រដ្ឋមន្រ្តីបរិស្ថាន៖ ចំនួនឧទ្យានុរក្សកាន់តែថយចុះ ដោយសារការលបបាញ់សម្លាប់ ពីជនល្មើស
  • ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៣:២៩ នាទី រសៀល
រដ្ឋមន្រ្តីបរិស្ថាន៖ ចំនួនឧទ្យានុរក្សកាន់តែថយចុះ ដោយសារការលបបាញ់សម្លាប់ ពីជនល្មើស
រូបថត៖ ក្រសួងបរិស្ថាន

ភ្នំពេញ៖«ពីមុនកម្ពុជាមានមន្រ្តីឧទ្យានុរក្ស ១ ២០០នាក់ ប៉ុន្តែមកទល់ពេលនេះ នៅសល់ ប្រហែល ១ ០០០នាក់ប៉ុណ្ណោះ។ ការថយចុះនេះបណ្ដាលមកពីភាពចាស់ជរា ជាពិសេស ការលបបាញ់សម្លាប់ពីសំណាក់ជនល្មើស។»។ នេះជាការអះអាងរបស់ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងកិច្ចពិភាក្សាគោលនយោបាយ ស្តីពីសមភាពយេនឌ័រ នាថ្ងៃទី២៥ ខែមេសា។

TTN-Free-Banner-In-Article-PC

បើតាមរដ្ឋមន្រ្តី ការថយចុះកម្លាំងឧទ្យានុរក្សនៅពេលនេះ​ បានបង្កភាពលំបាកដល់ការងារ​យាមល្បាត និងគ្រប់គ្រងតំបន់ការពារធម្មជាតិដែលមានផ្ទៃដីរហូតដល់ ៧លានហិកតា។ លោក អ៊ាង សុផល្លែត ត្អូញត្អែរបែបនេះថា៖ «ឥឡូវយើងមានឧទ្យានុរក្សប្រហែល ១ ០០០​នាក់ប៉ុណ្ណោះ ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដែលផ្ទៃដីរហូតដល់ ៧ លានហិកតា។ ចំនួននេះ យើងល្បាតអត់គ្រប់ទេ។ ដើរអត់សព្វទេ។ យើងការពារអត់បានទេ ព្រោះយើង​កំពុងតែប្រយុទ្ធជាមួយសត្រូវ ដែលគេអាចពួនបាន ហើយយើងដើរកណ្ដាលវាល។»។ 

ប្រមុខក្រសួងបរិស្ថានរូបនេះ ចាត់ទុកអាយុជីវិតមន្រ្តីឧទ្យានុរក្ស គឺជារឿងសំខាន់ ដែល​មិន​អាចទិញលក់បាន។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ឧទ្យានុរក្ស ក្រសួងបរិស្ថាន ត្រៀមដាក់​ឱ្យប្រើប្រាស់ដ្រូន (Drone) ដើម្បីល្បាតវិញ ដោយការងារនេះ នឹងចាប់ពីផ្ដើមព្រៃឡង់មុនគេ​។​ ក្រៅពីដ្រូន ក្រសួងបរិស្ថាន ក៏បានប្រើប្រាស់ផ្កាយរណប និង Satellite ផងដែរ។ លោក អ៊ាង សុផល្លែត មានសុទិដ្ឋិ​និយមថា ការប្រើប្រាស់ដ្រូន និងបច្ចេកវិទ្យា វែកមុខជនល្មើស គឺ​ជាការធ្វើទំនើបកម្មដ៏មានប្រសិទ្ធភាព លឿន និងហានិភ័យទាបជាងការចេញទៅល្បាត ផ្ទាល់។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងកិច្ចពិភាក្សាគោលនយោបាយស្តីពីសមភាពយេនឌ័រ នាថ្ងៃទី២៥ ខែមេសា។ រូបថត៖ ឈុំ ចន្ថា  

លោក ថ្លែងដូច្នេះថា៖ «ឥឡូវនេះ យើងនឹងប្រើប្រាស់ដ្រូន ដើម្បីល្បាតព្រៃវិញ ព្រោះដ្រូន លឿនជាង មានប្រសិទ្ធភាពជាង និងមានហានិភ័យទាបផង។ គេ (ជនល្មើស) អាចបាញ់ ដ្រូនដែលមានតម្លៃ ៣ ០០០ ទៅ ៥ ០០០ដុល្លារបាន ប៉ុន្តែមិនស្មើនឹងអាយុជីវិតឧទ្យានុរក្ស​ដែលយាម ហើយត្រូវបានគេបាញ់សម្លាប់ទេ។»។ 

សូមជម្រាបថា ក្នុងការងារបង្រ្កាបបទល្មើសធនធានធម្មជាតិនេះដែរ ក្រសួងបរិស្ថាន បាន​ដាក់ចេញវិធានការអនុវត្តច្បាប់ ១០០ ភាគរយ ដោយមិនលើកលែងចំពោះបុគ្គលណា ដែលប្រព្រឹត្តិបទល្មើស មិនថា កាប់ដើមឈើ ឈូសឆាយព្រៃដើម្បីធ្វើកសិកម្ម និង​សកម្មភាពខុសច្បាប់នានា៕ 


អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា