នាយករដ្ឋមន្រ្តីថៃ កោតសរសើរចំពោះបដិសណ្ឋារកិច្ចរបស់កម្ពុជា
  • ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៥៩ នាទី រសៀល
នាយករដ្ឋមន្រ្តីថៃ កោតសរសើរចំពោះបដិសណ្ឋារកិច្ចរបស់កម្ពុជា
នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (ឆ្វេង) ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ រូបភាព STPM

នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែលបានបញ្ចប់ទស្សនកិច្ចនៅកម្ពុជាក្នុងថ្ងៃទី២៤ ខែមេសា បានបង្ហាញការពេញចិត្តជាខ្លាំង ចំពោះបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅពីម្ចាស់ផ្ទះកម្ពុជា។ លោក  Jirayu Huangsub អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានបញ្ជាក់បែបនេះ ដោយបន្តថា ប្រទេសជិតខាងទាំងពីរ បានប្តេជ្ញាបន្តទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ។

TTN-Free-Banner-In-Article-PC

លោកស្រី ថែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ បានបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ដោយប្រទេសទាំងពីរ បានចុះហត្ថលេខាលើឯកសារចំនួន០៧ ពាក់ព័ន្ធនឹងច្រកព្រំដែន, កម្លាំងពលកម្ម, ការងារ, បរិស្ថាន, និងស្ពានជាដើម។ 

ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃនេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានបង្ហាញការពេញចិត្តជាខ្លាំង ចំពោះការទទួលពីសំណាក់ម្ចាស់ផ្ទះកម្ពុជា។ 

«នាយករដ្ឋមន្រ្តីបានបង្ហាញការពេញចិត្តចំពោះការទទួលដ៏កក់ក្តៅ និងប្រកបដោយសេចក្តីថ្លៃថ្នូរពីសំណាក់រដ្ឋាភិបាលកម្ពុជា»។ សារព័ត៌មាន The Nation បានស្រង់សម្តីលោក  Jirayu Huangsub អ្នកនាំពាក្យរដ្ឋាភិបាលថៃ បែបនេះ នៅថ្ងៃទី២៤ ខែមេសា។ 

ទន្ទឹមនេះ មេដឹកនាំថៃ ក៏បានពិភាក្សាជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជុំវិញការដំឡើងពន្ធរបស់អាម៉េរិកផងដែរ។ 

តាមការបញ្ជាក់របស់លោក Jirayu ថៃ អាចនឹងប្រើប្រាស់យន្តការរួមរបស់អាស៊ាន ដើម្បីចរចារួមគ្នាជាមួយអាម៉េរិក ដ្បិតមេដឹកនាំថៃជឿថា កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន អាចជួយឱ្យការចរចាមានប្រសិទ្ធភាពជាង។ មិនតែប៉ុណ្ណោះ ប្រទេសជិតខាងទាំងពីរ បានប្តេជ្ញាធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ក្នុងគោលបំណងរកដំណោះស្រាយឈ្នះ-ឈ្នះ៕ 


អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ