- ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៤:០៩ នាទី រសៀល

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី២៣ ខែមេសា បានរិះគន់ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ដែលមិនទទួលស្គាល់ ដែនដីគ្រីមេ ជារបស់រុស្ស៊ី។ បើតាមលោក ត្រាំ ការបដិសេធរបស់អ៊ុយក្រែន ពិតជាអាចប៉ះពាល់កិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី។
ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែមេសា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលក្រុងកៀវ នឹងមិនបោះបង់ទឹកដីគ្រីមេជាដាច់ខាត ហើយក៏មិនទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើឧបទ្វីបមួយនេះ ជារឿងស្របច្បាប់ដែរ។ ក្រោយការលើកឡើងរបស់មេដឹកនាំអ៊ុយក្រែន លោក ត្រាំ បានរិះគន់យ៉ាងខ្លាំង ហើយចាត់ទុកធ្វើឱ្យប៉ះពាល់ដល់កិច្ចចរចាសន្តិភាព។
«សេចក្តីថ្លែងការណ៍របស់លោកហ្សេលេនស្គី ដែលប្រៀបដូចជាចាក់ប្រេងលើភ្លើង នឹងធ្វើឱ្យពិបាកក្នុងការដោះស្រាយសង្រ្គាម»។ ប្រធានាធិបតីអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ នៅលើបណ្តាញសង្គម Truth Social នៅថ្ងៃទី២៣ ខែមេសា។
បើតាមលោក ត្រាំ ស្ថានភាពនៅអ៊ុយក្រែន គឺអាក្រក់ណាស់។ ត្រង់ចំណុចនេះ លោក ត្រាំ យល់ថា អ៊ុយក្រែនមានជម្រើស ដោយអាចមានសន្តិភាព ឬមានសង្រ្គាមរយៈពេល ៣ឆ្នាំបន្ថែមទៀត មុនពេលរុស្ស៊ីគ្រប់គ្រងប្រទេសទាំងមូលតែម្តង។

ជាការពិត រាល់ការទទួលស្គាល់របស់អាម៉េរិកលើតំបន់គ្រីមេគ្រប់គ្រងដោយរុស្ស៊ី ជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយ ក្នុងរយៈពេល ១ទសវត្សរ៍ចុងក្រោយនេះ ដ្បិតកន្លងមក រដ្ឋបាលមុនៗ មិនទទួលស្គាល់ឡើយ សូម្បីតែរដ្ឋបាលលោក ត្រាំ នៅអាណត្តិទីមួយ។
ទំនងឆ្លើយតបនឹងលោក ត្រាំ លោក ហ្សេលេនស្គី បានបង្ហោះសេចក្តីថ្លែងការណ៍របស់អតីតរដ្ឋមន្រ្តីការបរទេស Mike Pompeo របស់លោកត្រាំ នៅអាណត្តិទីមួយ លើបណ្តាញសង្គម X នៅថ្ងៃទី២៣ ខែមេសា ដោយអះអាងថា អ៊ុយក្រែន នឹងបន្តគោរពរដ្ឋធម្មនុញ្ញរបស់ខ្លួន ហើយសង្ឃឹមថា អាម៉េរិក នឹងគោរពសេចក្តីសម្រេចរបស់ខ្លួន។
សូមបញ្ជាក់ថា តំបន់គ្រីមេ ត្រូវបានរុស្ស៊ី ដណ្តើមគ្រប់គ្រងនៅក្នុងឆ្នាំ២០១៤ ក្រោយអ៊ុយក្រែន មានវិបត្តិនយោបាយនៅក្នុងប្រទេស។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខាលើសន្ធិសញ្ញាមួយ ដោយដាក់បញ្ចូលគ្រីមៀចូលមកដែនដីរុស្ស៊ី៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
