ចិនពិចារណាលើកលែងពន្ធទំនិញអាម៉េរិកមួយចំនួន
  • ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី យប់
ចិនពិចារណាលើកលែងពន្ធទំនិញអាម៉េរិកមួយចំនួន
កំពង់ផែមួយកន្លែងនៅទីក្រុង Shenzhen ប្រទេសចិន ។ រូបភាព ៖ AFP

ចិនកំពុងពិចារណាលើកលែងទំនិញអាម៉េរិកមួយចំនួន ពីការដាក់ពន្ធនាំចូល ១២៥ភាគរយ។ នេះបើតាមប្រភពសុំមិនបញ្ចេញឈ្មោះ ប្រាប់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមេសា។

TTN-Free-Banner-In-Article-PC


ក្រសួងពាណិជ្ជកម្មចិនកំពុងរៀបចំបញ្ជីផលិតផល និងស្នើឱ្យក្រុមហ៊ុន អាជីវកម្មផ្តល់យោបល់លើទំនិញដែលអាចត្រូវបានលើកលែងពន្ធ។ បញ្ជីផលិតផល ១៣១មុខទំនិញនឹងត្រូវបានលើកលែងពីពន្ធនាំចូល ១២៥ភាគរយដូចជាវ៉ាក់សាំង សារធាតុគីមី និងប្រេងឥន្ធនៈ។ នេះបើតាមប្រភពសុំមិនបញ្ចេញឈ្មោះ ប្រាប់សារព័ត៌មាន Reuters។

«រដ្ឋាភិបាលចិនកំពុងស្នើឱ្យសមាជិករបស់យើងបង្កើតបញ្ជីផលិតផលដែលត្រូវតែនាំចូលពីអាម៉េរិក មិនអាចរកប្រភពពីកន្លែងផ្សេងបានទេ ហើយប្រសិនបើពួកគេមិនអាចទិញបាន ខ្សែច្រវាក់ផ្គត់ផ្គង់នឹងត្រូវជាប់គាំង»។ លោក Michael Hart ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅចិនបានថ្លែងបែបនេះ។ លោក​​បង្ហើប​ថា​ ក្រុមហ៊ុន​មួយ​ចំនួន​បាន​និយាយ​ថា​ពួកគេ​បាន​នាំ​ចូល​ទំនិញ​ក្នុង​មួយ​សប្តាហ៍​កន្លង​មកនេះ ​ដោយ​មិន​រង​ការ​ប៉ះពាល់​ជាមួយ​នឹង​ពន្ធ​ថ្មី។

កន្លងមក Bloomberg ក៏បានបង្ហោះព័ត៌មានស្រដៀងគ្នា ដោយលើកឡើងពីការកើនឡើងនៃថ្លៃដើមដែលកំពុងដាក់សម្ពាធលើឧស្សាហកម្មមួយចំនួន។ ប្រភពបានលើកឡើងថា មន្ត្រីចិនកំពុងពិភាក្សាអំពីការលើកលែងពន្ធសម្រាប់ការជួលយន្តហោះ។ ដូច​ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេង​ទៀត​ដែរ ក្រុមហ៊ុន​អាកាសចរណ៍​ចិន​មិន​មែនជា​ម្ចាស់​យន្តហោះ​ទាំង​មូល​ទេ។ ពួកគេបង់ប្រាក់ឱ្យភាគីទីបីដើម្បីប្រើប្រាស់យន្តហោះរបស់ក្រុមហ៊ុន។ ការទូទាត់ខាងលើអាចកើនឡើងខ្ពស់ ប្រសិនបើពន្ធនាំចូលត្រូវបានបន្ថែម។

កាសែត Caijing របស់ចិននៅថ្ងៃទី២៥ ខែមេសា បានស្រង់ប្រភពដែលនិយាយថា ទីក្រុងប៉េកាំងក៏កំពុងរៀបចំការលើកលែងពន្ធនាំចូលលើផលិតផល៨ ទាក់ទងនឹងសឺមីកុងឌុចទ័រដែរ។ ទោះជាយ៉ាងណាក៏ដោយ បន្ទះឈីបបច្ចុប្បន្នមិនមាននៅក្នុងបញ្ជីនេះទេ។

កាលពីពាក់កណ្តាលខែនេះ អាម៉េរិកក៏បានលើកលែងពន្ធទៅមកក្នុងអត្រា ១៤៥ភាគរយលើស្មាតហ្វូន កុំព្យូទ័រយួរដៃ បន្ទះឈីប និងគ្រឿងអេឡិចត្រូនិកជាច្រើនពីចិន។ ទោះបីជាយ៉ាងណា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងមិនលើកលែងពន្ធលើទំនិញអេឡិចត្រូនិកទាំងស្រុងនោះទេ ហើយនឹងដាក់បញ្ចូលខ្សែច្រវាក់ផ្គត់ផ្គង់នៃផលិតផលទាំងនេះ ទៅការស៊ើបអង្កេតសន្តិសុខជាតិ ដែលអាចនាំឱ្យមានពន្ធថ្មី។

ភាពតានតឹងរវាងអាម៉េរិក និងចិនបានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ មកទល់នឹងពេលនេះ អាម៉េរិកបានដាក់ពន្ធនាំចូល ១៤៥ភាគរយលើផលិតផលទាំងអស់ពីប្រទេសចិន។ ចិនក៏បានសងសឹកវិញ ជាមួយនឹងអត្រាពន្ធនាំចូល ១២៥ភាគរយលើទំនិញរបស់អាម៉េរិក៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង