- ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១០:៥៤ នាទី ព្រឹក

លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៤ ខែមេសា បានប្រាប់សមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យបញ្ឈប់ការវាយប្រហារលើក្រុងកៀវ។ ការអំពាវនាវរបស់លោក ត្រាំ ធ្វើឡើងក្រោយមនុស្សប្រមាណ ១២នាក់ បានស្លាប់ ក្នុងការវាយប្រហាររបស់រុស្ស៊ីលើក្រុងកៀវ តាមរយៈដ្រូន និងមីស៊ីល។
ទីតាំងប្រមាណ ១៣កន្លែង នៅក្នុងទីក្រុងកៀវ បានរងការវាយប្រហារពីសំណាក់រុស្ស៊ី នៅពេលថ្មីៗនេះ ដោយមនុស្សយ៉ាងហោចណាស់ ១២នាក់ បានស្លាប់បាត់បង់ជីវិត។ ក្រោយទីក្រុងកៀវរងការវាយប្រហារដ៏ធំបំផុត នៅក្នុងឆ្នាំនេះ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានទទូចឱ្យសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បញ្ឈប់ការវាយប្រហារ ដ្បិតកិច្ចចរចាជិតឈានដល់ចំណុចឯកភាព។
«ខ្ញុំមិនសប្បាយចិត្តឡើយ ពេលរុស្ស៊ីវាយប្រហារក្រុងកៀវ។ វាមិនចាំបាច់ ហើយវាពិតជាអាក្រក់ក្នុងពេលវេលានេះ។ លោក ពូទីន សូមបញ្ឈប់ភ្លាម»។ លោក ត្រាំ បានសរសេរបែបនេះ នៅលើបណ្តាញសង្គម Truth Social នៅថ្ងៃទី២៤ ខែមេសា។ បើតាមលោកត្រាំ លោក ពូទីន ត្រូវតែធ្វើកិច្ចព្រមព្រៀងសន្តិភាពឱ្យបានរួចរាល់។
ពីសេតវិមាននៅថ្ងៃទី២៤ ខែមេសា លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា អាម៉េរិក បានដាក់សម្ពាធយ៉ាងខ្លាំងលើរុស្សី ហើយតែងលើកឡើងជាដដែលៗថា លោកមិនពេញចិត្តចំពោះការវាយប្រហាររបស់រុស្ស៊ីទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
មុនការលើកឡើងបែបនេះ លោក ត្រាំ បានរិះគន់ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ដែលមិនទទួលស្គាល់ ដែនដីគ្រីមេ ជារបស់រុស្ស៊ី។ បើតាមលោក ត្រាំ ការបដិសេធរបស់អ៊ុយក្រែន ពិតជាអាចប៉ះពាល់កិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី។ កន្លងមក រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានព្រមានដកខ្លួនចេញពីកិច្ចខិតខំចរចាសន្តិភាព ប្រសិនបើគ្មានការវិវត្តជាវិជ្ជមាន។
មកទល់ពេលនេះ អ៊ុយក្រែន និងរុស្ស៊ី នៅតែបន្តវាយប្រហារគ្នាទៅវិញទៅមក ស្របពេលអាម៉េរិក បានបញ្ជូនប្រេសិតស្វែងរកដំណោះស្រាយ។ អាម៉េរិក ក៏ធ្លាប់ទទួលស្គាល់ដែរថា កិច្ចព្រមព្រៀងសន្តិភាព មិនមែនអាចធ្វើឡើងត្រឹមតែមួយយប់ឡើយ៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
