រយៈពេល៥ឆ្នាំ អង្គការ iDE ជួយបង្កើនចំណូលដល់កសិករជាង ៦ពាន់គ្រួសារ និងអាជីវកម្មកសិកម្មជាង៣០០
  • ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
រយៈពេល៥ឆ្នាំ អង្គការ iDE ជួយបង្កើនចំណូលដល់កសិករជាង ៦ពាន់គ្រួសារ និងអាជីវកម្មកសិកម្មជាង៣០០

ក្នុងរយៈពេល ៥ ឆ្នាំ អង្គការ iDE កម្ពុជា បានលើកកម្ពស់សុខុមាលភាពគ្រួសារកសិករខ្នាតតូចជាង ៦០០០គ្រួសារ និងអាជីវកម្មកសិកម្មជាង ៣០០។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ iDE ក្នុងចំណោមនោះ មាន៤៣ភាគរយ ដឹកនាំដោយស្រ្តី និងបានជួយដល់គ្រួសារកសិករខ្នាតតូចបង្កើនប្រាក់ចំណេញ ដោយពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងវិបត្តិសេដ្ឋកិច្ចផងដែរ។
TTN-Free-Banner-In-Article-PC


អង្គការ iDE កម្ពុជា បានពិធីបិទបញ្ចប់គម្រោង «ការធ្វើពាណិជ្ជកម្មសាកវប្បកម្មវៃឆ្លាតក្នុងលក្ខខណ្ឌបម្រែបម្រួលអាកាសធាតុ » (ហៅកាត់ថា ស៊ីស្មាត) នៅខេត្តសៀមរាប ក្រោយដាក់ដំណើរការកាលពីឆ្នាំ២០១៩។ គម្រោងនេះ ទទួលបានការគាំទ្រថវិកាពីក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសនូវែលសេឡង់ ដែលមានថវិកា ៥,៤លានដុល្លារ សម្រាប់គាំទ្រដល់កសិករអាជីពនៅខេត្តបី គឺខេត្តសៀមរាប បន្ទាយមានជ័យ និងឧត្តរមានជ័យ។

តាមរយៈគម្រោងខាងលើ អង្គការ iDE បានណែនាំបច្ចេកទេស និងបច្ចេកវិទ្យាកសិកម្មឆ្លាតវៃនឹងអាកាសធាតុ លើកកម្ពស់ការអនុវត្តកសិកម្មល្អធានាសុវត្ថិភាពទាំងកសិដ្ឋាន និងផលិតផលស្បៀង។ ក្រៅពីនេះ គម្រោងក៏បណ្ដុះការកសាងសមត្ថភាព និងផ្សាភ្ជាប់ទំនាក់ទំនងរវាងតួអង្គក្នុងវិស័យសាធារណៈ និងឯកជន ព្រមទាំងលើកកម្ពស់ប្រព័ន្ធទីផ្សារដែលប្រកបដោយបរិយាប័ន្ន និងមានភាពធន់ផងដែរ។  



បើតាមសេចក្ដីប្រកាសព័ត៌មានខាងលើ តាមរយៈការគាំទ្រផ្នែកបច្ចេកទេស និងការអនុវត្តកសិកម្មល្អ រួមជាមួយនឹងការបង្កើនលទ្ធភាពទទួលបានសេវាកម្មកសិកម្ម និងទីផ្សារកាន់តែប្រសើរពីអង្គការiDE កសិករបានបង្កើនប្រាក់ចំណេញប្រចាំឆ្នាំរបស់ពួកគេពី ៨៣០ ទៅប្រមាណជាង ៣ ៧០០ដុល្លារ។ 

លោក Kevin Robbins នាយកប្រចាំប្រទេសនៃអង្គការ iDE កម្ពុជា បានថ្លែងក្នុងកម្មវិធីបិទបញ្ចប់គម្រោងថា៖ «ស៊ីស្មាស្អាត គឺជាសាច់រឿងនៃភាពធន់ និងវឌ្ឍនភាព។ យើងបានផ្តោតលើការកសាងផ្នត់គំនិតសហគ្រិនភាពក្នុងចំណោមកសិករ និងតួអង្គនៅក្នុងទីផ្សារ ដោយជួយពួកគេឱ្យមើលឃើញថា ដីស្រែចម្ការរបស់ពួកគេអាចប្រែក្លាយទៅជាអាជីវកម្មមួយដែលអាចផ្តល់នូវប្រាក់ចំណេញដ៏ប្រសើរបាន»។



អង្គការ IDE បានសហការជាមួយតួអង្គរដ្ឋាភិបាល និងឯកជន ដើម្បីធានាបាននូវការលើកកម្ពស់គុណភាពធាតុចូលកសិកម្ម លើកកម្ពស់ការប្រើប្រាស់ជីគីមី និងថ្នាំកសិកម្មប្រកប ដោយទំនួលខុសត្រូវ និងផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសជាក់ស្តែងតាមរយៈកសិដ្ឋាន។ អង្គការ iDE កម្ពុជា បន្តថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានកសាងប្រព័ន្ធទីផ្សារមួយដែលមានបរិយាប័ន្ន និងមានភាពធន់ ផ្តល់អត្ថប្រយោជន៍ដល់កសិករ និងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងប្រព័ន្ធទីផ្សារ។  

នាយកប្រចាំប្រទេសនៃអង្គការ iDE កម្ពុជា បន្ថែមថា៖«ជាមួយនឹងការគិតបែបប្រព័ន្ធ និងប្រើប្រាស់វិធីសាស្រ្តផ្អែកលើការចូលរួម យើងបានធ្វើការជាមួយតួអង្គទីផ្សារនៅក្នុងខ្សែច្រវាក់ទីផ្សារជាច្រើន រួមមាន កសិករ និងក្រុមកសិករ អ្នកផ្គត់ផ្គង់ ធាតុចូលកសិកម្ម ឈ្មួញកណ្តាល សហគ្រិនកសិកម្ម ក្រុមហ៊ុនចែកចាយធាតុចូលកសិកម្ម អ្នកទិញទ្រង់ទ្រាយធំ និងមន្ត្រីរដ្ឋាភិបាល។ យើងក៏បានជួយកសាងទំនាក់ទំនង សមត្ថភាព និងគំរូអាជីវកម្មថ្មីៗ ដែលនឹងអាចបន្តទៅ ថ្ងៃខាងមុខដោយតួអង្គទាំងអស់ បើទោះបីជាគម្រោងបញ្ចប់ក៏ដោយ»។



ចំណែកលោកស្រី Dana AVRAM លេខាទីមួយផ្នែកអភិវឌ្ឍន៍នៃស្ថានទូតនូវែលសេឡង់ប្រចាំកម្ពុជា ឡាវ និងថៃ បានមានប្រសាសន៍ថា៖ «យើងមានមោទនភាពយ៉ាងខ្លាំង ចំពោះការងាររបស់អង្គការ iDE ដែលបាននាំយកនូវ បច្ចេកវិទ្យាវៃឆ្លាតនឹងអាកាសធាតុមកកម្ពុជា។ វាប្រៀបបាននឹងអំណោតដ៏ប្រសើរមួយនៅពេលមើលឃើញថា កសិករដែលយើងបានគាំទ្រ មិនត្រឹមតែលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន កសាងសមត្ថភាពយ៉ាងប្រសើរក្នុងការទប់ទល់នឹងវិបត្តិផ្សេងៗនាពេលអនាគត»។  

សូមបញ្ជាក់ថា ស៊ីស្មាត គឺជាគម្រោងចុងក្រោយបង្អស់របស់កម្មវិធី«សម្របសម្រួលការអភិវឌ្ឍជំនួញកសិកម្មកម្ពុជា» (ហៅកាត់ថា CADF) ក្រោមជំនួយរបស់ MFAT។ CADF ដែលរួមមានគម្រោងផ្សេងគ្នា បានចាប់អនុវត្តតាំងពីឆ្នាំ ២០០៥ មកទល់ពេលនេះ បានបង្កើតផលវិជ្ជមានគួរឱ្យកត់សម្គាល់ដល់កសិករប្រមាណជាង ២០.០០០នាក់ និង អភិវឌ្ឍខ្សែច្រវាក់តម្លៃនៃដំណាំមួយចំនួន។ 

ដោយឡែក អង្គការ iDE គឺជាអ្នកណែនាំប្រព័ន្ធស្រោចស្រពដំណាំប្រភេទដំណក់ទឹក ដំបូងគេនៅកម្ពុជានិងបានផ្សព្វផ្សាយនូវបច្ចេកវិទ្យា និងការអនុវត្តកសិកម្មឆ្លាតវៃនឹងអាកាសធាតុនានា ខណៈពេលដែលណែនាំនូវមុខដំណាំថ្មីៗដូចជា៖ ខ្ទឹមបារាំង ការ៉ុត ត្រសក់ផ្អែម និងដំណាំថ្មីៗ ជាច្រើនទៀត ចូលទៅក្នុងទីផ្សារកម្ពុជា៕ 

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ញឹក ស្រីល័ក្ខ