សម្ដេច ហ៊ុន ម៉ាណែត ឱ្យក្រសួងនិងរដ្ឋបាលធានី-ខេត្ត ចងបដាពាក្យស្លោកអបអរ ទិវាពលកម្មអន្តរជាតិ
  • ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី យប់
សម្ដេច ហ៊ុន ម៉ាណែត ឱ្យក្រសួងនិងរដ្ឋបាលធានី-ខេត្ត ចងបដាពាក្យស្លោកអបអរ ទិវាពលកម្មអន្តរជាតិ
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី STPM

ភ្នំពេញ៖ ដើម្បីអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត ជ្រើសយកដងវិថី និងទីតាំងសំខាន់ៗ ចងបដាពាក្យស្លោកពាក់ព័ន្ធនឹងទិវាពលកម្មអន្តរជាតិ។ 

យោងតាមសារាចរ ស្ដីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ នៅឆ្នាំនេះ រដ្ឋាភិបាលប្រារព្វឡើងក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់»។ សារនេះ ចេញដោយសម្ដេច ហ៊ុន ម៉ាណែត នាថ្ងៃទី២១មេសា ដោយណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយក្រសួងពាក់ព័ន្ធ រៀបចំប្រារព្វពិធីរំលឹកខួប ទិវាពលកម្មអន្តរជាតិ។ កម្មវិធីនេះ ត្រូវមានការចូលរួមពីកម្មករ និយោជក និងដៃគូពាក់ព័ន្ធ។ 

ប្រមុខថ្នាក់ដឹកនាំ ចង្អុលបង្ហាញបន្ថែម ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវជ្រើសរើសទីតាំងសមស្រប ដូចជា ដងវិថី និងទីតាំងសំខាន់ ដើម្បីចងបដាពាក្យស្លោក។ ពាក្យស្លោកទាំងនោះ មានដូចជា៖ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់, ប្តេជ្ញាបន្តធានាឱ្យបាននូវ សហគ្រាសមួយជាសមាគមន៍សុខសាន្តមួយ, រោងចក្រជាឆ្នាំងបាយរួមរបស់បងប្អូនកម្មករនិយោជិត និងនិយោជក, និងជំរុញការវិនិយោគ និងបង្កើតឱកាសការងារសមរម្យជាដើម»។ 

ជាមួយគ្នាដែរ រដ្ឋាភិបាលណែនាំឱ្យ ក្រសួងព័ត៌មាន ជួយជំរុញការផ្សាយព័ត៌មានពាក់ព័ន្ធនឹងទិវានេះ។ ចំណែក ក្រសួងមហាផ្ទៃ និងមន្ត្រីនគរបាលតាមបណ្ដារាជធានី-ខេត្ត ត្រូវការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ក្នុងអំឡុងពេលប្រារព្ធទិវាពលកម្ម១ឧសភា។ 

ក្រៅពីនេះ សម្ដេច ​ណែនាំឱ្យអាជ្ញាធរតាមស្ថាប័ន និងមូលដ្ឋាន រៀបចំពិធីអបអរសាទ និងកម្មវិធីកម្សាន្តនានា តាមតំបន់រៀងខ្លួន៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី