វត្ថុបុរាណចំនួន២០ ដែលថៃព្រមប្រគល់មកវិញ នឹងត្រូវបញ្ជូនមក​ដល់កម្ពុជានៅខែសីហា
  • ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៥:២៩ នាទី ល្ងាច
វត្ថុបុរាណចំនួន២០ ដែលថៃព្រមប្រគល់មកវិញ នឹងត្រូវបញ្ជូនមក​ដល់កម្ពុជានៅខែសីហា
រូបភាព Thai PBS World

ភ្នំពេញ៖ វត្ថុបុរាណចំនួន ២០ ដែលរាជរដ្ឋាភិបាលថៃ បានឯកភាពប្រគល់​មកកម្ពុជាវិញ នឹងត្រូវបញ្ជូនមកកម្ពុជា នៅខែសីហា ឆ្នាំ២០២៥នេះ។ ​នេះបើតាម លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាប្រធានក្រុមអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ ​បញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗតាមប្រព័ន្ធតេឡេក្រាម។

TTN-Free-Banner-In-Article-PC

អ្នកនាំពាក្យរូបនេះ បានឱ្យដឹង​ថា វត្ថុបុរាណចំនួន ២០នេះ ស្ថិតក្នុងចំណោមវត្ថុ​បុរាណ​ចំនួន ៤៣ ដែលជនទុច្ចរិតបានលួចគាស់កកាយតា​មប្រាសាទខ្មែរ នៅអំឡុងសង្គ្រាម ហើយ​នាំចូល​ទៅប្រទេសថៃ​ដោយខុសច្បាប់។

 លោក ស៊ុំ ម៉ាប់ បញ្ជាក់ដូច្នេះថា៖ «វត្ថុបុរាណចំនួន ២០នេះ ស្ថិតក្នុងកិច្ចព្រមព្រៀងប្រគល់វត្ថុបុរាណចំនួន៤៣ ដែលបានលួចយកចូលថៃ ដោយត្រូវបានអាជ្ញាធររឹបអូសបាន។ ក្រសួងវប្បធម៌ប្រទេសទាំងពីរ(កម្ពុជា-ថៃ) បានឯកភាពប្រគល់ជូននៅខែកក្កដា នាទីក្រុងបាងកក  ហើយដឹកមកកម្ពុជានៅខែសីហា។»។

ការប្រគល់វត្ថុបុរាណចំនួន២០នោះ មក​កម្ពុជា ពីសំណាក់ភាគីថៃ គឺធ្វើឡើងតបតាមសំណើរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំងពីរ។ នេះបើតាមអ្នកនាំពាក្យក្រសួងវប្បធម៌ ដោយលោក បានបន្ថែមថា កន្លងមក វត្ថុបុរាណចំនួន ២៣ផ្សេងទៀត ត្រូវបានថៃ​ប្រគល់​មកឱ្យកម្ពុជារួចហើយ នៅក្នុងឆ្នាំ២០០៨ និង២០១៥។

​ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ របស់នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅ​កម្ពុជា នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​បានអរគុណការសម្រេចចិត្តរបស់ថៃ ក្នុងការប្រគល់ជូនកម្ពុជាវិញ នូវវត្ថុបុរាណខ្មែរចំនួន ២០នេះ។ សម្រាប់ប្រមុខរាជរដ្ឋាភិបាល ទេវរូបទាំងនេះ មិនមែនត្រឹមតែជាវត្ថុបុរាណប៉ុណ្ណោះទេ តែក៏ជាដួងព្រលឹងនៃបុព្វបុរសរបស់ខ្មែរ ដែលបានព្រាត់ប្រាស់ពីមាតុភូមិ ដោយសារសង្រ្គាមនៅពេលកន្លងទៅ»។

សម្តេច ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ជាមួយនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅថ្ងៃទី២៣ ខែមេសា។

គួរំលឹក​ថា គិតចាប់តាំងពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០២៤ កម្ពុជាទទួលបានវត្ថុបុរាណខ្មែរ សរុបចំ​នួន ១០៩៨ ពីប្រទេសចំនួន ១៥ រួមមានសហរដ្ឋអាម៉េរិក បារាំង អូស្ត្រាលី អង់គ្លេស ចិន និងថៃជាដើម។ ក្នុងចំណោមវត្ថុបុរាណទាំង ១ ០៩៨ មាន ៥៧១ វត្ថុបុរាណ ដែល​សប្បុរសជន បានប្រគល់មកឲ្យវិញ និងវត្ថុបុរាណចំនួន ៥២៧ ប្រគល់ដោយរដ្ឋាភិបាល ឬ​ស្ថាប័ននានា៕


អ្នកសរសេរអត្ថបទ

លោក តុប វណ្ណារ៉ា  (Top Vannara) ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែមករា ឆ្នាំ២០២៤ លោក តុប វណ្ណារ៉ា ចូលបម្រើការងារជាអ្នកហាត់ការនៅសារព័ត៌មានថ្មីៗ។ លោក តុប វណ្ណារ៉ា ជាអ្នកសារព័ត៌មានថ្មីៗ ដែលផ្តោតលើព័ត៌មានអប់រំ វប្បធម៌ និងផលិតវីដេអូតាមទូរស័ព្ទ។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

តុប វណ្ណារ៉ា