- ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:២៩ នាទី ព្រឹក

ក្លិប Aston Villa បានបើកកិច្ចពិភាក្សាផ្ទៃក្នុងដ៏សំខាន់មួយ ជុំវិញការផ្ទេរយកខ្សែបម្រើ Kevin de Bruyne ដែលនឹងចាកចេញពី Manchester City។ នេះបើតាមការចុះផ្សាយរបស់កាសែត Sky Sports។
កាលពីដើមខែមេសា ខ្សែបម្រើវ័យ ៣៣ឆ្នាំ បានចេញមុខអះអាងថា រូបគេនឹងចាកចេញពីក្លិប Man City ក្រោយបញ្ចប់រដូវកាល ក្រោយពីរួមរស់រយៈពេល ១០ឆ្នាំ នៅកីឡដ្ឋាន Etihad។ កិច្ចសន្យារបស់ខ្សែបម្រើបែលហ្ស៊ិក នឹងផុតកំណត់ក្នុងខែមិថុនា។
ក្លិប Aston Villa ហាក់បីជាបង្ហាញបំណងដំបូងគេ និងបានចាប់យកឱកាសចង់ផ្ទេរយកខ្សែបម្រើវ័យ De Bruyne យកមកចូលរួមក្រុម ខណៈដែលលោក Unai Emery ជាអ្នកចាត់ការក្រុម ក៏កំពុងស្វែងរកខ្សែបម្រើខ្លាំងមួយរូប ដើម្បីពង្រឹងក្រុម។ De Bruyne ក៏ធ្លាប់បង្ហាញបំណងចង់បន្តស្នាក់នៅក្លិបនៅអង់គ្លេស ព្រោះតែស្ថានភាព ការរស់នៅរបស់ក្រុមគ្រួសារ ក៏ដូចជាចំណាប់អារម្មណ៍លេងនៅក្លិបដទៃផ្សេងទៀត ក្នុងក្របខណ្ឌ Premier League។
ក្លិបដឹកនាំដោយលោក Emery ទៀតសោត ក៏បានបង្ហាញជំហជាបេក្ខភាពឈានមុខគេបំផុត ខណៈពួកគេក៏ជាក្រុមត្រូវប្រជែងកៅអី សម្រាប់ពានរង្វាន់អឺរ៉ុបរដូវកាលក្រោយ ហើយកៅអីពានរង្វាន់អឺរ៉ុប ក៏នឹងជួយពួកគេអាចទាក់ទាញចិត្តខ្សែបម្រើបែលហ្ស៊ិករូបនេះផងដែរ។
យ៉ាងណាមិញ មិនត្រឹមតែក្លិប Aston Villa តែមួយនោះទេ ក្លិបមកពីក្របខណ្ឌ Major League Soccer របស់អាម៉េរិកចំនួន ៤ បានបង្ហាញបំណងប្រជែងយក De Bruyne ដូចគ្នា។ ក្លិប Inter Miami, Chicago Fire, New York City FC និង DC United សុទ្ធសឹងជាក្រុមចង់បានខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក។ ក្លិប Como មកពីអ៊ីតាលី ក៏បានចូលខ្លួនប្រជែងចង់បានកីឡាករវ័យ ៣៣ឆ្នាំ បើទោះបីជាគ្មានភាគរយខ្ពស់ ដែលនឹងអាចថាប្រជែងចិត្តកីឡាករ De Bruyne បាន។
សម្រាប់ Aston Villa ការយកបាន De Bruyne នឹងអាចក្លាយជាការបំពេញចំណុចខ្វះខាត ដ៏សំខាន់នៅតំបន់ខ្សែបម្រើ ដើម្បីពង្រឹងក្រុមប្រជែងពានរង្វាន់លើកដំបូង ក្រោយពីក្រុមខកខានឈ្នះចាប់តាំងពីឆ្នាំ ១៩៩៦។ Aston Villa នៅរយៈពេលប៉ុន្មានរដូវកាលចុងក្រោយមកនេះ ពួកគេក៏ជាក្រុមធ្វើបានល្អមួយនៅក្នុងក្របខណ្ឌ Premier League ខណៈបច្ចុប្បន្នក្រុមក៏កំពុងប្រជែងកៅអី UCL ក៏ដូចជា Europa League សម្រាប់រដូវកាលក្រោយ៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា
