រដ្ឋមន្រ្តីធនធានទឹក ជំរុញអាស៊ានផ្លាស់ប្ដូរទិន្នន័យគ្នា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
  • ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
រដ្ឋមន្រ្តីធនធានទឹក ជំរុញអាស៊ានផ្លាស់ប្ដូរទិន្នន័យគ្នា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ទិដ្ឋភាពរដូវប្រាំង នៅមុខ​ព្រះបរមរាជវាំង​ ក្រុងភ្នំពេញ។ រូបថត៖ ហេង ស្រីលីន

ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ជំរុញឱ្យអាស៊ានផ្លាស់ប្ដូរទិន្នន័យ ចំណេះ និងបច្ចេកវិទ្យា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ រដ្ឋមន្រ្តីជំរុញបែបនេះ នៅក្នុងវេទិកា «ទស្សនវិស័យអាកាសធាតុអាស៊ានលើកទី២៤ (ASEANCOF-24)» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាថ្ងៃទី២៤ ខែមេសា។

TTN-Free-Banner-In-Article-PC

លោក ថោ ជេដ្ឋា ចាត់ទុក ការប្រែប្រួលអាកាសធាតុគឺជាកង្វល់ដ៏ធំ ដែលប៉ះពាល់ដល់ការអភិវឌ្ឍទីក្រុង កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ជាពិសេសបង្កការរំខាន និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ពហុវិស័យ។ ការណ៍នេះ ចាំបាច់ឱ្យអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរទិន្នន័យ បច្ចេកវិទ្យា និងចំណេះដឹង ដែលធ្វើយ៉ាងណាឱ្យការព្យាករបានត្រឹមត្រូវជាងមុន ដើម្បីឆ្លើយតបចំពោះបាតុភូតធម្មជាតិនានាទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

ក្រៅពីនោះ លោកក៏លើកទឹកចិត្តឱ្យមានការសិក្សាស្វែងរកឫសគល់នៃបាតុភូតធម្មជាតិ ដើម្បីដោះស្រាយជាមួយនឹងគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុរយៈពេលវែង និងបញ្ហាប្រឈមជាច្រើនពីគ្រោះមហន្តរាយធម្មជាតិដូចជា ព្យុះត្រូពិក ខ្យល់កន្ត្រាក់ ផ្គររន្ទះ ទឹកជំនន់ គ្រោះរាំងស្ងួត និងការកើនឡើងកម្ពស់ទឹកសមុទ្រជាដើម។

លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ថ្លែងក្នុងវេទិកា «ទស្សនវិស័យអាកាសធាតុអាស៊ានលើកទី២៤ (ASEANCOF-24)» ។ រូបថត៖ ក្រសួងធនធានទឹក 

វេទិកាទស្សនវិស័យអាកាសធាតុអាស៊ានលើកទី២៤ មានការចូលរួមពីគណៈប្រតិភូតំណាងអង្គការឧតុនិយមពិភពលោក (WMO) មជ្ឈមណ្ឌលឯកទេសឧតុនិយមអាស៊ាន(ASMC) អង្គការប្រព័ន្ធជូនដំណឹងជាមុនក្នុងតំបន់សមាហរណកម្មពហុមហន្តរាយ(RIMES) ការិយាល័យឧតុនិយមចក្រភពអង់គ្លេស(UKMO) ព្រមទាំងគណៈប្រតិភូបណ្តាប្រទេសអាស៊ានទាំង១១ ជាច្រើនរូប ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូផងដែរ។ 

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា ជឿជាក់ថា វេទិកាថ្នាក់តំបន់នេះ នឹងទទួលបានលទ្ធផលល្អ ដើម្បីជាមូលដ្ឋាន ក្នុងការអភិវឌ្ឍផែនការយុទ្ធសាស្រ្តជាក់ស្តែងសម្រាប់គ្រប់វិស័យពាក់ព័ន្ធ និងពហុភាគី ជាពិសេសអាចលើកកម្ពស់ចំណេះដឹង និងសមត្ថភាពផ្នែកវិទ្យាសាស្ត្រអាកាសធាតុ ការប្រែប្រួលអាកាសធាតុ និងការបន្សាំអាកាសធាតុ។ 

យោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុនេះ កុមារកម្ពុជាជិត២លាននាក់ ឬស្មើ​ជាង​មួយភាគបី នៃកុមារកម្ពុជាសរុប កំពុងរស់នៅប្រឈម​នឹងការប្រែប្រួ​លអាកាសធាតុ ដូចជា គ្រោះរាំងស្ងួត។ ចំណែកកុមារជាងពាក់កណ្តាលទៀត ប្រឈមមុខខ្លាំង​នឹងការកើនទ្បើង​កម្តៅ ខ្យល់កន្ទ្រាក់ និងទឹកជំនន់ជាដើម។ មូលដ្ឋានប្រឈមនឹងបញ្ហាការប្រែប្រួល​អាកាស​ធាតុ ភាគច្រើន​ស្ថិតនៅតំបន់ដាច់ស្រយាល​មួយចំនួន ក្នុងភូមិភាគឦសាន តំបន់ជុំវិញបឹង​ទន្លេសាប និងផ្នែកខ្លះ នៃតំបន់វាលទំនាប​៕ 

អត្ថបទទាក់ទង


អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា