- ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៣:០៧ នាទី រសៀល

ដើម្បីពង្រឹងការគាំទ្របុព្វហេតុប៉ាឡេស្ទីន រដ្ឋាភិបាលអេស្ប៉ាញ បានប្រកាសផ្តាច់កិច្ចសន្យាទិញលក់គ្រឿងសព្វាវុធជាមួយក្រុមហ៊ុនអ៊ីស្រាអែល។ ការសម្រេចចិត្តនេះ បានបង្កភាពមិនពេញចិត្តពីសំណាក់អ៊ីស្រាអែល ហើយនៅក្នុងជួររដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ ក៏មិនសប្បាយចិត្តប៉ុន្មានដែរ ព្រមទាំងបានបញ្ចេញប្រតិកម្មរិះគន់ជាខ្លាំង។
ជាឯកតោភាគី រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ បានសម្រេចចិត្តផ្តាច់កិច្ចសន្យាជាមួយក្រុមហ៊ុនផលិតអាវុធរបស់អ៊ីស្រាអែល ឈ្មោះថា IMI Systems Ltd ដែលតំណាងដោយសហគ្រាសផលិតគ្រឿងអាវុធ Guardian Defense and Homeland Security S.A.។ កុងត្រាទិញលក់គ្រាប់កាំភ្លើងនេះ មានតម្លៃ ៦,៨ លានដុល្លារ។
រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ ពន្យល់ជាផ្លូវការ ថា សម្ព័ន្ធបក្សឆ្វេងនិយម និងគណបក្សសង្គមនិយម ក្នុងជួររដ្ឋាភិបាលចម្រុះរបស់នាយរដ្ឋមន្ត្រី Pedro Sánchez បានបន្តការប្តេជ្ញាចិត្តយ៉ាងមុខមាំគាំទ្របុព្វហេតុប៉ាឡេស្ទីន។ ក្នុងន័យនេះហើយដែលចាប់ពីដើមខែតុលា ២០២៣មក រដ្ឋាភិបាលអេស្ប៉ាញ មិនទិញ និង និងមិនលក់អាវុធជាមួយក្រុមហ៊ុនអ៊ីស្រាអែលនោះឡើយ ហើយទៅថ្ងៃអនាគត អេស្ប៉ាញក៏នឹងមិនលក់ដូរគ្រឿងសព្វាវុធជាមួយអ៊ីស្រាអែល ទៀតនោះដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលអេស្ប៉ាញ នៅថ្ងៃព្រហស្បតិ៍ ទី២៤មេសា។
ជាការរំឭក រដ្ឋាភិបាលអេស្ប៉ាញ ដឹកនាំដោយនាយរដ្ឋមន្ត្រី Pedro Sánchez បានប្រកាសទទួលស្គាល់ រដ្ឋប៉ាឡេស្ទីន ក្នុងខែមេសា ឆ្នាំ២០២៤។ ការណ៍នេះ បានធ្វើឲ្យ ភាគីអ៊ីស្រាអែល មិនសប្បាយចិត្តជាខ្លាំង ហើយទំនាក់ទំនងកិច្ចការបរទេសរវាងអេស្ប៉ាញនិងរដ្ឋាភិបាលអ៊ីស្រាអែលរបស់លោក បេនចាមិន នេតាន់យ៉ាហ៊ូ ត្រូវជួបប្រទះភាពតានតឹងនឹងគ្នាជាខ្លាំង។
សង្គ្រាមនៅហ្កាហ្សា ផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ព្រោះតែក្រុមប្រដាប់អាវុធហាម៉ាស បង្កភេរវកម្ម សម្លាប់និងចាប់ខ្លួនពលរដ្ឋអ៊ីស្រាអែល សរុបជាង ១ ២០០ នាក់។ ជាការឆ្លើយតប កងទ័ពអ៊ីស្រាអែល បានបើកប្រតិបត្តិការយោធា ដើម្បីបោសសម្អាតក្រុមហាម៉ាសនៅលើតំបន់ហ្កាហ្សា និងស៊ីហ្ស័កដានី ហើយដែលបណ្តាលឲ្យស្លាប់ពលរដ្ឋប៉ាឡេស្ទីន ប្រមាណ ៥១ ០០០ នាក់។ នេះបើតាមប្រភពពីអាជ្ញាធរសុខាភិបាលហាម៉ាស ហើយអង្គការសហប្រជាជាតិ ក៏ជឿទុកចិត្តចំពោះតួលេខជនរងគ្រោះប៉ាឡេស្ទីននេះដែរ។
ទោះម្តេចក្តី ក្រសួងមហាផ្ទៃអេស្ប៉ាញ ក៏បានផ្តល់ដំណឹងអំពីការខាតបង់ថវិកាជាតិព្រោះតែផ្តាច់កិច្ចសន្យា។ ក្រសួងមហាផ្ទៃអេស្ប៉ាញ ជូនយោបល់ទៅរដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ ថាការសម្រេចចិត្តផ្តាច់កុងត្រានេះ នឹងនាំឲ្យខូចប្រយោជន៍អេស្ប៉ាញ ដ្បិតថា អេស្ប៉ាញអាចនឹងប្រឈមបង់ថ្លៃ ដោយត្រូវចំណាយលុយឲ្យក្រុមហ៊ុនអ៊ីស្រាអែល និងមិនបានទទួលអាវុធមកវិញទៅទៀត។ ក៏ប៉ុន្តែ មន្ត្រីជាន់ខ្ពស់ផ្សេងៗទៀតរបស់រដ្ឋាភិបាលអេស្ប៉ាញ បានអះអាងថា កុំខ្វល់រឿងខាតលុយកាក់ខ្លះនោះ តែផ្ទុយទៅវិញ ត្រូវពន្លឿននីតិវិធីដើម្បីបញ្ចប់រឿងនេះ ឲ្យបានកាន់តែឆាប់៕
ដោយ៖ហេង ឧត្តម (RFI ខេមរភាសា)
