- ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៨:២៩ នាទី យប់

ធនាគារកណ្តាលចិនបានចាក់បញ្ចូលទឹកប្រាក់ជិត ៧០ពាន់លានដុល្លារទៅក្នុងធនាគារក្នុងខែនេះ ដែលជាចំនួនដ៏ធំបំផុតចាប់តាំងពីចុងឆ្នាំ ២០២៣ ក្នុងគោលដៅជំរុញការប្រើប្រាស់ប្រជាជនក្នុងស្រុក។
ធនាគារប្រជាជនចិន (PBOC) នៅថ្ងៃទី២៤ ខែមេសា បានប្រកាសថានឹងបញ្ចូលទឹកប្រាក់បន្ថែមចំនួន ៦០០ពាន់លានយ័ន (ប្រមាណ៨២,៣ពាន់លានដុល្លារ) ទៅក្នុងធនាគារពាណិជ្ជ តាមរយៈការផ្តល់ប្រាក់កម្ចីរយៈពេលមធ្យមរយៈពេលមួយឆ្នាំ (MLF) របស់ខ្លួន។
ក្នុងខែមេសា PBOC បានចាក់បញ្ចូលទឹកប្រាក់សុទ្ធចំនួន ៥០០ពាន់លានយ័ន (ជាង ៦៨ពាន់លានដុល្លារ) តាមរយៈ MLF ។ តួលេខនេះមានទំហំធំជាងខែមុនច្រើនដង (៦៣ពាន់លានយ័ន) ហើយក៏ជាចំនួនធំបំផុតផងដែរចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៣។
ថ្លែងប្រាប់សារព័ត៌មានចិន Xinhua លោក Wang Qing ដែលជាប្រធានអ្នកយុទ្ធសាស្រ្តនៅក្រុមហ៊ុន Golden Credit Rating បានលើកឡើងថា នេះជាសញ្ញាមួយដែល PBOC កំពុងរក្សាស្ថិរភាពកំណើនតាមរយៈគោលនយោបាយរូបិយវត្ថុ។
MLF ត្រូវបានដាក់ដំណើរការដោយ PBOC នៅក្នុងឆ្នាំ២០១៤ ដើម្បីជួយធនាគារគោលនយោបាយ និងធនាគារពាណិជ្ជរក្សាសាច់ប្រាក់ងាយស្រួល។ ក្នុងនោះ ធនាគារនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់មូលបត្រជាវត្ថុបញ្ចាំដើម្បីខ្ចីពីធនាគារកណ្តាល។
វិនិយោគិន កំពុងឃ្លាំមើលយ៉ាងដិតដល់នូវចំណាត់ការរបស់អាជ្ញាធរចិន ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃពន្ធនាំចូលរបស់អាម៉េរិក។ មកទល់នឹងពេលនេះ អាម៉េរិកបានដាក់ពន្ធនាំចូល ១៤៥ភាគរយលើផលិតផលទាំងអស់ពីប្រទេសចិន។ ទំនិញខ្លះមានរហូតដល់២៤៥ភាគរយ។ ចិនក៏បានសងសឹកវិញជាមួយនឹងពន្ធនាំចូល ១២៥ភាគរយលើទំនិញរបស់អាម៉េរិក។
សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីរ អាចទាញកំណើនសេដ្ឋកិច្ចទាំងប្រទេសទាំងពីរឲ្យធ្លាក់ចុះ។ នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចដែលបានធ្វើបច្ចុប្បន្នភាពរបស់ខ្លួនកាលពីដើមសប្តាហ៍នេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា ផលិតក្នុងស្រុកសរុប (GDP) របស់អាម៉េរិកនឹងកើនឡើងត្រឹមតែ១,៨ភាគរយនៅឆ្នាំនេះ ពោលគឺធ្លាក់ចុះពី ២,៨ភាគរយ កាលពីឆ្នាំមុន។ ការព្យាករកំណើនសេដ្ឋកិច្ចរបស់ចិនសម្រាប់ឆ្នាំនេះមានត្រឹមតែ ៤ភាគរយប៉ុណ្ណោះ គឺទាបជាងការរំពឹងទុកក្នុងខែមករាដែលមានដល់ ៤,៦ភាគរយ។
មន្ត្រីចិនកំពុងកំណត់គោលដៅកំណើនប្រហែល ៥ភាគរយនៅឆ្នាំនេះ។ សន្ទុះនេះត្រូវបានចាត់ទុកថាមានមហិច្ឆតាខ្លាំង ក្នុងបរិបទដែលប្រទេសនេះប្រឈមនឹងបញ្ហាជាបន្តបន្ទាប់ទាំងក្នុងប្រទេស និងក្រៅប្រទេស ពីការធ្លាក់ចុះនៃការប្រើប្រាស់ក្នុងស្រុក វិបត្តិអចលនទ្រព្យអូសបន្លាយរហូតដល់ភាពតានតឹងពាណិជ្ជកម្មជាមួយអាម៉េរិក។ សេដ្ឋវិទូនៅធនាគារ Morgan Stanley បានព្យាករថា កំណើនសេដ្ឋកិច្ចចិននឹងធ្លាក់ចុះយ៉ាងខ្លាំងពីត្រីមាសទីពីរ បន្ទាប់ពីកំណើន ៥,៤ភាគរយនៅក្នុងត្រីមាសទីមួយ។
ការិយាល័យនយោបាយចិន គ្រោងនឹងមានជំនួបប្រជុំមួយនៅខែនេះ។ បញ្ហាមួយដែលអាចត្រូវបានលើកយកមកពិភាក្សា គឺគោលនយោបាយដើម្បីគាំទ្រដល់អាជីវកម្មដែលផ្លាស់ប្តូរទៅកាន់ទីផ្សារក្នុងស្រុក។
កន្លងមកមានព័ត៌មានលេចឡើងថា ធនាគារពាណិជ្ជនៅចិន បានជួបការលំបាកក្នុងការទទួលបានហិរញ្ញវត្ថុ ដោយសម្រុកចូលទៅទិញមូលបត្របំណុលរដ្ឋាភិបាល ស្របពេលមានការជំរុញសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំងបានបរាជ័យ ដើម្បីរុញតម្រូវការកម្ចីរបស់អតិថិជន។
ប្រាក់កម្ចីថ្មីសរុបក្នុងរយៈពេល១១ ខែរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៤ បានធ្លាក់ចុះជាង២០ភាគរយ មកនៅត្រឹម ១៧,១ទ្រីលានយ័ន (២,៣៣ទ្រីលានដុល្លារ) ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយ PBOC៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
