លោក ពូទីន និងបេសកជនអាម៉េរិកពិភាក្សាអំពីលទ្ធភាពចរចាដោយផ្ទាល់ ជុំវិញសង្គ្រាមអ៊ុយក្រែន
  • ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១:៥៩ នាទី រសៀល
លោក ពូទីន និងបេសកជនអាម៉េរិកពិភាក្សាអំពីលទ្ធភាពចរចាដោយផ្ទាល់ ជុំវិញសង្គ្រាមអ៊ុយក្រែន
លោក Witkoff (ឆ្វេង) និងលោកពូទីន ចាប់ដៃគ្នានៅវិមានក្រឹមឡាំង កាលពីថ្ងៃទី២៥ ខែមេសា។ រូបថត៖ AFP

រុស្ស៊ីបានអះអាងថា បេសកជនរបស់លោក ដូណាល់ ត្រាំ គឺលោក Steve Witkoff និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ​​ ពូទីន បានពិភាក្សាគ្នាអំពីលទ្ធភាពនៃការសន្ទនាដោយផ្ទាល់ជុំវិញការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

TTN-Free-Banner-In-Article-PC

លោក Steve Witkoff បេសកជនពិសេសរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានទៅដល់ទីក្រុងមូស្គូកាលពីថ្ងៃទី២៥ ខែមេសា ហើយបានជួបពិភាក្សារយៈពេល ៣ម៉ោងជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅវិមានក្រឹមឡាំង។ ទីប្រឹក្សាវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថា ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពនៃការបន្តការចរចាដោយផ្ទាល់រវាងតំណាងរុស្ស៊ី និងអ៊ុយក្រែន។

លោក​ Ushakov ​បន្ថែម​ថា កិច្ចពិភាក្សា​នេះ​ពិតជាមាន​ប្រយោជន៍ ហើយ​បាន​នាំ​ជំហរ​រុស្ស៊ី និង​អាម៉េរិក​លើ​បញ្ហា​អ៊ុយក្រែន «កាន់តែ​ជិតស្និទ្ធ​ជាមួយ​គ្នា»។

រុស្ស៊ី ​និង​អ៊ុយក្រែន​ មិន​បាន​ជួប​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់​លើ​បទ​ឈប់​បាញ់​គ្នា​ចាប់​តាំង​ពី​ដំណាក់កាល​ដំបូង​នៃ​ជម្លោះនោះទេ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីថ្នាក់ទាបពីភាគីទាំងពីរបានបន្តកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជាការផ្លាស់ប្តូរអ្នកទោស និងសាកសពទាហានដែលបានស្លាប់ ក៏ដូចជាការឈានដល់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅនៅឆ្នាំ ២០២២។ កិច្ចព្រមព្រៀងនេះ ក្រោយមកមិនត្រូវបានបន្តទេ។

នេះជាជំនួបលើកទី២ រវាងលោកពូទីន និងលោក Witkoff ក្នុងរយៈពេល២សប្តាហ៍ និងជាលើកទី៤ ចាប់តាំងពីដើមឆ្នាំនេះ។ ការសន្ទនាចុងក្រោយបំផុតបានធ្វើឡើងនៅទីក្រុង St. Petersburg កាលពីថ្ងៃទី ១១ ខែមេសា ហើយមានរយៈពេលជាង ៤ម៉ោង។ បេសកជនពិសេស លោក Witkoff បាននិយាយថា ប្រធានាធិបតីពូទីនបានត្រៀមខ្លួន ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងជាមួយអ៊ុយក្រែន ក្នុងអំឡុងពេលកិច្ចប្រជុំនេះ។

លោក Witkoff ដែលជាអ្នកវិនិយោគអចលនទ្រព្យ និងក៏ជាជំនួយការដ៏គួរឱ្យទុកចិត្តបំផុតរបស់លោក ត្រាំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាម៉េរិកក្នុងការសម្រុះសម្រួលក្នុងជម្លោះនៅអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ កិច្ចខិតខំប្រឹងប្រែងនេះ មានការរីកចម្រើនពិតតិចតួចប៉ុណ្ណោះ ហើយលោកប្រធានាធិបតី ត្រាំ បានគំរាមដកខ្លួន ប្រសិនបើស្ថានការណ៍នៅតែបន្ត។

ស្របពេលលោក Witkoff កំពុងបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានប្រាប់សារព័ត៌មាន CBS ថា ប្រទេសនេះ ត្រៀមខ្លួនជាស្រេចដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ប៉ុន្តែព័ត៌មានលម្អិតមួយចំនួនត្រូវតែដោះស្រាយជាមុនសិន។ លោក​បាន​បន្ត​ថា​៖ «​នៅ​មាន​ចំណុច​ជាក់លាក់​មួយ​ចំនួន​ដែល​ត្រូវ​កែ​សម្រួល ហើយ​យើង​កំពុង​ជាប់​រវល់​នឹង​រឿង​នោះ​»។

អាម៉េរិកមិនបានបង្ហាញពីផែនការសន្តិភាពរបស់ខ្លួនទេ ប៉ុន្តែបានស្នើឱ្យបង្កកស្ថានភាពនៅជួរមុខ និងទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើឧបទ្វីបគ្រីមៀ ដែលទីក្រុងមូស្គូបានបញ្ចូលក្នុងឆ្នាំ២០១៤ ជាថ្នូរនឹងបទឈប់បាញ់។

នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយនៅក្នុង ទស្សនាវដ្តី Time កាលពីថ្ងៃទី២៥ ខែមេសា លោក ត្រាំ បាននិយាយថា «តំបន់គ្រីមៀនឹងនៅជាមួយប្រទេសរុស្ស៊ី ហើយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី​ បានយល់អំពីរឿងនេះ»។

អ៊ុយក្រែន​បាន​ច្រានចោល​លទ្ធភាព​នៃ​ការ​ផ្តល់​សម្បទាន​ទឹកដី​ដល់​រុស្ស៊ី ហើយ​បាន​ប្រកាស​ថា​ខ្លួន​នឹង​មិន​ទទួល​យក​ការ​គ្រប់គ្រង​របស់​ក្រុង​មូស្គូ​លើ​ឧបទ្វីប​គ្រីមេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតី ហ្សេលេនស្គី បានទទួលស្គាល់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះថា អ៊ុយក្រែនប្រហែលជាត្រូវស្វែងរកតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ីឡើងវិញ តាមរយៈមធ្យោបាយការទូត បន្ទាប់ពីបទឈប់បាញ់ត្រូវបានឈានដល់ ជាជាងសកម្មភាពយោធា៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង