- ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:២៩ នាទី យប់

វីដេអូផ្ទុះការចាប់អារម្មណ៍ខ្លាំងមួយ ដោយមានគេថតបាន មន្ត្រីប៉ូលិសពីរនាក់ ឆ្លៀតឱកាសពេលបំពេញការងារ សុំខ្សែប្រយុទ្ធ Lionel Messi ថតរូបនៅទីតាំងចំណតរថយន្ត ក្រោយពីការប្រកួតដែល Inter Maimi ឈ្នះ Columbus Crew លទ្ធផល ១-០។ ពេលពីមន្ត្រីប៉ូលិសពីររូបនោះ សុំថតរូបរួចមក ខ្សែប្រយុទ្ធអាហ្សង់ទីន បានធ្វើទឹកមុខស្រឡាំងកាំង ស្របពេលអង្គរក្ស Yassine Cheuko ឈរក្បែរទីនោះ។
Messi ជាកំពូលកីឡាករបាល់ទាត់មួយរូប មានភាពល្បីល្បាញខ្លាំងលើពិភពលោក តាមរយៈសមត្ថភាពដ៏ខ្លាំងពូកែរបស់គេ ហើយក៏ជាកីឡាករមួយរូបដែលមានទឹកចិត្តល្អម្នាក់ផងដែរ សម្រាប់អ្នកគាំទ្ររបស់គេ។ បើទោះជាមានវ័យជ្រេបន្តិចក្តី ប៉ុន្តែកីឡាករអាហ្សង់ទីននៅតែបន្តបង្ហាញទម្រង់លេង និងសមត្ថភាពពិសេសជាមួយបាល់ទាត់ ជួនកាលរូបគេក៏បន្តធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយចំនួនចំពោះមុខអ្នកគាំទ្រ ពេលស្ថិតក្នុងការប្រកួតលើទីលាន។
ពេលវេលាសម្រាប់អ្នកគាំទ្រទៀតសោត កីឡាករវ័យ ៣៧ឆ្នាំ ជួនកាលក៏បានឆ្លៀតពេលដ៏ខ្លីមួយដើម្បីអ្នកគាំទ្រ ដូចជាការថតរូប និងចុះហត្ថលេខាលើវត្ថុអនុស្សាវរីយ៍ផ្សេងៗ នៅពេលអ្នកគាំទ្រទាំងនោះបានជួបកីឡាករអាហ្សង់ទីនដោយចៃដន្យណាមួយ។
កាលពីថ្ងៃទី២១ មេសា ក្រោយការប្រកួតដែល Inter Miami យកឈ្នះការប្រកួតលទ្ធផល ១-០ ទល់នឹងក្រុម Columbus Crew ស្ថិតក្នុងកីឡដ្ឋាន Huntington Bank Field ក្នុងទីក្រុង Cleveland រដ្ឋ Ohio អតីតខ្សែប្រយុទ្ធក្រុម Barca ត្រូវបានអ្នកគាំទ្រថតបាន ពេលមន្ត្រីប៉ូលិស ២រូប សុំរូបគេថតរូប នៅទីតាំងចំណតរថយន្ត។ វីដេអូ មន្ត្រីប៉ូលិសសុំ Messi ថតរូប ត្រូវបានបង្ហោះលើបណ្តាញសង្គម ហើយផ្ទុះការចាប់អារម្មណ៍ខ្លាំង ដោយកីឡាករប្រធានក្រុមអាហ្សង់ទីន ក្នុងវីដេអូឃ្លីបនោះបានបង្ហាញទឹកមុខគួរឱ្យអស់សំណើច និងស្រឡាំងកាំង ខណៈមន្ត្រីប៉ូលិស មិនឱ្យខាតបង់ឱកាសល្អ ដើម្បីសុំថតរូបអនុស្សាវរីយ៍ជាមួយនឹងកំពូលកីឡាករបាល់ទាត់ល្បី។
បន្ទាប់មកមន្ត្រីប៉ូលិសមួយរូបទៀត បានចូលមកជិតនឹងកីឡាករ Messi និងបានសួរនាំអំពីផ្លូវដែលរូបគេនឹងធ្វើដំណើរចាកចេញពីកីឡដ្ឋានប្រកួត។ ក្រោយការជជែកសួរនាំបន្តិចរួចមក ប៉ូលិសរូបនោះក៏ថតរូបជាមួយនឹងកីឡាករម្ចាស់ពាន World Cup ឆ្នាំ ២០២២។ អំឡុងពេលប៉ូលិស សុំថតរូបជាមួយនឹង Messi អង្គរក្សជំនិត Yassine Cheuko ក៏ស្ថិតនៅទីតាំងនោះ ប៉ុន្តែរូបគេបានអនុញ្ញាតឱ្យមន្ត្រីប៉ូលិសទាំង ២រូប បានចូលជិតកីឡាករវ័យ ៣៧ឆ្នាំ ថតរូបអនុស្សវរីយ៍។
រូបភាពទាំងនោះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានលើកឡើងសរសើរគ្រប់ៗគ្នាចំពោះ ប្រធានក្រុមអាហ្សង់ទីន ដែលឆ្លៀតពេលវេលាខ្លីផ្តល់ការចងចាំ និងអនុស្សាវរីយ៍ទៅកាន់អ្នកគាំទ្ររបស់គេ។ រំឮកពេល Messi ធ្វើដំណើរទៅដល់អាម៉េរិកលើកដំបូង ពេលរូបគេនិងក្រុមគ្រួសារដើរទិញអីវ៉ាន់នៅផ្សារទំនើបមួយកន្លែង ប្រជាជនអាម៉េរិកដែលស្គាល់រូបគេ ក៏បានឆ្លៀតឱកាសសុំគេថតរូប ខណៈប្រជាជនអាម៉េរិកខ្លះមិនបានស្គាល់គេ ហើយមិនបានរំខានគេ ឬស្នើសុំថតរូបអ្វីនោះឡើយ៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា
