- ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១:៥៩ នាទី រសៀល

ក្លិប Leicester City បានបញ្ជាក់ថា ខ្សែប្រយុទ្ធឆ្នើមប្រចាំក្រុម Jamie Vardy បានសម្រេចចិត្តចាកចេញពីក្លិប នៅចុងបញ្ចប់រដូវកាល ២០២៤-២៥ ក្រោយពីរួមរស់អស់រយៈពេល ១៣ឆ្នាំ។
ការប្រកាសចែកផ្លូវជាមួយនឹងក្លិប Leicester City ពីសំណាក់កីឡាករអង់គ្លេស វ័យ ៣៨ឆ្នាំ ក្រោយពីក្រុមបានធ្លាក់ចេញពីក្របខណ្ឌ Premier League ជាផ្លូវការមុនបញ្ចប់រដូវកាល ២០២៤-២៥ ក្រោយពីក្រុមប្រកួតចាញ់ Liverpool លទ្ធផល ១-០។
ចូលរួមជាមួយនឹងក្រុមស្ថិតក្នុងទីក្រុង Fleetwood ក្នុងឆ្នាំ ២០១២ ជាមួយតម្លៃខ្លួនត្រឹមតែ ១,៣លានដុល្លារ ខ្សែប្រយុទ្ធ Vardy ជាកីឡាកររួមចំណែកសំខាន់ជួយក្រុមឈ្នះបានរង្វាន់ EFL Championship រដូវកាល ២០១៣-១៤ ហើយដោយកាលនោះក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Nigel Pearson។ គ្មាននរណាម្នាក់នឹកស្មានដល់ឡើយ នៅរដូវកាល ២០១៥-១៦ ជាឆ្នាំដែល Leicester City លើកពាន Premier League ហើយក៏ជាពេលដែល Vardy រកបានគ្រាប់បាល់ ២៤គ្រាប់ ជាកំណត់ត្រាដំបូងរបស់គេនៅលីគកំពូលអង់គ្លេស។
កាលនោះជាមួយទម្រង់លេងល្អ ជួយក្លិប Leicester City លើកពាន Premier League លើកដំបូងក្នុងប្រវត្តិសាស្ត្រ បានជួយឱ្យខ្សែប្រយុទ្ធអង់គ្លេស ឈានជើងចូលលេងនៅក្នុងក្រុមជម្រើសជាតិអង់គ្លេសទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ កីឡាករវ័យ ៣៨ឆ្នាំ ក៏បានរួមចំណែកជួយឱ្យ Leicester City ឈ្នះពានរង្វាន់ FA Cup កាលពីឆ្នាំ ២០២១។
រកបានគ្រាប់បាល់សរុប ១៩៨គ្រាប់ ពីការបង្ហាញខ្លួនចំនួន ៤៩៥លើក កីឡាករអង់គ្លេស បានក្លាយជាកីឡាករលំដាប់ទី៤ បង្ហាញខ្លួនលេងច្រើនប្រកួតបំផុត ប្រចាំប្រវត្តិសាស្តក្លិប Leicester City និងជាកីឡាករលំដាប់ទី៣ ដែលរកបានគ្រាប់បាល់ច្រើន ប្រចាំប្រវត្តិសាស្ត្រក្លិប។ ដោយឡែកនៅក្នុងក្របខណ្ឌ Premier League ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ ជាកីឡាករកំពូលប្រចាំប្រវត្តិសាស្ត្រក្លិប ដែលរកបានគ្រាប់បាល់ច្រើនជាងប្រចាំក្លិប នៅលីគកំពូលអង់គ្លេស ចំនួន ១៤៣គ្រាប់។
Leicester City ឆ្លងកាត់ការប្រកួតចំនួន ៣៣លើក នៅក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស ដោយរកបានត្រឹមតែ ១៨ពិន្ទុ ហើយការប្រកួតក្នុងទឹកដីកីឡដ្ឋាន King Power ចំនួន ៩ប្រកួត ចុងក្រោយក្រោមការដឹកនាំរបស់លោក Ruud Van Nistelrooy រងបរាជ័យទាំងអស់ ហើយថែមទាំងគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទី។ ការធ្លាក់ចេញពីក្របខណ្ឌ Premier League លើកនេះ ក្លាយជាលើកទី១៣ ហើយសម្រាប់ក្លិប Leicester City៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា
