- ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ល្ងាច

ភ្នំពេញ៖ ឆ្នាំ២០២៥នេះ គឺជាឆ្នាំចុងក្រោយ នៃផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា ឆ្នាំ២០១១-២០២៥។ នៅក្នុងសារលិខិតអបអរទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅថ្ងៃទី២៥ ខែមេសា ក្រោមប្រធានបទ “យើងបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិត ឡើង វិញ គ្រប់គ្រងឡើងវិញ” សម្តេច នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងដំណើរឆ្ពោះទៅបញ្ចប់ជំងឺគ្រុនចាញ់ ទាមទារឱ្យមានការលើកទឹកចិត្ត និងការវិនិយោគបន្ថែមទៀត ព្រមទាំងអំពាវនាវឱ្យមានវិធីសាស្ត្រ ឬគំនិតច្នៃប្រឌិតថ្មីៗ ជំរុញការលើកទឹក ចិត្តដើម្បីប្រមូលផ្តុំថាមពលថ្មីពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុងកម្រិតសហគមន៍ រាជរដ្ឋាភិបាល និងដៃគូនានា ដើម្បីឈានឆ្ពោះទៅសម្រេចជោគជ័យ គ្មានជំងឺគ្រុនចាញ់នៅកម្ពុជា នៅដំណាច់ឆ្នាំ២០២៥នេះ និងក្នុងសកលលោក នាឆ្នាំ២០៣០។
ប្រទេសកម្ពុជា យើងមានមោទកភាពយ៉ាងខ្លាំងលើមាគ៌ាដ៏ត្រឹមត្រូវ របស់ផែនការយុទ្ធសាស្ត្រជាតិ ដោយបានសម្រេចនូវសមិទ្ធផលផ្លែផ្កា នៃគោលដៅជាបន្តបន្ទាប់រួមមាន៖
បើតាមសម្តេច ហ៊ុន ម៉ាណែត តាមរយៈផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា ឆ្នាំ២០១១-២០២៥ កម្ពុជា សម្រេចបាននូវផ្លែផ្កាគួរជាទីមោទក រួមមាន ទប់ស្កាត់ មិនឱ្យមានភាពស៊ាំថ្នាំគ្រុនចាញ់តាំងពីឆ្នាំ២០១៥, គ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ និងគ្មានជំងឺគ្រុនចាញ់ទម្រង់សន្ធិឆ្នាំ២០២៤។
ករណីនៃជំងឺគ្រុនចាញ់នៅកម្ពុជា ក៏បានថយចុះគួរឱ្យត្រេកអរដែរ ពោលនៅក្នុងឆ្នាំ២០២៤ កម្ពុជា ជំងឺគ្រុនចាញ់ត្រឹមតែ ៣៥៥ករណីប៉ុណ្ណោះ គឺបានកាត់បន្ថយ ៧៥ ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ នេះបើតាមសម្តេច ហ៊ុន ម៉ាណែត ដែលបានបន្ថែមដូច្នេះ៖ «ប្រទេសកម្ពុជាយើង កំពុងតែឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យ នូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥នេះ ដែលជាដំណើរគួរឱ្យកោតសរសើរ និងសាទរជាទីបំផុត។ ប៉ុន្តែយើងក៏មិនអាចបន្ធូរដៃបានឡើយ ព្រោះថាដើម្បីឈានទៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានជាស្ថាពរ១០០ភាគរយ យើងត្រូវតែបន្តខិតខំប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន ចូលរួមសហការជាមួយគ្នា ដើម្បីធានាកុំឱ្យមានការកើតជំងឺគ្រុនចាញ់ឡើងវិញ និងទប់ស្កាត់ការនាំចូលជំងឺគ្រុនចាញ់ពីក្រៅប្រទេស។»។
ដំណើរបញ្ចប់ជំងឺគ្រុនចាញ់ ឱ្យអស់ពីប្រទេសកម្ពុជា មិនចប់ត្រឹមនេះនោះទេ។ សម្រាប់សម្តេចនាយករដ្ឋមន្ត្រី គ្រប់ភាគី ក៏ត្រូវតែបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីការផ្តល់មូលនិធិវិនិយោគ ការសិក្សាស្រាវជ្រាវ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការគ្រប់គ្រងភ្នាក់ងារចម្លងជំងឺ បច្ចេកវិទ្យាវិទ្យាសាស្ត្រ ប្រព័ន្ធតាមដានព័ត៌មាន កិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ សេវាសុខាភិបាលប្រកបដោយសមធម៌ និងកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ក្នុងន័យពង្រឹងពង្រីក ការយល់ដឹង និងការចូលរួមលើកកម្ពស់សុខភាពសាធារណៈ ជាពិសេសប្រជាជនគោលដៅ ដែលប្រឈមខ្ពស់។
ប្រមុខដឹកនាំកម្ពុជា ក៏មិនភ្លេចកោតសរសើរកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល ក្រសួងអង្គភាពពាក់ព័ន្ធ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្តភូមិ ប្រជាជនគ្រប់រូប និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និងខិតខំបំពេញភារកិច្ចប្រកបដោយឆន្ទៈនិងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវាសុខាភិបាលដល់ប្រជាជនប្រឈមជំងឺគ្រុនចាញ់នៅទូទាំងប្រទេស។
«ចូរយើងទាំងអស់គ្នា ចូលរួមទទួលខុសត្រូវខ្ពស់ក្នុងប្រតិបត្តិការសកម្មភាពចុងក្រោយដើម្បីសម្រេចបាន កម្ពុជាគ្មានជំងឺគ្រុនចាញ់នាពេលអនាគតដ៏ខ្លីខាងមុខនេះ!»។ នេះជាការអំពាវនាវរបស់ សម្តេច ហ៊ុន ម៉ាណែត ដែលបន្តសង្ឃឹម និងជឿជាក់ថា ភាគីពាក់ព័ន្ធគ្រប់កម្រិត នឹងបន្តសហការគ្នា ដើម្បីសម្រេចគោលដៅកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥ ក្នុងបុព្វហេតុចូលរួមចំណែកជំរុញកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅឆ្លើយតបទៅនឹងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕
អ្នកសរសេរអត្ថបទ
កញ្ញា ខន ចំប៉ា ចូលរួមជាមួយសារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មានផ្នែកសង្គម និងគ្រប់គ្រងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មានតួនាទីជានិពន្ធនាយកា៕
