កម្ពុជា គ្រោងរៀបចំទស្សនីយភាពសម្ដែងដ៏ធំ ក្នុងព្រឹត្តិការណ៍បិទកីឡាយុវជនអាស៊ី នៅបារ៉ែន
  • ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ២:៣៥ នាទី រសៀល
កម្ពុជា គ្រោងរៀបចំទស្សនីយភាពសម្ដែងដ៏ធំ ក្នុងព្រឹត្តិការណ៍បិទកីឡាយុវជនអាស៊ី នៅបារ៉ែន
ទស្សនីយភាពសម្ដែង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅប្រទេសវៀតណាម

​ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំ​​ទស្សនីយ​ភាព​សម្ដែងដ៏អធិកអធមមួយ នៅពិធីទទួលទង់ធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ (4th Asian Youth Games) ពីប្រទេសបារ៉ែន នៅថ្ងៃទី៣១ ខែតុលា ខាងមុខ នេះ។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់កាលពី​ថ្ងៃទី២៥ ខែមេសា ​នៅឯមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាថា ការសម្តែង​​ទស្សនីយ​ភាព សិល្បៈ​នេះ គឺដើម្បីបង្ហាញពីវប្បធម៌​ និងទេសចរណ៍កម្ពុជា ដែលក្នុងពិធីទទួលទង់នោះ មាន៤៥ប្រទេសចូលរួម។ ​

TTN-Free-Banner-In-Article-PC

បារ៉ែន នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍យុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅខែតុលា ហើយ​កម្មវិធីបិទព្រឹត្តិការណ៍ នឹងត្រូវធ្វើនៅថ្ងៃទី៣១ ខែតុលា។ នោះក៏ជាពេល ដែលកម្ពុជា ទៅទទួលទង់ធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍លើកទី៤ ឆ្នាំ២០២៩ ផងដែរ។

ទស្សនីយភាពសម្ដែង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅប្រទេសវៀតណាម

ក្រសួងអប់រំ និងក្រសួងវប្បធម៌ ក្នុងកិច្ចប្រជុំវិញស្តីពី​ការទទួលទង់កីឡាយុវជនអាស៊ី ដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីប្រទេសបារ៉ែនកាលពីថ្ងៃទី២៥ ខែមេសា។ ក្នុងកិច្ចប្រជុំនោះ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា​ ក្នុងពិធីទទួលទង់កីឡានេះ កម្ពុជា នឹងរៀបចំឲ្យមាន​ការសម្ដែងទស្សនីយភាព​ ដ៏អធិកអធម ដែលទស្សនីយភាពបង្ហាញ​ពីវប្បធម៌ និងទេសចរណ៍កម្ពុជា។ 

រដ្ឋលេខាធិការរូបនេះ បានបញ្ជាក់ថា៖«ទស្សនីយភាពនេះ គឺយើងផ្ដោតខ្លឹមសារទី១ ទៅ​លើការបង្ហាញនូវវប្បធម៌ជាតិរបស់យើង ក្នុងការសម្ដែងនូវទស្សនីយភាពដ៏ធំនោះ។ ទី២ គឺបង្ហាញពីទេសចរណ៍ លក្ខណៈពិសេសនៃទេសចរណ៍ឯករបស់ប្រទេសយើង។ ទី៣ គឺពាក់ព័ន្ធជាមួយនឹងកីឡាដែរ គឺកីឡាយុវជន ដែលមានយុវវ័យក្រោម ១៨ឆ្នាំ មិនមែនអាយុពេញវ័យទេ។ នេះ គឺជាខ្លឹមសាររួម។»។

ទស្សនីយភាពសម្ដែង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅប្រទេសវៀតណាម

កម្ពុជា ធ្លាប់មានបទពិសោធន៍សម្ដែងទស្សនីយភាពធំបែបនេះម្ដងរួមកហើយ ដោយមាន ១១ប្រទេសចូលរួមទស្សនា គឺក្នុងពេលដែលទទួលទង់ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ក្នុងពិធីបិទស៊ីហ្គេម នៅវៀតណាម កាលពីឆ្នាំ២០២២។

​ក្នុងដំណើរទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ លោក វ៉ាត់ ចំរើន បានស្នើឲ្យពលរដ្ឋកម្ពុជា ​បន្ដគាំទ្រ និងផ្សព្វផ្សាយ ពីព្រឹត្តិការណ៍កីឡានេះ ឱ្យដូច​កាល​ពីការ ​ចូលរួមក្នុងដំណើរការធ្វើជាម្ចាស់ផ្ទះ​ ស៊ីហ្គេម លើកទី៣២ កាលពីឆ្នាំ២០២៣៕

ទស្សនីយភាពសម្ដែង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅប្រទេសវៀតណាម

ទស្សនីយភាពសម្ដែង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅប្រទេសវៀតណាម


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា