- ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៥:២៩ នាទី ល្ងាច

អភិបាលក្រុងកៀវ លោក Vitali Klitschko បានបន្លុយពីលទ្ធភាព ដែលអ៊ុយក្រែន អាចនឹងត្រូវបោះបង់ទឹកដីមួយចំនួនបណ្តោះអាសន្ន ទៅរុស្ស៊ី ប្រសិនបើចង់បានសន្តិភាព។ នេះបើតាមកិច្ចសម្ភាសជាមួយសារព័ត៌មាន BBC ដែលចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី២៣ ខែមេសា បានរិះគន់ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ដែលមិនទទួលស្គាល់ ដែនដីគ្រីមេ ជារបស់រុស្ស៊ី។ បើតាមលោក ត្រាំ ការបដិសេធរបស់អ៊ុយក្រែន ពិតជាអាចប៉ះពាល់កិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី។
ក្រោយការលើកឡើងបែបនេះ លោក Vitali Klitschko អភិបាលក្រុងកៀវ បានយល់ថា អ៊ុយក្រែន ប្រហែលត្រូវបោះបង់ទឹកដីមួយចំនួនបណ្តោះអាសន្ន។
«ពេលនេះ វាមានកិច្ចសន្ទនាជាច្រើនជជែកពីដំណោះស្រាយសង្រ្គាម។ ប៉ុន្តែវិធីសាស្រ្តមួយគឺបោះបង់ទឹកដី។ វាមិនត្រឹមត្រូវឡើយ។ ប៉ុន្តែដើម្បីសន្តិភាព, សន្តិភាពបណ្តោះអាសន្ន វិធីសាស្រ្តបែបនេះ ប្រហែលជាដំណោះស្រាយ»។ លោក Klitschko បានប្រាប់សារព័ត៌មាន BBC ដែលចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា បែបនេះ។
ទន្ទឹមនេះ លោក អភិបាលក្រុងកៀវ បានបន្ថែមថា ប្រជាជនអ៊ុយក្រែន នឹងមិនទទួលយកការគ្រប់គ្រងដែនដីដោយរុស្ស៊ីឡើយ។
ការលើកឡើងរបស់ លោក Klitschko កើតមានក្រោយរុស្ស៊ី បានប្រើមីស៊ីល និងដ្រូនវាយប្រហារលើក្រុងកៀវនៅពេលថ្មីៗ ដែលធ្វើឱ្យមនុស្សចំនួន ១២នាក់ បាត់បង់ជីវិត។ លោក Klitschko ទំនងជាមន្រ្តីជាន់ខ្ពស់ទីមួយ ដែលបានបន្លុយពីលទ្ធភាពអ៊ុយក្រែនបោះបង់ទឹកដីរបស់ខ្លួនឱ្យរុស្ស៊ី។
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
