការគំរាមកំហែង និងចង់បានតែប្រយោជន៍ មិនមែនជាវិធីដ៏ត្រឹមត្រូវ ក្នុងការរក្សាទំនាក់ទំនងជាមួយចិនឡើយ។ 

ជាការឆ្លើយតប មន្រ្តីអាម៉េរិក បានវាយបកថា ការអនុវត្តរបស់ចិន ធ្វើឱ្យប៉ះពាល់ដល់សកម្មភាព និងកម្មករជាច្រើននៅជុំវិញពិភពលោក។ ត្រង់ចំណុចនេះ លោកស្រី Ting Wu ទីប្រឹក្សារងនយោបាយសម្រាប់ គណៈប្រតិភូអាម៉េរិក បានលើកឡើងថា ជាយូរមកហើយ ចិន បានអនុវត្តសកម្មភាពឯកតោភាពលើការអនុវត្តពាណិជ្ជកម្មដោយមិនត្រឹមត្រូវ និងជះឥទ្ធិពលអវិជ្ជមានលើកម្មករនៅជុំវិញពិភពលោក។ 

នៅក្នុងថ្ងៃដដែល លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានបន្លុយពីលទ្ធភាព ដែលអាម៉េរិកអាចមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន។ ជុំវិញបញ្ហានេះ ក្រសួងការបរទេសចិន បានជំរុញឱ្យអាម៉េរិកឈប់គំរាមកំហែង និងសម្លុតប្រទេសដទៃ ប្រសិនបើចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្ម៕ 


អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ