- ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ល្ងាច

សៀមរាប៖ «អាហារផ្សែង» ជាកម្រងស្នាដៃរូបថតសិល្បៈដំបូង របស់ លោក ឆូយ ប៊ុនសុខហេង ដែលកំពុងដាក់តាំងពិព័រណ៍ នៅក្នុងខេត្តសៀមរាបជាមួយសិល្បករថតរូប ៦នាក់ផ្សេងទៀត។ ក្នុងស្នាដៃនេះសិល្បករ ឆូយ ប៊ុនសុខហេង ចង់បង្ហាញពីឥទ្ធិពលដ៏អាក្រក់នៃបារី មកលើមនុស្ស ពោលគឺ«ការជក់បារីប្រៀបដូចជាការធ្វើអត្តឃាតខ្លួនឯង»ដោយមិនដឹងខ្លួន។
លោក ឆូយ ប៊ុនសុខហេង ចង់ឱ្យសាធារណជនងាកមកចាប់អារម្មណ៍ខ្លាំងលើផលប៉ះពាល់អំពីបារី មកលើសុខភាពរបស់ពួកគេ និងមនុស្សជុំវិញខ្លួន។
ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសដូចខាងក្រោម៖
បារី ត្រូវបានផលិតពីថ្នាំជក់ និងមានផ្ទុកនូវសារធាតុនីកូទីន (nicotine) ដែលបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស។ មនុស្សគ្រប់រូបបានដឹងពីផលប៉ះពាល់ដ៏អាក្រក់លើសុខភាព បណ្ដាលមកពីការជក់បារី តែពួកគេនៅតែបន្តប្រើប្រាស់ ហើយកាន់តែអាក្រក់ទៀតការប្រើប្រាស់បារីអេឡិចត្រូនិក (e -cigarette) ឬ Vape ក្នុងចង្កោមយុវជននាពេលបច្ចុប្បន្ន។
បារីមិនសម្លាប់មនុស្សភ្លាមឡើយ នៅពេលពួកគេជក់វា តែវាសម្លាប់មនុស្សបន្តិចម្ដងៗ ហើយការជក់បារីនឹងបង្កឱ្យពួកគេប្រឈមនឹងជំងឺមហារីក ឬជំងឺកាចសាហាវជាច្រើនផ្សេងទៀត។ នេះជាការលើកឡើងរបស់លោក ឆូយ ប៊ុនសុខហេង។
លោក ឆូយ ប៊ុនសុខហេង បានបង្កើតស្នាដៃរូបថតសិល្បៈ «អាហារផ្សែង» សម្រាប់ពិព័រណ៍ជាក្រុមនៅខេត្តសៀមរាប កាលពីដើមខែមេសា បន្ទាប់ពីបញ្ចប់ថ្នាក់មធ្យមសិល្បៈនៃការថតរូប ពីសាលាបណ្ដុះបណ្ដាលថតរូប «ទីលាននិម្មិត»។
«អាហារផ្សែង»ជាកម្រងស្នាដៃរូបថតសិល្បៈដំបូង របស់លោក ឆូយ ប៊ុនសុខហេង។
រូបថតសិល្បៈចំនួន៧ផ្ទាំង ត្រូវបានសិល្បករបង្កើតឡើង និងជ្រើសរើសឡើងយ៉ាងផ្ចិតផ្ចង់បំផុត។ ពីរូបភាពមួយទៅមួយ សិល្បករបានយកដើមបារី មកធ្វើជាតួអង្គចម្បង ជំនួសមនុស្សធ្វើជាសកម្មភាពនានា ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
គំនិតនាំឱ្យលោក ប៊ុនសុខហេង កើតមកឡើងដោយសារក្រុមគ្រួសារអាណាព្យាបាលលោកផ្ទាល់ មិនអនុញ្ញាតឱ្យរូបលោក ឬសមាជិកក្នុងគ្រួសារណាមួយ ប្រើប្រាស់បារីនោះឡើយ។ ហេតុផលមួយទៀត លោកចង់ពញ្ញាក់ស្មារតីសាធារណជន ឱ្យយកចិត្តទុកដាក់ពីផលប៉ះពាល់មកលើសុខភាពឡើងវិញ តាមរយៈកម្រងស្នាដៃរបស់ខ្លួន។
លោក ឆូយ ប៊ុនសុខហេង សង្កត់ធ្ងនដូច្នេះ៖ «ជាចេតនារបស់ខ្ញុំគឺខ្ញុំចង់ឱ្យពួកគាត់កាត់បន្ថយ ហើយចង់ឱ្យពួកគាត់ស្រឡាញ់សុខភាពខ្លួនឯង ក៏ដូចជាស្រឡាញ់សុខភាពអ្នកជិតខាងផងដែរ។ ហេតុនេះខ្ញុំពាំនាំកម្រងរូបភាពនេះមក។»។
«អាហារផ្សែង»ជាកម្រងស្នាដៃរូបថតសិល្បៈដំបូង របស់លោក ឆូយ ប៊ុនសុខហេង។
សម្រាប់លោក ប៊ុនសុខហេង លោកជឿថាការជក់បារី ប្រៀបបីដូចជាការធ្វើអត្តឃាតខ្លួនឯងដោយមិនដឹងខ្លួន។ ការជក់បារីមិនធ្វើឱ្យមនុស្សស្លាប់ភ្លាមៗដែរ បន្តិចម្ដងៗ ជំងឺនានានឹងមករកពួកគេ ទោះបីពួកគេមានប្រាក់ដើម្បីព្យាបាល ក៏មិនអាចទិញសុខភាពល្អប្រឡប់មកវិញបានផងដែរ។
សារមួយទៀតរបស់លោក ប៊ុនសុខហេង តាមរយៈស្នាដៃរូបថតនេះ លោកក៏ចង់បង្ហាញដែរថាការជក់បារី មិនត្រឹមតែអន្តរាយដល់អ្នកជក់ប៉ុណ្ណោះទេ តែវាបានបង្កគ្រោះថ្នាក់សុខភាពដល់អ្នកនៅជុំវិញខ្លួនពួកគេ ជាពិសេសមនុស្សជាទីស្រឡាញ់នៅនៅជិតពួកគេបំផុត នោះគឺគ្រួសារ ប្ដី ប្រពន្ធ កូន ចៅ។
ជាសិល្បករនិងជាអ្នកមិនពិសាបារី លោកការបញ្ឈប់ការជក់បារី នឹងមិនហួសពេលឡើយ បើពួកគេចង់ឈប់ប្រើប្រាស់ពួកគេវា ដើម្បីសុខភាពរបស់ពួកគេ។ លោកបន្ថែមទៀតថាជំនួសដោយការជក់បារី មនុស្សគ្រប់រូបគួរងាកមកការបាត់ប្រាណ ឬលេងកីឡា ប្រសិនបើមានអារម្មណ៍ស្មុគស្មាញ តាងតឹង ឬអារម្មណ៍ធុញថប់។
គួរជម្រាបផងដែរថា ស្នាដៃរូបថតសិល្បៈរបស់ ឆូយ ប៊ុនសុខហេង កំពុងដាក់បង្ហាញឱ្យសាធារណជនចូលទស្សនាបាននៅវិចិត្រសាល Treeline Urban Resort ក្នុងក្រុងសៀមរាប ជាមួយនឹងស្នាដៃសិល្បកររួមជំនាន់៦នាក់ផ្សេងទៀត។ ពិព័រណ៍នេះ នឹងបន្តរហូតដល់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៥៕
អ្នកសរសេរអត្ថបទ
