- ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៤:០៧ នាទី រសៀល

ជំនួបក្រុមយក្សប្រចាំប្រទេសអេស្ប៉ាញ Real Madrid និង Barcelona ត្រៀមតទល់គ្នាជាថ្មីដណ្តើមពានរង្វាន់ Copa Del Rey នៅរាត្រីថ្ងៃទី២៦ ខែមេសា វេលាម៉ោង ៣អាធ្រាត្រ [ម៉ោងនៅកម្ពុជា] ដែលជាការប៉ះគ្នាវគ្គផ្តាច់ព្រ័ត្រពានលំដាប់ទី២ ប្រចាំប្រទេសអេស្ប៉ាញលើកដំបូង ក្រោយខកខានជាងមួយទសវត្សរ៍។ ជំនួប El Clasico ក្នុងពានរង្វាន់ Copa Del Rey រវាងក្រុមខ្លាំងទាំង ២ ចុងក្រោយបង្អស់ កាលពីឆ្នាំ ២០១៤ ពេលនោះ Real Madrid ជាក្រុមជើងឯក។--
ទាំង Real Madrid និង Barca ជាគូប្រជែងគ្នា ត្រៀមកត់ត្រារឿងរ៉ាវនៃការប៉ះគ្នាថ្មីបន្ថែមទៀតទៅក្នុងសៀវភៅប្រវត្តិសាស្ត្ររៀងខ្លួន សម្រាប់ជំនួបដែលត្រៀមធ្វើឡើងនៅកីឡដ្ឋាន La Cartuja របស់ក្លិប Sevilla។ ការប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ Copa Del Rey ឆ្នាំ ២០២៥ នឹងក្លាយជាការជួបគ្នាវគ្គផ្តាច់ព្រ័ត្រក្នុងពានលំដាប់ទី២ អេស្ប៉ាញ លើកទី៨។
ប៉ះគ្នា ៧លើក គិតចាប់តាំងពី ១៩៣៦ ក្រុមរហស្សនាមអធិរាជស Real Madrid ដណ្តើមបានជើងឯក ៤លើក ខណៈ Barca ឈ្នះបានចំនួន ៣លើក។ Real Madrid ដណ្តើមបានពាននៅក្នុងឆ្នាំ ១៩៣៦, ១៩៧៥, ឆ្នាំ ២០១១ និង ២០១៤ ពេលប៉ះគ្នាលើកទី៧ និងលើកចុងក្រោយ ហើយ Barca ឈ្នះនៅឆ្នាំ ១៩៦៨, ១៩៨៣ និង ១៩៩០។
Real Madrid នៅការប៉ះគ្នា ២លើក ចុងលើកចុងក្រោយ តែងបានផ្តួលគូប្រជែងដណ្តើមបានពាន Copa Del Rey ពីគូប្រជែង ជាមួយនឹងគ្រាប់បាល់ដ៏អស្ចារ្យជាច្រើនបានកើតឡើងក្នុងការប្រកួតនោះ។
ឆ្នាំ ២០១១ កាលនោះ Real Madrid ក្រោមការដឹកនាំរបស់លោក Jose Mourinho ដណ្តើមបានជើងឯក Copa Del Rey ក្រោយពីខកខានអស់រយៈពេល ១៨ឆ្នាំ ហើយកាលនោះយកឈ្នះ លទ្ធផល ១-០ លើ Barca ស្ថិតក្រោមការដឹកនាំរបស់លោក Pep Guardiola ក្នុងវគ្គបន្ថែមម៉ោង ១៥នាទី ២ដង។ Cristiano Ronaldo ជាកីឡាករតែតបាល់បញ្ចូលទីនាំជ័យជម្នះ។
៣ឆ្នាំ បន្ទាប់ ជំនួបយក្សប៉ះគ្នាធ្វើឡើងជាថ្មីក្នុងទីក្រុង Valencia ឆ្នាំ ២០១៤ ជាការប្រកួតបង្កើតប្រវត្តិសាស្ត្រដ៏ចងចាំមួយ ក្នុងពិភពបាល់ទាត់ប្រចាំប្រទេសអេស្ប៉ាញ និងល្បីល្បាញលើពិភពលោក។ ខ្សែប្រយុទ្ធសញ្ជាតិវែលស៍ Gareth Bale រត់ប្រដេញបាល់ចម្ងាយ ៥០ម៉ែត្រ ដើម្បីស៊ុតបាល់បញ្ចូលទី ជាគ្រាប់ជ័យជម្នះ ២-១ ទល់ Barca ហើយកាលនោះ លោក Carlo Ancelotti ជាអ្នកចាត់ការក្រុម។
យ៉ាងណាមិញ រដូវកាល ២០២៤-២៥ Barcelona បានផ្តួល Real Madrid ២លើករួចមកហើយ ដោយជំនួបដំបូងលទ្ធផល ៤-០ នៅក្នុងកីឡដ្ឋាន Santiago Bernabeu កាលពីខែតុលា ឆ្នាំ ២០២៤ និងលើកទី លទ្ធផល ៥-២ ជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Spain Super Cup នៅអារ៉ាប៊ីសាអូឌីត ក្នុងខែមករា ដើមឆ្នាំ ២០២៥៕
សរុបការប្រកួតដែល Real Madrid និង Barca ជួបគ្នាវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ក្នុងប្រទេសអេស្ប៉ាញ មានចំនួន ១៨លើក ដោយ Real Madrid ឈ្នះពាន ១១លើក ក្នុងចំណោមនោះ Copa del Rey ចំនួន ៤ ពាន Spain Super Cup ចំនួន ៧លើក។ Barca ឈ្នះ ៧លើក រួមមាន Copa Del Rey និង Spain Super Cup ៣លើក ដូចគ្នា រួមទាំង ពាន Spain League Cup ឆ្នាំ ១៩៨៣ មួយលើក៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា
