- ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១១:២៦ នាទី ព្រឹក

ក្រុម FK Arkadag ដែលជាគូប្រជែងក្រុមព្រះខ័នរាជស្វាយរៀងក្នុងការប្រកួតដណ្តើមជើងឯក AFC Challenge League វគ្គផ្តាច់ព្រ័ត្រ ជាក្លិបបាល់ទាត់ទើបបង្កើតថ្មីនៅឆ្នាំ ២០២៣ ប៉ុន្តែពួកគេអាចគ្រងតំណែងជើងឯកលីគកំពូលតួកមេនីស្ថានទាំងពីរដូវកាលចុងក្រោយ (២០២៣ និង ២០២៤)។
FK Arkadag ឬ AFK ដែលមានលោក Arslanmyrat Amanow អតីតកីឡាករជម្រើសជាតិតួកមេនីស្ថានជាប្រធានក្លិប ទើបបង្កើតឡើងនៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៣។ បង្កើតដំបូង និងបានចូលរួមក្នុងការប្រជែងពាននៅលីគកំពូល Ýokary Liga ក្លិបដែលមានមូលដ្ឋានក្នុងក្រុង Arkadag ប្រទេសតួកមេនីស្ថាន អាចគ្រងតំណែងជើងឯកនៅរដូវកាលដំបូងឆ្នាំ ២០២៣ របស់ខ្លួនតែម្តង ក្នុងចំណោម ក្លិបចួលរួមទាំង៩។
នៅរដូវកាលបន្ទាប់ ឆ្នាំ ២០២៤ AFK ដែលមានលោក Gurbanguly Berdimuhamedow អ្នកនយោបាយតួកមេនីស្ថាន ជាម្ចាស់ក្លិប អាចការពារតំណែងជើងឯករបស់ខ្លួនទៀតផង។ សម្រាប់នៅរដូវកាលឆ្នាំ ២០២៥នេះ AFK ដែលជាក្រុមការពារតំណែងជើងឯក មិនទាន់ស្គាល់ចាញ់ឡើយ ក្នុងការប្រកួតទាំង ៣លើក។
ទើបបង្កើតបាន២ឆ្នាំមែន ប៉ុន្តែ FK Arkadag ពិតជាបង្ហាញភាពខ្លាំងរបស់ខ្លួន ខណៈពួកគេនឹងត្រូវតទល់ក្រុមម្ចាស់ការពារតំណែងជើងឯកលីគកំពូលកម្ពុជា CPL ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់កម្រិតទី៣អាស៊ី AFCCL ថែមទៀត។ ជំនួបវគ្គផ្តាច់ព្រ័ត្រ AFCCL នឹងធ្វើឡើងនៅទឹកដីកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី១០ ខែឧសភា វេលាម៉ោង ៧ យប់។
ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Munoz ក៏បង្ហាញភាពខ្លាំងរបស់ខ្លួនផងដែរ ទាំងក្នុងលីគ ពានរង្វាន់សម្តេច ហ៊ុន សែន និងការឈានដល់វគ្គផ្តាច់ព្រ័ត្រកម្រិតទី៣អាស៊ី ឆ្នាំ ២០២៥ នេះ។ នៅ CPL ស្វាយរៀង ស្ថិតនៅកំពូលតារាង មាន៦៧ពិន្ទុ តាមពីក្រោយដោយភ្នំពេញក្រោនដែលមាន ៦៣ពិន្ទុ គិតការប្រកួតទី២៦។ ពានរង្វាន់សម្តេច ហ៊ុន សែន ក្រុមស្វាយរៀង ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវតទល់បឹងកេត៕
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។
