សង្គ្រាមអ៊ុយក្រែន៖ តើ​ផែនការ​សន្តិភាព​ស្នើ​ឡើង​ដោយ​អាម៉េរិក​មាន​ខ្លឹមសារ​យ៉ាងណាខ្លះ?
  • ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៨:២៩ នាទី ព្រឹក
សង្គ្រាមអ៊ុយក្រែន៖ តើ​ផែនការ​សន្តិភាព​ស្នើ​ឡើង​ដោយ​អាម៉េរិក​មាន​ខ្លឹមសារ​យ៉ាងណាខ្លះ?

ក្នុង​ខណៈ​ដែល​​ប្រធានាធិបតី​អ៊ុយក្រែន បាន​ទទូច​ជា​ថ្មី​ ឱ្យ​មាន​បទ​ឈប់​បាញ់ ទាំង​ស្រុង ភ្លាម និង​ដោយ​គ្មាន​លក្ខខណ្ឌ អនុប្រធានាធិបតី​អាមេរិក​លោក JD Vance បានអះអាង​ បែប​​ដាក់​ឱសានវាទ ថា​អ៊ុយក្រែន​និង​រុស្ស៊ី​ចាំបាច់​ត្រូវ​តែ​ធ្វើ​សម្បទានទឹក​ដី ទើប​រក​សន្តិភាពឃើញ។ បើតាម​អនុប្រធានាធិបតី​រូប​នេះ ​​អាមេរិកបានលើក​​​សំណើ​លម្អិតបង្ហាញ​ក្រុង​​កៀវនិង​ម៉ូស្គូ​ហើយ។ តើ​ផែនការ​សន្តិភាព​ស្នើ​ដោយ​អាមេរិក​នេះ​មាន​ខ្លឹមសារ​យ៉ាង​ណា?

TTN-Free-Banner-In-Article-PC

គ្មាន​ទេ​ការ​​​ប្រកាស​បង្ហាញ​ជា​ផ្លូវការ​នូវផែនការ​សន្តិភាព​សម្រាប់​​អ៊ុយក្រែននិង​រុស្ស៊ី ប៉ុន្តែបណ្តាញ​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​យ៉ាង​ព្រោង​ព្រាត​អំពី​ខ្លឹម​សារ​ដែលអាច​​មាន​នៅក្នុង​ផែនការ​​សន្តិភាព​ស្នើ​ឡើង​ដោយ​រដ្ឋបាល​អាមេរិក។

បើ​តាម​កាសែត​Washington Post សហរដ្ឋ​អាមេរិក​ស្នើ​ឱ្យ​ទទួល​ស្គាល់​ដែនដី​គ្រីមេ ជា​ទឹក​ដី​រុស្ស៊ី​ ដូច​ការ​ទាមទារ​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន។ ហើយ​បន្ថែម​ពី​លើនេះ​ទៀត​ ដែន​ដីភាគ​ខាង​កើត​​អ៊ុយក្រែនដែល​ស្ថិត​​​ក្រោម​ការ​គ្រប់គ្រង​របស់យោធា​រុស្ស៊ីទៅហើយ ដូច​ជា តំបន់​Donetsk Kherson ​​និងZaporijjia ក៏​នឹង​ត្រូវ​ក្លាយ​​​ជា​របស់​រុស្ស៊ី​ដែរ។ ​នេះ​បើ​តាម​បណ្តាញ​ព័ត៌មាន​អនឡាញ Axios ដោយ​សង្កត់​ធ្ងន់ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹងការ​​ទាមទារ​ដ៏​ចម្បង​មួយ​ទៀត​របស់​លោក​ពូទីន សហរដ្ឋ​អាមេរិក​ព្រម​​សន្យានៅក្នុង​ផែនការ​សន្តិភាព ​មិន​ឱ្យ​អ៊ុយក្រែន​ក្លាយ​ជា​សមាជិក​អង្គការ​អូតង់​ទេ។ 

តែ​អាច​មាន​លទ្ធភាពត្រឹម​​ចូល​ជា​សមាជិកសហភាព​អឺរ៉ុប។ ​Financial Times អះអាង​ថា​​លោកពូទីនបាន​​ទាមទារ​ពីរ​ចំណុច​នេះ ​កាលពី​ដើម​ខែ​មេសា ក្នុង​ជំនួប​ជាមួយ​បេសកកជន​អាមេរិក​ Steve Witkoff ដោយ​សន្យាបញ្ឈប់​សកម្មភាព​​ឈ្លានពាននិង​បង្កកព្រំដែនរុស្ស៊ី​​ត្រឹម​ខ្សែ​បន្ទាត់​សមរភូមិ​បច្ចុប្បន្ន​ ជា​ថ្នូរ។

ទាក់ទង​នឹង​ការ​រក្សា​សន្តិសុខ​វិញ ​បណ្តាញ​Axiosសរសេរថា សហរដ្ឋអាមេរិក​ស្នើ​ធានា​សុវត្ថិភាព​ឱ្យ​អ៊ុយក្រែន តាម​រយៈ​ការ​បង្កើត​ក្រុម​ការពារ​ដ៏​ធំ​រឹង​មាំ បែប​ក្រុម​Ad Hoc ដែល​​មាន​ការ​ចូល​រួម​ពី ប្រទេស​អឺរ៉ុប​និង​ប្រទេស​មិនមែនអឺរ៉ុប​ ប៉ុន្តែ​គ្មាន​ការ​លម្អិត​អំពី​ដំណើរការ​របស់​ក្រុម​នេះ​ទេ និង​មិន​ដូច​ការ​ទាមទារ​របស់​អ៊ុយក្រែន ដែលតម្រូវ​​ឱ្យ​មាន​ទាហាន​អាមេរិក​ចូលការពារ​ដែរ។ យោង​តាម​​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ ​កិច្ចព្រមព្រៀងអាមេរិកមាន​ចារ​អំពីគម្រោង​​ដក​​ទណ្ឌកម្មចេញ​ពី​រុស្ស៊ី នាពេលអនាគត។ 

ឯ​អ៊ុយក្រែន​នឹង​ទទួល​បាន​សំណង​ជំងឺ​ចិត្ត​ ព្រមទាំង​ជំនួយ​សម្រាប់​​ស្តារ​ប្រទេស​​ឡើង​វិញ ដោយ​គ្មាន​បញ្ជាក់​អំពីនរណា​ជា​ម្ចាស់​ផ្តល់​ហិរញ្ញប្បទានទេ។ កិច្ចព្រមព្រៀង​ធ្វើ​ពាណិជ្ជកម្មរ៉ែ​អ៊ុយក្រែន ក៏​មាន​ចែង​ក្នុង​ផែនការ​សន្តិភាព​ដែរ។ នេះ​​​បើតាមបណ្តាញ​​Axios​ដដែល ដែល​បញ្ជាក់​ថា លោក​ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី ប្រឆាំង​នឹង​គំនិត​របស់​លោក​ត្រាំ​ដែល​ចង់ទុក​មជ្ឈមណ្ឌល​នុយក្លេអ៊ែរZaporijjiaឱ្យ​នៅជា​របស់​​​​រុស្ស៊ី តែ​ស្ថិត​ក្រោម​អធិការកិច្ចអាមេរិក។​

ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជុំ​វិញ​ផែនការ​សន្តិភាពអាមេរិក​នេះធ្លាក់​មក​ ក្រោយ​ពី​​អនុប្រធានាធិបតី​អាមេរិក JD Vance បានគំរាម​បែប​ដាក់​ឱសានវាទ​​ថា សហរដ្ឋអាមេរិក​បាន​រៀប​ចំ​​ផែនការ​សន្តិភាព​ដែល​មាន​ពន្យល់​យ៉ាង​លម្អិត​ពី​អ្វី​ដែល​រុស្ស៊ី​និង​អ៊ុយក្រែន​ត្រូវ​ធ្វើ​ដើម្បី​អាច​សម្រេច​កិច្ចព្រមព្រៀង​សន្តិភាព។ ប្រទេស​ពាក់ព័ន្ធ​ទាំងពីរ​ត្រូវ​ព្រមទទួល​យក​សំណើ​សន្តិភាព​ ដោយចាំបាច់​ត្រូវ​ហ៊ាន​ធ្វើ​សម្បទាននិង​ដោះដូរ​​ទឹក​ដីគ្នា ​​បើ​ពុំ​នោះ​ទេ គឺ​អាមេរិក​ជា​អ្នក​ដក​ខ្លួន​ចេញ។ នេះ​ជា​ពាក្យ​​ដែល​ចេញ​ពី​បបូរ​មាត់​អនុប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃពុធ​ទី​២៣​មេសា ពី​ប្រទេស​ឥណ្ឌា។

ជា​ប្រតិកម្ម​តប ប្រធានាធិបតី​អ៊ុយក្រែន បាន​ទទូច​ឱ្យ​មាន​បទ​ឈប់​បាញ់ ទាំងស្រុង ​ជា​បន្ទាន់ភ្លាម និង​ដោយ​គ្មាន​លក្ខខណ្ឌ មុន​នឹង​ឈាន​ដល់​ការ​ចរចា​រក​សន្តិភាព។ ទទួល​បាន​មក​វិញ​នូវ​បូរណភាព​ទាំង​ស្រុង​សម្រាប់​អ៊ុយក្រែន​ ជា​ជំហរ​ដ៏​រឹង​មាំ​របស់​អឺរ៉ុប ប៉ុន្តែ​អ៊ុយក្រែន​ជា​អ្នក​សម្រេច​អំពី​ជោគ​វាសនា​អនាគត​ខ្លួន​ឯង។ នេះ​បើ​តាម​ជា​ទស្សនៈ​របស់​អង់គ្លេស។ សូម​រំលឹក​ថា អ៊ុយក្រែន​និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​ធ្លាប់​ទាមទារ​យក​ពុំ​ចែក​ដែន​ដី​ដូចមុន​​ឆ្នាំ​២០១៤​ តែ​រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក​ Pete Hegseth ថា​ជា​រឿង​ដែល​មិន​អាច​ត្រលប់​បាន​វិញ​ទេ៕

ដោយ៖ អៀង សុខម៉ិញ (RFI ខេមរភាសា)


Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other