ក្រោយភេរវកម្ម​បាញ់​ប្រហារ​ទេសចរ ឥណ្ឌានិងប៉ាគីស្ថាន​ឈ្លោះ​រាលដាល​ដល់​បញ្ហា​ទឹក
  • ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៥៣ នាទី ព្រឹក
ក្រោយភេរវកម្ម​បាញ់​ប្រហារ​ទេសចរ ឥណ្ឌានិងប៉ាគីស្ថាន​ឈ្លោះ​រាលដាល​ដល់​បញ្ហា​ទឹក

ភាព​តាន​តឹង​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន បាន​ឡើង​ដល់​កំរិត​កំពូល ក្រោយ​ភេរវកម្ម​បាញ់​ប្រហារ​ទេសចរ នៅ​តំបន់​កាស្មៀរ​។ ក្រៅ​អំពីប្រកាស​ប្តេជ្ញា​តាម​ប្រមាញ់​ភេរវជន​ ឱ្យ​ខាង​តែ​បាន​ នៅ​ថ្ងៃព្រហស្បតិ៍​ទី​២៤​មេសា​នេះ ឥណ្ឌា​និង​ប៉ាគីស្ថាន​​ចេញ​វិធានការ​ក្តៅ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ​បណ្តេញ​មន្ត្រី​ទូត ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ បិទ​ព្រំដែនគោក ព្រំដែន​អាកាស​... នាយករដ្ឋមន្ត្រី​ឥណ្ឌា​បាន​ថែម​ទាំង​ប្រកាស​ផ្អាក​សន្ធិសញ្ញាស្តី​ពី​ទន្លេIndus​។ សម្រាប់​ប៉ាគីស្ថាន​ ប៉ះពាល់​ដល់​សន្ធិសញ្ញា​ទឹក មាន​ន័យ​ថា​ជា​ការប្រកាស​សង្គ្រាម​ហើយ។ តើ​សន្ធិសញ្ញា​ទឹក​​ទន្លេ​Indus ជា​អ្វី?

TTN-Free-Banner-In-Article-PC

សម្រាប់​អាជ្ញាធរ​ឥណ្ឌា ទោះ​បីជា​គ្មាន​ក្រុម​ឬ​ចលនា​ណាចេញ​មុខ​ទទួល​ស្គាល់​​ទង្វើ​របស់​ពួក​គេ  ទោះបី​មិន​ទាន់​ចាប់​ខ្មាន់​កាំភ្លើង​បាន និង​​គ្មាន​ភស្តុតាង​បញ្ជាក់​ថា​ប៉ាគីស្ថានជាប់​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​ក៏​ដោយ ក៏​យោធា​ប៉ាគីស្ថាន​ធ្លាប់​មាន​ប្រវត្តិ​គាំទ្រ​ចលនា​ឧទ្ទាម​នៅកាស្មៀរ​។ ​ឥណ្ឌា​​សង្ស័យ​ថាជន​ដៃ​ដល់​ដែល​ចេញ​ពី​ព្រៃ​មក​បាញ់​ទេសចរ អាច​ជា​សមាជិក​​ក្រុម​រណ​សិរ្ស​​តស៊ូ​ របស់​ចល​នា​ភេរវកម្ម​Lashkar-e-Tayyaba ដែល​មាន​មូលដ្ឋាន​នៅ​ប៉ាគីស្ថាន។ សម្រាប់​ឥណ្ឌា ប៉ាគីស្ថាន​ជា​អ្នក​មានទំនួលខុស​ត្រូវ​​​លើ​ភេរវកម្ម​បាញ់​ប្រហារ​ទេសចរ​ស្លាប់​អស់​២៦​នាក់​ កាលពី​ថ្ងៃអង្គារទី​២២​មេសា​ នៅ​កាស្មៀរ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា ឥណ្ឌា​ត្រូវតែ​​ដាក់​ទណ្ឌកម្ម​ដោយ​គ្មាន​បង្អង់​​លើ​ប៉ាគីស្ថាន ដោយ​​បិទ​ច្រក​ព្រំដែន​គោក​តែ​មួយ​គត់​របស់​ប្រទេស​ទាំងពីរ ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ បណ្តេញ​មន្ត្រី​ការទូត​និងពលរដ្ឋ​​ប៉ាគីស្ថាន​ ឱ្យ​ចាក​ចេញ​ពី​ទឹក​ដីឥណ្ឌា​​ឱ្យ​បាន​មុន​ថ្ងៃ​ទី ២៩មេសា ​ និង​ជា​ពិសេស​ នាយករដ្ឋមន្ត្រី​ឥណ្ឌាបាន​ប្រកាស​​​ព្យួរ​សន្ធិសញ្ញា​ឆ្នាំ​១៩៦០ ស្តី​ការ​គ្រប់​គ្រង​​ទន្លេ​Indus រហូតទាល់​តែ​ប៉ាគីស្ថានសន្យា​​​បោះបង់​​និងឈប់​​គាំទ្រ​ចលនា​ភេរវកម្ម​ឆ្លង​ព្រំដែន​​ ដោយ​ច្បាស់​លាស់​គួរ​ជា​ទីទុក​ចិត្ត​និង​គ្មាន​ថ្ងៃ​បក​ក្រោយ។

ដោយ​មិន​បង្អង់ នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន ក៏​បាន​ប្រកាស​ចាត់​វិធានការ​តប​វិញ​ដូច​គ្នា គឺ​បិទ​ព្រំដែន​គោក ព្រំដែន​អាកាស បណ្តេញ​មន្ត្រី​ទូត​ឥណ្ឌា​ចេញ​ពីប្រទេស និង​ប្រកាស​ចាត់​ទុក​រាល់​គ្រប់ការ​ប៉ុន​ប៉ង​ពង្វាង​ខ្សែ​ទឹក​ទន្លេ​Indus ថា​ជា​សកម្មភាព​ប្រកាស​សង្គ្រាម។

​ចុះ​ហត្ថលេខា​នៅ​​ឆ្នាំ​១៩៦០ ក្រោម​ម្លប់ផ្តួច​ផ្តើម​របស់​​ធនាគារ​ពិភពលោក សន្ធិសញ្ញា​​​ស្តីពី​ការ​គ្រប់គ្រង​ទន្លេ​Indus ពុំ​​ធ្លាប់​រង​ការ​ប៉ះពាល់​សោះ​កន្លង​មក សូម្បី​តែក្នុង​អំឡុង​ពេល​មាន​សង្គ្រាម​នឹង​គ្នា​ទាំង​បី​លើក​។ ទឹក​មិនមែន​ប្រភព​នាំ​ឱ្យ​មាន​សង្គ្រាម​រវាង​​​ឥណ្ឌា​និង​ប៉ាគីស្ថានទេ ប៉ុន្តែប្រភព​ទឹក​ទន្លេ​Indus​​ជា​កត្តា​ជំរុញ​ឱ្យ​ស្ថានភាព​កាន់​តែ​ដុនដាប និង​អាចត្រូវ​បាន​គេ​ប្រើ​ជា​​​ឧបករណ៍​នៃ​សង្គ្រាម។ នេះ​បើ​តាម​ការ​វិភាគ​របស់​លោកAlain Lamballe អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រា​នយោបាយ​តំបន់​អាស៊ីខាង​ត្បូង។

សន្ធិសញ្ញា​ស្តីពីការ​បែងចែក​ទឹក​ អាច​បំពុល​ស្ថានការណ៍ និង​ជា​ប្រធានបទ​ដ៏​ចំណាស់​និង​ដ៏​រសើប​បំផុត​ដូច​បញ្ហា​តំបន់​កាស្មៀរ​ដែរ។ ទន្លេ​ឥណ្ឌូ មាន​ប្រភព​នៅតំបន់​ទីបេ ហើយ​ហូរ​កាត់​ភាគ​ខាង​ជើង​បំផុត​នៃ​ប្រទេស​ឥណ្ឌា​ ត្រង់តំបន់​ជាប់​​ជម្លោះ​Ladakh (កាស្មៀរឥណ្ឌា) មុន​ចុះ​ទៅ​តំបន់​កាស្មៀរ​ប៉ាគីស្ថាន- ប៉ាគីស្ថាន​ រួច​ចាក់​ចូល​សមុទ្ទ​អារ៉ាប៊ី។ ប៉ុន្តែ​ឥណ្ឌា​ជា​អ្នក​កាន់​ក្បាល​រ៉ូប៊ីណេទឹក។ ដោយ​បាន​សាង​សង់​​ទំនប់​និងអាង​ស្តុក​ទឹក​លើ​ទន្លេឥណ្ឌូ ឥណ្ឌា​អាចសម្រេច​​​បិទខ្ទប់ បង្អត់​ទឹក​ឱ្យ​ទន្លេ​រីងហួតហែង ​ឬ​បើក​បង្ហូរ​ទឹក​ជា​គំហុក​ឱ្យ​ជន់​លិចប្រទេស​ខាង​ក្រោមៗ​​ជា​សត្រូវ​បាន។

បើ​ទោះបី​ជា​ ​មាន​ផ្ទៃក្រឡា​អាង​ទឹក​ទន្លេIndusធំជាង​គេ ដល់ទៅ​៤៧%​ ទល់​នឹង​៣៩%​សម្រាប់​ឥណ្ឌា ៨%​សម្រាប់​ចិន​និង​តែ​៦%​សម្រាប់​អាហ្វហ្កានីស្ថានក៏​ដោយ​ ក៏​ប៉ាគីស្ថាន​ងាយរងគ្រោះ​ខ្លាំង​ជាង​គេ។ ​ប៉ាគីស្ថាន​​ព្រួយ​បារម្ភតាំង​ពី​យូរ​យារ​មក​​ខ្លាច​ថ្ងៃណាមួយ​ឥណ្ឌា​បិទ​ប្រភព​ទឹក​នេះ និង​តែង​បាន​បរិហារ​ជា​ញឹកញយ​ថា​ឥណ្ឌា​ធ្វើ​ភេរវកម្ម​ទឹក។

សន្ធិសញ្ញា​បាន​បែង​ចែក​ខ្សែ​ទឹក​ឱ្យ​ប្រទេស​នីមួយៗ​យ៉ាង​ច្បាស់លាស់។ ទន្លេ​Indus chenab Jhelum សម្រាប់​ប៉ាគីស្ថាន ខ្សែ​ទឹក​ខាង​កើត Ravi Sutlej សម្រាប់​ឥណ្ឌា។ ជា​សរុប​៨០%​នៃ​ទឹក​ក្នុង​អាង​ទន្លេ​Indus​ហូរ​កាត់​ដែន​ដី​ប៉ាគីស្ថាន។ ហេតុដូច្នេះ​ហើយ​បាន​សម្រាប់​ប៉ាគីស្ថាន ការ​ទាមទារ​គ្រប់គ្រង​តំបន់​កាស្មៀរ​ត្រូវ​មាន​ភ្ជាប់​នឹង​បញ្ហា​ខ្សែ​ទឹក។

ឥណ្ឌា​មិន​មែន​ជា​ប្រទេសតែ​មួយ​ដែល​​មាន​ប្រៀប​ខ្លាំង​លើក​ប្រភព​ទឹក​ទេ។ ចិន ជា​សម្ព័ន្ធមិត្តរបស់​ប៉ាគីស្ថាន តែ​មិនមែន​ជា​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ ក៏​មាន​មធ្យោបាយ​ដាក់​សម្ពាធ​និង​ប្រើ​ធនធាន​ទឹក​របស់​ទន្លេ​អន្តរជាតិ​ធំៗ​ដែល​មាន​ប្រភព​នៅ​ខ្ពង់រាប​ទីបេ​ដែរ៕​

ដោយ៖ អៀង សុខម៉ិញ (RFI ខេមរភាសា)


Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other